សង្គមអន្តរជាតិ​
អន្តរជាតិ
Angelina Jolie ជូន​កូនប្រុស Maddox​ ​ចូលរៀន​សាកលវិទ្យាល័យ​មួយ​នៅ​កូរ៉េ​
24, Aug 2019 , 7:39 pm        
រូបភាព
ដោយ:
​វត្តមាន​របស់​អ្នក​ម្តាយ ជា​រឿង​ដ៏​សំខាន់​សម្រាប់​ជំរុញ​កូន​ឲ្យ​ប្រឹងរៀន​។ តារាភាពយន្ត​ជនជាតិ​អាមេរិក លោកស្រី Angelina Jolie បាន​ជូន​កូនប្រុស Maddox ដែលមាន​ដើមកំណើត​ខ្មែរ ទៅ​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង​។ 

 
​ក្នុង​វីដេអូ​មួយ ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ពុធ​ទី ២១ សីហា បង្ហាញថា កំពូល​តារា​សម្តែង​ដែល​ឈ្នះ​ពានរង្វាន់ Oscar លោកស្រី Jolie បានបង្ហាញ​ខ្លួន​នៅ​សាកលវិទ្យាល័យ Yonsei ក្នុង​ទីក្រុង សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ជាមួយនឹង​កូនប្រុស Maddox ។ 

វត្ត​មាន​របស់​លោកស្រី Jolia គឺ​ដើ​ម្បី​ជូន​យុវជន Maddox ដែល​បច្ចុប្បន្ន​មាន​អាយុ ១៨​ឆ្នាំ ទៅ​បន្ត​ការ​សិក្សាមុខ​ជំនាញជីវ​គីមី​សាស្ត្រ (Biochemistry)  នៅ​សាលា​នេះ ។ ទង្វើ​នេះ ជា​ការ​ផ្តល់​កម្លាំ​ងចិត្ត​ដល់​កូន​ប្រុស ព្រោះ​ថា​វា​ជា​ថ្ងៃទី​មួយ​របស់ Maddox នៅសាកល​វិទ្យាល័យ Yonsei ។ តាម​រយៈ​វីដេអូ តារា​សម្តែង​វ័យ ៤៤ឆ្នាំរូបនេះ បាន​និយាយ​ថា៖ «ខ្ញុំចាក​ចេញថ្ងៃ​នេះ ព្រោះ​ថា​វា​ជាថ្ងៃ​ដែល​ខ្ញុំ​ទុក Mad​dox ឲ្យ​នៅ​សិក្សា​ក្នុង​សាកល​វិទ្យាល័យ​នេះ»។ 
 
យ៉ាងណា​មិញ ការទុក​កូន​ប្រុស Maddox បន្ត​ការ​សិក្សា​តែ​ឯង​ក្នុង​ទីក្រុង​សេអ៊ូល ខណៈ​លោកស្រី ត្រលប់ទៅកាន់អាមេរិក ពុំ​មែន​ជា​រឿងងាយស្រួលឡើយ​សម្រាប់អ្នកម្តា​យរូ​ប​នេះ។ ទោះ​ជា​បែប​នេះ ក្នុ​ងកិច្ចសម្ភាស​មួយជាមួយ​ទស្សនាវដ្តីអាមេរិក​ In Touch Weekly នា​ពេល​កន្លងទៅ តារា​សម្តែង​ដែលមាន​សញ្ជាតិកម្ពុជាដែរនោះ បានលើកឡើង​ថា លោកស្រី មាន​មោទក​ភាពចំពោះ​ Maddox ។
 
«ខ្ញុំព្យាយាមទប់​ទឹកភ្នែក​មិន​ឲ្យហូរចុះមក​»។ លោកស្រី Jolie និយាយ​បែប​នេះ ដោយ​ងាកទៅសំឡឹ​ងមុខកូន​ប្រុស Maddox ដែលលោកស្រី​បាន​ទទួលចិញ្ចឹម កាលពីឆ្នាំ ២០០២។ កាលនោះ ក្មេងប្រុសរូបនេះ ទើបមានអាយុជិត ៧ ខែប៉ុណ្ណោះ។ ក្រៅពី Maddox លោក​ស្រី មាន​កូនៗ ប្រាំនាក់ផ្សេងទៀត៕
 
 

Tag:
 Angelina Jolie
  Maddox
© រក្សាសិទ្ធិដោយ thmeythmey.com