ពីនេះ ពីនោះ
ត្រីក្រុសម៉េម៉ាយ។ រូបភាព៖ Mohd Shalahuddin Adnan / ffish.asia
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប មានរស់នៅក្នុងទ្វីបអាស៊ី នៅក្នុងទន្លេមេគង្គ និងទន្លេចៅប្រាយ៉ា ឧបទ្វីបម៉ាឡេ កោះស៊ូម៉ាត្រា កោះជ្វា បូណេអូ ទន្លេសាល់វីន ក្នុងប្រភេទមីយ៉ាន់ម៉ា ទន្លេមេខ្លងក្នុងប្រទេសថៃ និងនៅក្នុងប្រភេទចិន។
ត្រីក្រុសមេម៉ាយ មានឈ្មោះវិទ្យាសាស្ត្រ (Osteochilus vittatus) និងឈ្មោះជាភាសាអង់គ្លេស Bonylip barb មានស្តង់ដាប្រវែងដងខ្លួនអតិបរមាសរុប ៣២.០ស.ម និងស្តង់ដាប្រវែងដងខ្លួនទូទៅ ២០.០ស.ម។ ត្រីក្រុសមេម៉ាយពេញវ័យ រស់នៅក្នុងទីជម្រកគ្របប្រភេទ ប៉ុន្តែ ជាទូទៅនៅក្នុងបឹងទន្លេសាប ទន្លេ ស្ទឹង ព្រែក ដែលមានទឹកហូរយឺតៗ និងនៅស្រទាប់បាតក្រោមមានភក់ ខ្សាច់។ វាធ្វើចរាចរផ្លាស់ទីចេញពីទន្លេចូលទៅក្នុងតំបន់វាលទំនាបលិចទឹក អំឡុងពេលទឹកជំនន់ និងត្រឡប់ចូលទៅទីជម្រកក្នុងទន្លេវិញ នៅចុងរដូវទឹកជំនន់។ ត្រីក្រុសមេម៉ាយជំទង់ ជាទូទៅឃើញមានជាលើកដំបូងនៅក្នុងខែសីហា ពួកវាវិលត្រឡប់ចូលទៅទីជម្រកដើមវិញ ខណៈតាមតំបន់វាលទំនាបលិចទឹករីងហួត។
លក្ខណៈសម្គាល់៖ មានព្រុយទ្រនង់ខ្នងទន់មានចំនួន ១៧-១៩ទ្រនង់។ ព្រុយទន់នៅគូទ មានចំនួន៨ ទ្រនង់។ ខុសប្លែកពីត្រីផ្សេងទៀត ដែលស្ថិតនៅក្នុងពួកតែមួយ ព្រុយខ្នងរបស់ត្រីក្រុសមេម៉ាយ មានចំនួន ១២-១៨ ទ្រនុង មានស្នាមអុតខ្មៅចំនួន ៦-៩ ជួរ នៅតាមបណ្តោយជួរស្រកា និងមានស្នាមអុតខ្មៅធំមួយទៅក្បែរគល់កន្ទុយ។ វាគ្មានខ្សែឆ្នូតនៅជំហៀងដងខ្លួនឡើយ។ ជួនកាលមានចំណុចខ្មៅមួយនៅខាងលើព្រុយទ្រូង។ ត្រីក្រុសមេម៉ាយ ស៊ីស្លែ កម្ទេចកម្ទី ប្លង់តុងរុក្ខជាតិ ប្លង់តុងសត្វ និងជន្លេនជាអាហារ។
សូមចូលរួមជួយថែរក្សាព្រៃលិចទឹក ដែលជាជម្រកពងកូនរបស់មច្ឆជាតិ ឲ្យបានគង់វង្ស និងជួយលប់បំបាត់រាល់ការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមគាត់គ្រប់ប្រភេទ ប្រយោជន៍ដើម្បីឲ្យត្រីគ្រប់ប្រភេទសម្បូរឡើងវិញ សម្រាប់ទុកឲ្យកូនចៅយើងជំនាន់ក្រោយ។
© រក្សាសិទ្ធិដោយ thmeythmey.com