ពីនេះ ពីនោះ
សង្គមជាតិ
ចំណាយពេល​២​ម៉ោង មួយ​សប្តាហ៍​ជាមួយ​ធម្មជាតិ​អាច​ផ្តល់​ផល​ល្អ​ដល់​សុខភាព
24, Aug 2019 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​គំនិត​មួយ​ដែល​លើកឡើងថា​ការ​ចំណាយពេល​ដើម្បី​លំហែកាយ​ជាមួយ​ធម្មជាតិ គឺ​ល្អ​សម្រាប់​សុខភាព និង​សុខុមាលភាព មិនមែនជា​រឿង​ថ្មី​នោះទេ​។ ឪពុកម្តាយ​តែងតែ​ប្រាប់​ទៅ​កូនៗ​របស់គេ​ឲ្យ​ចេញទៅ​លេង​នៅ​ខាងក្រៅ ព្រោះ​វា​ជា​ល្អ​។ 

​ការស្រាវជ្រាវ​មួយ​បាន​បង្ហាញថា ការចំណាយ​ពេល​ជាមួយ​ធម្មជាតិ​ត្រឹមតែ​ពីរ ម៉ោង​ក្នុង​មួយ​សប្តាហ៍ គឺ​ជួយ​សុខភាព​និង​សុខុមាលភាព​ផ្លូវចិត្ត​ឲ្យ​ប្រសើរ​ជាង​មុន​។ នេះ​បើតាម​សម្តី​របស់លោក Mathew White សាស្ត្រាចារ្យ​ផ្នែក​បរិស្ថានវិទ្យា​នៃ​សាកលវិទ្យាល័យ Exeter ។​
 
​ស្រដៀង​គ្នា​នេះដែរ មានការ​ណែនាំ​ផ្សេងទៀត​ដែល​បង្ហាញថា ការធ្វើសកម្មភាព​រាង​កាយ​១៥០​នាទី ក្នុង​មួយ​សប្តាហ៍ ឬ​បរិភោគ​ផ្លែឈើ និង​បន្លែ​៥​ចំណែក ក្នុង​មួយថ្ងៃ​ក៏មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ផងដែរ​។ នេះ​បើតាម​គេហទំព័រ Science Daily​។​
 
​ការស្រាវជ្រាវ​នេះ​គឺ​ផ្អែកលើ​ការស្ទង់មតិ​របស់​មនុស្ស​ពេញវ័យ ២០០០០ នាក់​នៅ​អង់គ្លេស​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដែល​គេ​ធ្វើជា​រៀងរាល់ថ្ងៃ និង​ពិពណ៌នា​រាល់​ពេលដែល​ពួកគេ​បាន​ចំណាយពេល​នៅ​ខាងក្រៅ​ផ្ទះ នៅក្នុង​កន្លែង​ធម្មជាតិ​ដូចជា​ឧទ្យាន​ក្នុង​ទីក្រុង ព្រៃឈើ ឬ​ឆ្នេរ​ខ្សាច់​ជា​រៀងរាល់ថ្ងៃ​។​
 
​តាមរយៈ​ការផ្តល់​មតិ គេ​រកឃើញថា​មនុស្ស​ដែល​ចំណាយពេល​យ៉ាងតិច​ពីរ​ម៉ោង ក្នុង​មួយ​សប្តាហ៍​ជាមួយ​ធម្មជាតិ​មាន​សុខ​ភាពល្អ​ឬ​កម្រិត​សុខុមាលភាព​ខ្ពស់ជាង​មនុស្ស​ដែល​មិនបាន​ចំណាយពេល​ជាមួយ​ធម្មជាតិ​។ 
 
​លើសពីនេះ​ទៀត ការចំណាយ​ពេល​ជាមួយ​ធម្មជាតិ​ច្រើនជាង​៥​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ក៏​មិនមាន​អត្ថប្រយោជន៍​បន្ថែម​ដែរ​។ ការសិក្សា​មួយ​នេះ មិន​ត្រឹមតែ​អាចជួយ​អ្នក​ដែលមាន​សុខភាព​ល្អ​ស្រាប់​នោះទេ ទោះបីជា​អ្នក​ដែលមាន​ជំងឺ​រ៉ាំ​រៃ ក៏​ទទួលបាន​លទ្ធផល​ល្អ​ក្រោយពេល​ពួកគេ​ចំណាយពេល ២​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ជាមួយ​ធម្មជាតិ​ដែរ​៕
 
 
​ដោយ ឈួន ឈី​វ​អ៊ីង​
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com