ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិក​អះអាង​អំពី​កិច្ចព្រមព្រៀងសម្ងាត់​រវាង​កម្ពុជា​និង​ចិន​ដើម្បី​បើក​ឱ្យមាន​ការសង់​មូលដ្ឋានទ័ព​ចិន​នៅ​ឆ្នេរសមុទ្រ​រាម​
24, Aug 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​រដ្ឋ​ហា​វ៉ៃ សហរដ្ឋអាមេរិក — ​ថ្មីៗ​នេះ​កម្ពុជា​បាន​ច្រានចោល​សេចក្តីរាយការណ៍​ជា​បន្តបន្ទាប់​អំពី​កិច្ចព្រមព្រៀងសម្ងាត់​រវាង​កម្ពុជា​និង​ចិន​ក្នុង​ការបើក​ឱ្យមាន​មូលដ្ឋាន​កងទ័ព​ចិន​នៅ​កម្ពុជា​។ យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​ក្នុង​មូលដ្ឋាន​កងទ័ព​អាមេរិក​ប្រចាំ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នៅតែ​អះអាងថា ខ្លូន​មាន​ព័ត៌មាន​ច្បាប់​ការ​ថា ចិន​សាងសង់ មូលដ្ឋាន​កងទ័ព​ខ្លួន​ក្នុងប្រទេស​កម្ពុជា ហើយ​វា​នឹង​លេច​ជា​រូបរាង​នៅក្នុង​រយៈពេល​១២​ខែ​ខាងមុខ​។​

 
​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កងទ័ព​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​បានបញ្ជាក់​ឱ្យដឹង​ច្បាស់​ថា កម្ពុជា​ពិតជា​មាន​កិច្ចព្រមព្រៀងសម្ងាត់​ជាមួយ​ចិន​ដើម្បី​បើក​ឱ្យមាន​ការសាងសង់​មូលដ្ឋាន​កងទ័ព​នៃ​ប្រជាន​ជន​ចិន​ក្នុង​មូលដ្ឋាន​កងទ័ព​កម្ពុជា​ក្នុង​ឆកសមុទ្រ​រាម​។ ទោះជា​យ៉ាងណា កម្ពុជា​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​ក៏ដោយ​។​
 
​ឧ​ត្ត​ម​សេនីយ៍​ត្រី Joel B. Vowell នាយករង​ផ្នែក​ផែនការ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ប្រចាំ​បញ្ជាការដ្ឋាន​ទ័ព​អាមេរិក​ក្នុង​រដ្ឋ​ហា​វ៉ៃ សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ច្បាស់​ថា ការសាងសង់​និង​ចាប់ផ្តើម​ចេញ​ជា​រូបរាង​នៅ​ឆ្នាំ​ខាងមុខ ហើយ​លោក​ក៏​អះអាង​ផងដែរ​ថា ការណ៍​នេះ​នឹង​បើកដៃ​ឱ្យ​ចិន​ចូល​ប្រើប្រាស់​ដែនសមុទ្រ​ទឹក​ជ្រៅ​របស់​កម្ពុជា​។​
 
​ឧ​ត្ត​ម​សេនីយ៍​ត្រី Vowell ថ្លែង​យ៉ាង​ដូច្នោះ​អំឡុងពេល​ជួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ពី​ប្រទេស​អាស៊ីអាគ្នេយ៍​រួមទាំង​អ្នកសារព័ត៌មាន VOA ផងដែរ ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ឈ្មោះថា​«​ចក្ខុវិស័យ​សហរដ្ឋអាមេរិក​សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​» ឬ​ជា​ភាសា​អង់គ្លេស​ថា «The US Vision for Indo-Pacific Region»​។​
 
​ដំណើរ​ទស្សនកិច្ច​ព័ត៌មាន​នេះ​បាន​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​សារព័ត៌មាន​អន្តរជាតិ​និង​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​។​
 
​ឧ​ត្ត​ម​សេនីយ៍​ត្រី Joel B. Vowell បញ្ជាក់​ក្នុងន័យ​ដើម​ថា​៖
 
«​យើង​មាន​ព័ត៌មាន​ដែល​អាច​បង្ហាញ​ឱ្យ​យើង​ដឹងថា នឹងមាន​ការអភិវឌ្ឍ​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​សម្រួល​ក្នុងការ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​។ ព័ត៌មាន​នេះ​ក៏បាន​ឱ្យ​ខ្ញុំ​ដឹងផង​ដែរ​ថា ពួកគេ​ចង់​សាងសង់​សំណង់​ផ្សេងៗ​នៅ​ទីនោះ ដូចជា​សំណង់​នា​កំពង់ផែ ទីកន្លែង​ស្នាក់ និង​តំបន់​ការពារ​អចិន្ត្រៃយ៍​សម្រាប់​ទ័ពជើងទឹក​ដើម្បី​ពង្រឹង​អំណាច​យុទ្ធសាស្ត្រ​ចិន​ចេញពី​តំបន់​រាម​»​។​
 
​មន្ត្រី​យោធា​អាមេរិក​រូបនេះ​ក៏បាន​ហៅ​យុទ្ធសាស្ត្រ​ពង្រីក​កងទ័ព​ចិន​ក្នុងប្រទេស​កម្ពុជា​ថា ជា​«​ការ​ព្រួយ​បារ​ម្មណ៍​ដ៏​ចម្បង​»​សម្រាប់​អាមេរិក​និង​សម្ព័ន្ធមិត្ត​។ មូលដ្ឋាន​ទ័ពជើងទឹក​រាម​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​១៨០​គីឡូម៉ែត្រ​ពី​តំបន់​អភិវឌ្ឍន៍​តារា​សាគរ​របស់​ក្រុមហ៊ុន​ចិន Union Development Group ដែលមាន​តម្លៃ​ជាង​៣​ពាន់​លាន​ដុល្លារ ក្នុង​ខេត្តកោះកុង​។ តំបន់​កម្សាន្ត​ដ៏​ធំ​ដែល​កំពុង​សាងសង់​កន្លែង​ចុះចត​យន្តហោះ​ធន់​ធ្ងន់​នេះ​ក៏​ស្ថិតក្នុង​ការសង្ស័យថា អាច​ប្រើប្រាស់​សម្រាប់​យោធា​ចិន​ផងដែរ​។​
 
​ក្រុមមន្ត្រី​ព័ត៌មាន​នៃ​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​គឺ​មន្ទីរ​បញ្ច​កោណ​បដិសេធ​មិន​ធ្វើការ​អធិប្បាយ​បន្ថែម​លើ​អ្វីដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី Joel B. Vowell បានបញ្ជាក់​ទេ​។​
 
​កាសែត​អាមេរិក The Wall Street Journal បាន​រាយការណ៍​មុនគេ​បង្អស់​កាលពី​ខែកក្កដា​កន្លងទៅ​អំពី​កិច្ចព្រមព្រៀងសម្ងាត់​រវាង​កម្ពុជា​និង​ចិន ដោយ​ស្រង់​សម្តី​មន្ត្រី​យោធា​ដោយ​មិន​បញ្ចេញ​ឈ្មោះ​។ កាសែត​កា​មេ​រិ​ក​ដដែល​បានឱ្យដឹងថា​កិច្ចព្រមព្រៀង​នេះ​នឹង​បើកដៃ​ឱ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​យោធា​របស់​កម្ពុជា​រហូត​ដល់​៣០​ឆ្នាំ ហើយ​ផ្ដល់​សិទ្ធិ​ឱ្យ​ចិន​ក្នុង​ការសាងសង់​សំណង់​អគារ​នានា​ក្នុង​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម​ដែលមាន​ផៃ្ទ​ដី​ប្រមាណ​ជាង​១០០​ហិតា​។​
 
​ភ្លាមៗ​នោះ ប្រទេស​ចិន​និង​កម្ពុជា​បាន​ច្រានចោល​សេចក្តីរាយការណ៍​របស់​កាសែត The Wall Street Journal ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​ហៅ​សេចក្តីរាយការណ៍​នោះ​ថា ជា​«​ព័ត៌មាន​ក្លែងក្លាយ​» និង​ជា​«​ព័ត៌មាន​ដែលមាន​បំណង​អាក្រក់​» ប្រឆាំងនឹង​រដ្ឋាភិបាល​កម្ពុជា​។​
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Geng Shuang បាន​ឆ្លើយ​ពង្វាង​សំណួរ​អ្នកសារព័ត៌មាន​ថា​៖
 
«​ភាគី​កម្ពុជា​បាន​បដិសេធ​រឿងនេះ​។ ក្នុងនាម​ជា​ប្រទេសជិតខាង​ល្អជា​ប្រពៃណី ប្រទេស​ចិន​និង​កម្ពុ​ជាមាន​កិច្ច​សហប្រតិបត្តិ​គ្រប់​វិស័យ​។ កិច្ចសហប្រតិបត្តិការ​របស់​យើង​គឺ​បើកចំហ មាន​តម្លាភាព ស្មើភាព និង​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​។ យើង​សង្ឃឹមថា រឿងនេះ​មិនត្រូវ​បាន​គេ​បកស្រាយ​ហួសហេតុ​ពេក​ទេ​»​។​
 
​នៅ​ចុងខែ​កក្កដា  ក្រសួងការពារជាតិ​និង​ទីស្តីការគណរដ្ឋមន្ត្រី​កម្ពុជា​បានរៀបចំ​ដំណើរ​ទស្សនកិច្ច​ព័ត៌មាន​មួយ​ទៅកាន់​មូលដ្ឋានទ័ព​ក្នុង​ឆកសមុទ្រ​រាម ដែល​អ្នកសារព័ត៌មាន​ក្នុងស្រុក​ភាគច្រើន​ចូលរួម​។​
 
​ឆ្លើយតប​នឹង​សំណួរ​ទាក់ទិន​នឹង​ដំណើរ​ទស្សនកិច្ច​ក្នុង​មូលដ្ឋានទ័ព​រាម ឧ​ត្ត​ម​សេនីយ៍​ត្រី Vowell បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ដំណើរ​ទស្សនកិច្ច​ព័ត៌មាន​ពី​តំបន់​អាស៊ីអាគ្នេយ៍​ថា​៖
 

«​សូមឱ្យ​គាត់ (​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​)​នាំ​អ្នក​ទៅ​ទស្សនកិច្ច​ម្តងទៀត​នៅក្នុង​ខែឧសភា​ឆ្នាំ​ខាងមុខ​។ នោះ​អ្នកនឹង​ឃើញ​អ្វី​ត្រូវបាន​សាងសង់​នៅ​ទីនោះ​។ ខ្ញុំ​ជឿជាក់​ទាំងស្រុង​ថា វា​នឹង​មិនមាន​ទង់ជាតិ​ខ្មែរ ឬ​អាមេរិក​នៅលើ​អាគារ​នោះទេ តែ​វា​នឹងមាន​ទង់ជាតិ​របស់​ប្រទេស​ចិន​ទៅវិញ​»​។​
 
​មន្ត្រី​យោធា​ដដែល​ក៏បាន​បង្ហាញ​ពី​ក្តីកង្វល់​ទាក់ទិន​នឹង​ការសាងសង់​ព្រលានយន្តហោះ​ដ៏​ធំ​នៅ​ខេត្តកោះកុង មិន​ឆ្ងាយ​ពី​មូលដ្ឋានទ័ព​រាម​ទេ​គឺ​ធ្វើដំណើរ​តាម​រថយន្ត​ប្រមាណ​ត្រឹម​៣​ម៉ោង​ប៉ុណ្ណោះ​។​
 
«​អី​ច៊ឹ​ង​នៅ​ទីនោះ​មាន​តារា​សាគរ រាម​និង​ព្រលានយន្តហោះ​។ យើង​មានការ​បារម្ភ​ផងដែរ​អំពី​តំបន់​នេះ​[​តារា​សាគរ​] ដែល​ស្ថិតនៅ​ទិស​ពាយព្យ​។ វា​អាចជា​អគារ​យោធា​ផងដែរ​។ ខ្ញុំ​មិនមាន​ព័ត៌មាន​ជាក់លាក់​អំពី​រឿងនេះ​នៅឡើយ​ទេ​។ យើង​គ្រាន់​តែមាន​ពន្លឺ​ខ្លះៗ​ដែល​ធ្វើឱ្យ​យើង​គិតថា វា​នឹង​អាចមាន​ការវិវត្ត​ទៅ​ដូច្នោះ​។ បច្ចុប្បន្ន​យើង​សង្ឃឹមថា វា​នឹងមិន​កើតឡើង​ដូច​ការគិត​នេះ​ទៅ​ចុះ​ហើយ​វា​នឹង​ជា​រឿង​ល្អ​»​។​
 
​កាលពី​ថ្ងៃទី​២៤​ខែមិថុនា កន្លងទៅនេះ លោក Joseph H. Felter ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ បាន​ផ្ញើលិខិត​ជូន​លោក​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា ទៀ បាញ់ ដោយ​ដាក់​ការសង្ស័យថា ប្រទេស​កម្ពុជា​ច្រានចោល​ជំនួយ​របស់​សហរដ្ឋអាមេរិក​សម្រាប់​ទីកន្លែង​បណ្តុះបណ្តាល និង​ការថែទាំ​កប៉ាល់​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ​ទំនងជា​មានការ​ទាក់ទង​នឹង​កងទ័ព​ចិន​។​
 
​ក្នុង​លិខិត​នោះ លោក Joseph H. Felter បាន​រំឭក​ឡើងវិញ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​កាលពី​ខែមករា​។ នៅ​ទីនោះ លោក​បានទទួល​សំណើ​ពី​មេបញ្ជាការរង​មួយរូប ដែល​ស្នើសុំ​ជំនួយ​សម្រាប់​ជួសជុល​និង​ថែទាំ​ទីកន្លែង​បណ្តុះបណ្តាល​ខាងលើ​។​
 
​ឧ​ត្ត​ម​សេនីយ៍​ត្រី Vowell បន្តថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការពារជាតិ​លោក ទៀ បាញ់ មិនទាន់​ធ្វើការ​ឆ្លើយតប​ជា​ផ្លូវការ​ទៅនឹង​លិខិត​របស់​មន្ត្រី​នៃ​ក្រសួងការពារជាតិ​អាមេរិក​នៅឡើយ ទាក់ទិន​រឿង​មូលដ្ឋានទ័ព​ចិន​នៅ​កម្ពុជា​នេះ​។ ហើយ​ការឆ្លើយតប​នឹង​លិខិត​នេះ​គឺជា​រឿង​ចាំបាច់​ណាស់​ដើម្បី​បន្ត​ទំនាក់ទំនង​ដ៏​រឹងមាំ​នៃ​ប្រទេស​ទាំងពីរ​។​
 
«​ខ្ញុំ​គិតថា នេះ​គឺ​ដូចជា​លក្ខខណ្ឌ​បឋម ដែល​តម្រូវឱ្យ​មានការ​ឆ្លើយតប ព្រោះ​រដ្ឋាភិបាល​យើង​បានចេញ​លិខិត​មួយ​សរសេរថា​៖ «​ពួកយើង​បារម្ភ ហើយ​យើង​ចង់ឱ្យ​អ្នក​ឆ្លើយតប​អំពី​អ្វីដែល​អ្នក​គិតថា ជា​ដំណោះស្រាយ​ទៅមុខ​ទៀ​ត‍ មុនពេល​យើង​នៅ​មូលដ្ឋាន​កងទ័ព​ប្រចាំ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​អាចធ្វើ​នៅទីនេះ​។ ខ្ញុំ​គិតថា ពួកយើង​គួរ​ទទួលបាន​ចម្លើយ ដែល​អាចធ្វើឱ្យ​ថ្នាក់លើ​របស់​យើង​ស្ងប់ចិត្ត គឺ​ការ​រិ​យា​ល័យ​នៃ​ក្រសួងការពារជាតិ​។ ការឆ្លើយតប​ទៅនឹង​លិខិត​នេះ​គឺ​ពិតជា​សំខាន់​ណាស់​»​។​
 
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា លោក ឈុំ សុជាតិ បានបញ្ជាក់​ប្រាប់ VOA ក្នុង​កិច្ចសម្ភាសន៍​ផ្ទា​ច់​មុខ​ក្នុង​សប្តាហ៍​នេះ​ថា ក្រសួងការពារជាតិ​កោះហៅ​មន្ត្រី​នៃ​អនុ​ពន្ធ​យោធា​អាមេរិក​ប្រចាំ​កម្ពុជា​មក​បញ្ជាក់​ច្បាស់​ផងដែរ​កាលពី​ថ្ងៃ​១​ខែកក្កដា គឺ​ភ្លាមៗ​ក្រោយពី​ទទួលបាន​លិខិត​របស់លោក Joseph H. Felter ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​។​
 
​លោក​បានបញ្ជាក់​បន្ថែម​ថា ប្រទេស​កម្ពុជា​មិនបាន​អនុញ្ញាត​ក៏​គ្រោង​បើក​ឱ្យមាន​វត្តមាន​កងទ័ព​បរទេស​ណាមួយ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ខ្លួន​នោះទេ ទោះ​ក្នុង​កាលៈទេសៈ​បែបណាក៏ដោយ​។​
 
«​ទី​១ ខ្ញុំ​សូម​ជំរាប​គាត់​ថា រដ្ឋធម្មនុញ្ញ​បាន​ហាម​ហើយ​។ ទី​២​បើ​និយាយ​ពី​ការប្រើប្រាស់​ទីតាំង​យោធា​នៅ​ស្រុក​ខ្មែរ ខ្ញុំ​ឃើញថា បើ​ប្រើប្រាស់​នៅ​កោះ​ហៃ​ណាន​គឺ​នៅ​ជិត​ជាង​យើង​ផង ហើយ​ជា​សមុទ្រ​ទឹក​ជ្រៅ​ទៀត​។ នៅ​កន្លែង​នេះ​(​មូលដ្ឋានទ័ព​សមុទ្រ​រាម​) វា​តូច​ណាស់ ហើយ​មិនចាំបាច់​ផង​។ អី​ច៊ឹ​ង​ចម្លើយ​របស់ខ្ញុំ​គឺ​មិនមាន​ដាច់ខាត អាមេរិកកាំង​ក្តី ចិន​ក្តី ឬ​វៀតណាម​ក្តី​គឺ​មិនឱ្យ​ដាច់ខាត​»​។​
 
​ស្រដៀង​គ្នា​នោះដែរ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ី​ផាន បាន​ប្រាប់ វី​អូ​អេ​ខ្មែរ​តាម​ទូរស័ព្ទ​កាលពីដើម​សប្តាហ៍​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​រាល់​ទំនាក់ទំនង​ល្អជា​មួយ​គ្រប់​ប្រទេស​ក្នុង​សកលលោក តែ​មិន​អនុញ្ញាត​ឱ្យមាន​វត្តមាន​កងទ័ព​បរទេស​ក្នុងប្រទេស​នោះឡើយ ដោយសារតែ​វា​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា​។​
 
​លោក ផៃ ស៊ី​ផាន​បាន​វា​បក​ចំពោះ​ការលើកឡើង​របស់​ឧ​ត្ត​ម​សេនីយ៍​ត្រី Vowell ថា​៖
 
«​ហ្អា​ហ្នឹង​ខ្ញុំ​ឆ្លើយតប​ទៅវិញ​ថា យើង​បានធ្វើ​ការឆ្លើយតប​គ្រប់គ្រាន់​ហើយ​ដែល​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក Mike Pompeo ក៏បាន​និយាយ​រួម​ស្រេច​មកហើយ ដូច្នេះ​និយាយ​នេះ គឺ​ស្រាប់​គាត់ (Vowell) គឺ​វា​ដូចជា nightmare (​សុ​បិ​ន្ត​អាក្រក់​)​។ ហេតុដូច្នេះ​សូមឱ្យ​គាត់​និយាយ​ជាមួយ​ចិន​ទៅ ឯ​ខ្មែរ​គឺ​មិន​មានអី​និយាយ​ទៀត​នោះទេ​»​។​
 
​នៅក្នុង​សុន្ទរកថា​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ការ​ពីថ្ងៃ​ទី​១​ខែសីហា​កន្លងទៅ លោក Mike Pompeo បាន​ស្វាគមន៍​ដែល​កម្ពុជា​បាន​បដិសេធ​សេចក្តីរាយការណ៍​ដែលថា កម្ពុជា​បានអនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​យោធា​ចិន​ក្នុង​ទឹកដី​របស់ខ្លួន​។​
 
​លោក​ថ្លែង​ក្នុងន័យ​ដើម​ថា​៖
 
«​សហរដ្ឋអាមេរិក​ស្វាគមន៍​ការការពារ​អធិបតេយ្យភាព​(​បូរណភាព​ដែនដី​)​ដ៏​ខ្លាំងក្លា​របស់​កម្ពុជា ហើយ​លើកទឹកចិត្ត​ដល់​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​ឲ្យ​ធ្វើតាម​លំនាំ​កម្ពុជា​»​។​
 
​លោក Donald Emmerson នាយក​កម្មវិធី​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ី​ប៉ាស៊ីហ្វិក Shorenstein របស់​សកល​វិទ្យាល័យ Stanford បាន​ប្រាប់​វី​អូ​អេ​ខ្មែរ​ថា ការបដិសេធ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​អាចជា​ការបើក​បង្ហាញ​ឱ្យដឹងថា​កម្ពុ​ជាមាន​មូលដ្ឋានទ័ព​រាម ដែល​អាច​ធ្វើជា​ទីតាំង​សម្រាប់​កងទ័ពជើងទឹក​ចិន​និង​ទទួល​កងទ័ព​របស់​ចិន​បាន ដោយសារតែ​ព័ត៌មាន​នេះ​កំពុង​ទទួល​ការចាប់អារម្មណ៍​ណាស់​។ លោក​ថា ប្រសិនបើ​ការណ៍​នេះ​ពិត​នោះ កម្ពុជា​អាច​ប្រឈម​នឹង​បញ្ហា​ធំ ជាពិសេស​ជាមួយ​មហាអំណាច​អាមេរិក​។​
 
​លោក​សាស្ត្រាចារ្យ Emmersion ប្រាប់​វី​អូ​អេ​ក្នុងន័យ​ដើម​ថា​៖
 
«​រឿងនេះ​ពិតជា​គ្រោះថ្នាក់​ខ្លាំងណាស់​! តែ​អ្វីដែល​យើង​ដឹង​គឺអាច​ជាការ​ប្រឌិត ដោយសារតែ​ប្រភពព័ត៌មាន​មិនសូវមាន​ព័ត៌មាន​ល្អ​ដែល​គួរ​ទុកចិត្តបាន​។ ប៉ុន្តែ​នេះ​ជា​រឿង​មហន្តរាយ ប្រសិនបើ​អ្នកធ្វើ​អី​ច៊ឹ​ង​មែន​នោះ​។ អ្នក​គួរ​បំបាត់​បញ្ហា​នេះ​ពី​ប្រទេស (​កម្ពុជា​) ដោយសារតែ​បញ្ហា​នេះ​ជាង​ក្តីកង្វល់​យ៉ាងខ្លាំង​របស់​សហរដ្ឋអាមេរិក​»​។​
 
​រដ្ឋាភិបាល​កម្ពុជា​ក្នុងពេល​ថ្មីៗ​នេះ​ត្រូវបាន​គេ​មើលឃើញថា ហាក់​បើកចំហ​យ៉ាងខ្លាំង​ទទួល​វិនិយោគ​ចិន និង​ពង្រឹង​ចំណងទាក់ទង​ជាមួយ​ប្រទេស​ចិន​កុម្មុយនីស្ត ដែល​ធ្លាប់ជា​ខ្នងបង្អែក​ដ៏​ធំ​១​របស់​របប​ខ្មែរក្រហម​។​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ចិន បានធ្វើ​ឱ្យមាន​មន្ទិល​ជាច្រើន​ពី​អ្នកតាមដាន​ការវិវត្ត​ស្ថានការណ៍​ក្នុង​តំបន់​៕​

© រក្សាសិទ្ធិដោយ thmeythmey.com