ជាតិ
សង្គមជាតិ
កូនឈើ​ជាង​៤​ម៉ឺន​ដើម ត្រូវបាន​យក​ដាំ​នៅ​ខេត្តសៀមរាប និង​ព្រះវិហារ
24, Aug 2019 , 9:19 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងបរិស្ថាន
រូបពីហ្វេសប៊ុកក្រសួងបរិស្ថាន
ដោយ:
​ភ្នំពេញ​៖ កូនឈើ​ចំនួន​៤០០០០​ដើម ត្រូវបាន​ក្រសួងបរិស្ថាន យកទៅ​ដាំ​នៅ​សហគមន៍​ការពារ​ធម្មជាតិ​ក្នុង​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ ដើម្បី​បង្កើន​គម្រប​ព្រៃឈើ និង​ឆ្លើយតប​ការប្រែប្រួល​អាកាសធាតុ​។​

 
​ក្រសួងបរិស្ថាន បាន​យក​ដើមឈើ ១៥០០០​ដើម ដាំ​នៅក្នុង​ព្រៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ជី​ឪ​ក​បឹង​ពែរ ស្ថិតនៅ​ស្រុក​រវៀង ខេត្តព្រះវិហារ នៅ​ថ្ងៃទី​២៤ សីហា​នេះ​។ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​លោក សៅ សុភាព បាន​និយាយថា ការដាំ​កូនឈើ​នេះ ដើម្បី​កាត់បន្ថយ​ការដាក់​សម្ពាធ​ទៅលើ​ធនធានធម្មជាតិ និង​ផ្លាស់ប្តូរ​គំនិត​ចូលរួម​ថែរក្សា​ធនធាន​នេះ ។​
 
«​ធនធានធម្មជាតិ​មាន​តួនាទី​សំខាន់​ក្នុងការ​ផ្តល់​ជា​ជម្រក​សត្វព្រៃ ទប់ស្កាត់បាន​នូវ​គ្រោះធម្មជាតិ​នានា និង​ជា​ប្រយោជន៍​នៃ​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ តាមរយៈ​យន្តការ​កញ្ចប់​ថវិការ​មូលនិធិ​បរិស្ថាន សង្គម ជួយ​ដល់​ការ​អភិរ​វ​ឌ្ឍ​សហគមន៍ ក៏ដូចជា​ការពង្រឹង​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​ជាដើម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សៅ សុភាព ដែល​អះអាងថា កន្លងមក​ក្រសួង​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កើតឡើង​នៅក្នុង​តំបន់ការពារធម្មជាតិ ទប់ស្កាត់​បទល្មើស ការទន្ទ្រាន​ដីព្រៃ និង​បានផ្តល់​បច្ចេកទេស ។​
 
​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៤ ខែសីហា​នេះ ក្រសួងបរិស្ថាន បាន​ដាំ​កូនឈើ​ព្រៃ​ចំនួន​៤០០០០​ដើម ដើម្បី​ស្តារ​ព្រៃឈើ​ឡើងវិញ នៅក្នុង​តំបន់ការពារធម្មជាតិ ចំនួន​ពីរ​គឺ​នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន ខេត្តសៀមរាប និង​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ខេត្តព្រះវិហារ លើ​ផ្ទៃដី​ចំនួន​១៦ ហិច​តា ដែល​បាន​ដកហូត​ពី​ការកាប់​ទន្ទ្រាន​ដីព្រៃ​ដោយ​ជនល្មើស នៅតាម​តំបន់ការពារធម្មជាតិ​ទាំងនោះ​។​
 
​កន្លងមកនេះ ក្រសួង​បាន​ដាំ​ដើមឈើ​ព្រៃ​សរុប​ជិត​១​លាន​ដើម​មកហើយ ។ ដោយឡែក​ដើមឈើ​ចំនួន ២០០,០០០ ដើម​ទៀត ក្រសួង​គ្រោង​ដាំ​នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​៥ ក្នុង​គោលដៅ​គម្រោង ព្រមទាំង​សហគមន៍​តំបន់ការពារធម្មជាតិ​នៅ​ទូទាំងប្រទេស​៕ 
 

Tag:
 ព្រៃឈើ​
  ធនធានធម្មជាតិ​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com