កីឡាជាតិ
ជាតិ
កម្ពុជា​ធ្វើ​មិនបាន​ល្អ​ក្នុងការ​ប្រណាំង​រថយន្ត​ឆ្លង​ប្រទេស តែ​បាន​ចំណេះដឹង​ថ្មីៗ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​
24, Aug 2019 , 9:59 pm        
រូបភាព
ដោយ:
 ក្រុម​កីឡាករ​យានយន្ត​កម្ពុជា​ធ្វើ​មិនបាន​ល្អ​ឡើយ​ក្នុងការ​ប្រកួតប្រណាំង​យានយន្ត​ឆ្លងកាត់​ប្រទេស Asian Cross Country Rally 2019 ដែល​រៀបចំ​នៅ​ប្រទេស​ថៃ រួច​ទៅ​បញ្ចប់​នៅ​មី​យ៉ាន់​ម៉ា​។ តែ​យ៉ាងណា​កីឡាករ​កម្ពុជា​អះអាងថា ពួកគេ​ទទួលបាន​បទពិសោធ​បទ និង​ចំណេះដឹង​ថ្មីៗ​ជាច្រើន ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម សម្រាប់​ត្រៀម​ប្រជែង​នៅលើ​ក​ក្រោយៗ​ទៀត​។

 
 
​ក្រុម​កីឡាករ​ប្រណាំង​យានយន្ត​កម្ពុជា​ទាំងពីរ​ក្រុម មិន​ទទួលបាន​ចំណាត់ថ្នាក់​ឡើយ សម្រាប់​ការប្រកួតប្រណាំង​យានយន្ត​ឆ្លង​ប្រទេស Asian Cross Country Rally ប្រចាំឆ្នាំ​២០១៩ ដោយសារ​មាន​បញ្ហា​បច្ចេកទេស​យានយន្ត​។ ការប្រកួត​ដែលមាន​ចម្ងាយ​ផ្លូវ​ជាង​២,២០០​គីឡូម៉ែត្រ​នេះ ចេញដំណើរ​ពី​ទីក្រុង​ប៉ា​តា​យ៉ា​ប្រទេស​ថៃ ទៅ​បញ្ចប់​នៅ​ទឹកដី​មី​យ៉ាន់​ម៉ា ដែលមាន​រថយន្ត​មកពី​ជាង​៣០​ប្រទេស​ចូលរួម​។ 
 
 
​រថយន្ត​លេខ​១០៧ បើកបរ​ដោយ​កីឡាករ ហូ សិទ្ធី​គុណ ដែលមាន​កីឡាករ ពៅ តិច​ឡេង និង​កីឡាការិនី សេង សុជាតា ជា​ជំនួយការ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៩​លើ Class សាំង​។ ចំណែក​រថយន្ត​លេខ​១១៥ បើកបរ​ដោយ​កីឡាករ សោម សុ​កុសល ដោយមាន​កីឡាករ វង្ស គីម​ហួត ជាមួយ​ការមើល​ផែនទី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៦​។  
 

ទោះបី​មិន​ទទួលបាន​លទ្ធផល​ល្អ​ពី​ការប្រកួត តែ​ក្រុម​កីឡាករ​កម្ពុជា​ទទួល​បាន​បទពិសោធ និង​ចំណេះដឹង​ថ្មីៗ​ជាច្រើន​ពាក់ព័ន្ធ​ការរៀបចំ​រថយន្ត​មុន​ក្រោយ​និង​អំឡុងពេល​ប្រកួត ពិសេស​លើ​ការស្រាវជ្រាវ និង​មើល​ផែនទី​លើផ្លូវ​ថ្មី ដែល​ពួកគេ​មិន​ធ្លាប់​ប្រកួត​កន្លងមក​។ អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​លោក ហូ សិទ្ធី​គុណ បាន​និយាយ​យ៉ាងខ្លី​ថា​៖«​ការប្រណាំង​ឆ្នាំនេះ ធ្វើ​ឲ្យ​យើង​ទទួលបាន​បទពិសោធ​ថ្មីៗ​ជាច្រើន ដែល​យើង​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​ត្រៀម​ប្រជែង​យកជ័យ​ជម្នះ​នៅ​លើក​ក្រោយ​»​។ 
 
 
​ពាក់ព័ន្ធ​គោលបំណង​នៃ​ការចូលរួម​លើក​នេះ លោក ហូ សិទ្ធី​គុណ បាន​រៀបរាប់​កន្លងមក​ថា គឺ​ដើម្បី​អភិវឌ្ឍន៍ និង​ផ្សព្វផ្សាយ​ពី​កីឡា​យានយន្ត​កម្ពុជា ក៏ដូចជា​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ​អន្តរជាតិ​ឲ្យ​មក​ទស្សនា​នៅ​កម្ពុជា​។ លោក​បាន​អះអាងថា កម្ពុជា​ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​នេះ​៣​ទៅ​៤​លើក​រួចមកហើយ និង​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងច្រើន​ផងដែរ​៕  



 

Tag:
 ​ប្រណាំង​យានយន្ត​
  ហូ សិទ្ធី​គុណ​
  Asian Cross Country Rally
© រក្សាសិទ្ធិដោយ thmeythmey.com