ជាតិ
សេដ្ឋកិច្ច
កម្ពុជា -វៀតណាម នឹងមានជើងហោះហើរមួយបន្ថែមទៀត រូបភាពពីក្រសួងទេសចរណ៍
× កម្ពុជា វៀតណាម នឹងពង្រីកជើងហោះហើរត្រង់ថ្មីបន្ថែមទៀត គឺពីភ្នំពេញ ទៅ ខេត្តដាណាង នាចុងខែតុលា ឆ្នាំ២០១៩ ខាងមុខ។ នេះបើយោងតាសហ្វេសប៊ុកក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៣ សីហា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បាននិយាយថា ការតភ្ជាប់នេះនឹងបង្កើនភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរដែលចង់មកនៅភ្នំពេញ ឬហោះហើរត្រងពីភ្នំពេញ ទៅដាណាងវិញ ខណៈខេត្តដាណាងជាគោលដៅទេសចរណ៍អន្តរជាតិមួយដ៏ធំរបស់វៀតណាម ដែលសម្បូរភ្ញៀវទេសចរមកពីតំបន់នានា។
លោក ថោង ខុន បាននិយាយថា៖«អ្វីដែលសំខាន់ គឺដើម្បីទាក់ទាញភ្ញៀវទេសចរមកពីប្រទេសទីបី ឱ្យបានកាន់តែច្រើន»។
លោក ថោង ខុន ក៏បានស្នើឱ្យក្រុមហ៊ុន Cambodia Angkor Air ត្រូវខិតខំពង្រឹងគុណភាពសេវាកម្មឱ្យបានល្អ ។ ជាពិសេសក្រុមហ៊ុនគួរបង្កើនជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់ចិនបន្ថែមទៀតផង។
«តំបន់ណាដែលកម្ពុជាមានស្ថានអគ្គកុងស៊ុលប្រចាំការនៅទីនោះ ដូចជា ខេត្តស៊ីអាន (ឆាងអាន) ខេត្តឆុងឃីង ទីក្រុងសៀងហៃ ខេត្តក្វាងចូវ និងទីក្រុងប៉េកាំងជាដើម ពីព្រោះកន្លែងដែលមានស្ថានអគ្គកុងស៊ុល ភ្ញៀវទេសចរងាយស្រួលក្នុងការសុំទិដ្ឋការមកកម្ពុជា»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ក្រុមហ៊ុន Cambodia Angkor Air ក៏មានជើងហោះហើរត្រង់ពីខេត្តសៀមរាបទៅខេត្តដាណាងរួចមកហើយ។ ក្រៅពីនោះ ក្រុមហ៊ុនកំពុងបើកការហោះហើរត្រង់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ,ពីខេត្តព្រះសីហនុទៅទីក្រុងប៉េកាំង ,ពីខេត្តព្រះសីហនុទៅខេត្តសៀមរាប និងពីខេត្តសៀមរាបទៅទីក្រុងហាណូយជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com