ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រពៃណី​កោរ​ជុក​មាន​ពី​បុរាណ បច្ចុប្បន្ន​មាន​អ្នកថែរក្សា​តិចតួច​
24, Aug 2019 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ កាលពី​សម័យ​ដើម ប្រជាជន​ខ្មែរ​ភាគច្រើន​តែង​រៀបចំ​ពិធី​កោរសក់​ឱ្យ​កូន ដោយ​ទុក​តែ​នៅ​ចំ​កន្លែង​បង្ហើយ ទុក​នៅ​សងខាង​ក្បាល និង​ទុក​នៅ​ផ្នែក​ខាងក្រោយ​នៃ​ក្បាល​។ ទុក​សក់​នៅ​កន្លែង​ទាំង​៣​ផ្នែក​នេះ គឺ​ដើម្បី​សម្គាល់ថា​ជា​ចំ​ណុង​សំខាន់ និង​គ្រោះថ្នាក់​របស់​ក្បាល ដែល​ត្រូវការពារ​ឱ្យបាន​ហ្មត់ចត់​។ ពី​សម័យ​ដើម​គេ​បង្កើតឱ្យមាន​ពិធី​កោរ​ជុក ដោយសារ​ប្រយោជន៍​ធំៗ​៣ គឺ​ដើម្បី​ថែរក្សា​អនាម័យ​ឱ្យ​កូន ដើម្បី​ផ្ដល់​ចំណេះដឹង​ឱ្យ​កូន និង​ដើម្បី​ជាការ​ដឹងគុណ​។ មកដល់​បច្ចុប្បន្ន គេ​សង្កេតឃើញថា មានការ​ប្រារព្ធ​ពិធី​នេះ​តិចតួច​បំផុត នៅ​ទូទាំងប្រទេស​កម្ពុជា​។


​ដើម្បី​ស្វែងយល់​ពី​ពិធី​កោរ​ជុក តទៅ​នេះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖



​ក្នុង​បាឋកថា​នៅ​ពុទ្ធសាសនបណ្ឌិត្យ​កាលពីពេល​កន្លងទៅ​លោក ប៉ុក វណ្ណ​ធីរ អនុរដ្ឋលេខាធិកា​ក្រសួង​ធម្មការ និង​សាសនា និង​ជា​ឧទ្ទេសាចារ្យ​បង្ហាត់បង្រៀន​អាចារ្យ​ខ្មែរ បានធ្វើ​បទ​បង្ហាញ​ពី​ពិធី​កោរ​ជុក ដែលមាន​តាំងពី​បុរាណ​មក​។ មកដល់​ពេលបច្ចុប្បន្ន ពិធី​នេះ​ឃើញ​មាន​ធ្វើ​តិចតួច​នៅ​តំបន់​ខ្លះ នៃ​ប្រទេស​កម្ពុជា ហើយ​មូលហេតុ​ដោយសារ​ការវិវត្តន៍​នៃ​សង្គម​។​
​លោក ប៉ុក វណ្ណ​ធីរ ពន្យល់​ពី​ការ​ទុក​ផ្នួងសក់​របស់​កុមារា​កុមារី មុន​ធ្វើ​ពិធី​កោរ​ជុក​ដូច្នេះ​៖«​មុននឹង​កោរ​ជុក​ចេញ គឺ​គេ​ទុក​ជុក​នោះ​សិន​។ ជុក​គឺ​នៅ​ពីលើ​បង្ហើយ​។ នៅ​សងខាង​ក្បាល​គេ​ហៅថា​សក់​ទីទុយ​។ សក់​នៅ​ផ្នែក​ខាងក្រោយ​ក្បាល​គេ​ហៅថា​កំប៉ោយ​។ ហើយ​សក់​ដែល​ទុក​នៅ​
 
​ពីក្រោយ ដែល​សម្រាប់តែ​មនុស្ស​ស្រី​គេ​ហៅថា​ជុក​កន្ទូតអូង​។ ជុក​ទាំង​៣​នេះ​ទុក​ដើម្បី​ការពារ​កន្លែង​សំខាន់ និង​ដើម្បី​ជា​សញ្ញា​បង្ហាញថា​កន្លែង​ទាំងនោះ​ជា​កន្លែង​គ្រោះថ្នាក់​ដល់​ជីវិត​»​។​
​លោក​ពន្យល់​បន្ថែម​៖«​កំប៉ោយ​នៅ​ចំ​កន្លែង​បណ្ដុំ​ថ្នេរ​របស់​ឆ្អឹង​លលាដ៍ គេ​ទុក​កំប៉ោយ​នៅត្រង់​ហ្នឹង​ដើម្បី​ការពារ​។ ចំណែក​កន្លែង​កន្ទូតអូង​នៅ​ខាងក្រោយ​នេះ ក៏​ជា​កន្លែង​ងាយ​នឹង​គ្រោះថ្នាក់​ដែរ​»​។

 
​តាមពិតទៅ​ពី​ដើម ម្ដាយ​ឪពុក​កោរសក់​ឱ្យ​កូន ដោយ​ទុក​តែ​៣​ចំណុច​សំខាន់ៗ ដែល​លោក ប៉ុក វណ្ណ​ធីរ បាន​រៀបរាប់​ខាងដើម គឺ​ដើម្បី​រក្សា​អនាម័យ​ឱ្យ​កូន និង​ក៏​ជាការ​បញ្ជាក់​ពី​អត្តសញ្ញាណ​ខ្មែរ​មួយផ្នែក​ដែរ​។ ប៉ុក វណ្ណ​ធីរ បញ្ជាក់​៖«​គេ​កោរសក់​ទុក​តែ​ជុក ដើម្បី​ការពារ​មិនឱ្យ​កើត​អង្គែ បើ​ក្មេងៗ​គេ​ហៅ​កើត​លាមក​ក្របី​។ វា​បណ្ដាលឱ្យ​រមាស់​អាច​ខូច​ស្បែកក្បាល ឬ​ដំបៅ​ក្បាល​។ គេ​ធ្វើ​ពិធី​កោរ​ជុក​ក៏​ដើម្បី​រក្សា​អត្តសញ្ញាណ​ខ្មែរ​ដែរ​។ បន្ទាប់ពី​កោរ​ជុក​រួច គេ​យក​ជុក​នោះ​ទៅ​ដាក់​ផ្ញើ​នឹង​ធរណី ដើម្បី​គោរព​ចំពោះ​ម្ចាស់​ទឹក​ម្ចាស់​ដី​»​។​
 
​ទោះជា​យ៉ាងណា ក្នុងអំឡុងពេល​ក្មេង​មិនទាន់​ធ្វើ​ពិធី​កោរ​ជុក ពួកគេ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​ម្ដាយ​ឪពុក ទាំង​ការ​មើលថែ​រូបរាងកាយ និង​ការ​បំប៉ន​ផ្នែក​ស្មារតី​តាម​កម្រិត​អាយុ​របស់​ពួកគេ​៖«​ក្មេង​ទាំងអស់​ត្រូវតែ​នៅក្នុង​ផ្ទះ ទទួល​ការអប់រំ​ទូន្មាន​ប្រៀនប្រដៅ ជាពិសេស​ការពារ​ផ្នែក​សុវត្ថិភាព​។ គេ​ប្រដៅ​ក្មេង​ទៅតាម​វ័យ​ដែល​អាច​ទទួលយកបាន គេ​មិន​ប្រដៅ​ពាក្យ​ជ្រៅៗ​ទេ​»​។​
 
​បើតាម​លោក ប៉ុក វណ្ណ​ធីរ បន្ទាប់ពី​ទារក​សម្រាល​បាន​៧​ថ្ងៃ ឬ​លើស​នេះ​បន្តិច​ប​ន្ទួ​ច ម្ដាយ​ឪពុក​ធ្វើ​ពិធី​ទម្លាក់​ចង្ក្រាន ហើយក៏​នឹង​កោរសក់​ឱ្យ​កូន​ដោយ​ទុក​តែ​ចំណុច​៣​សំខាន់ៗ គឺ​នៅត្រង់​បង្ហើយ នៅ​ផ្នែក​សងខាង​ក្បាល​ហៅថា​ទុក​សក់​ទីទុយ និង​នៅ​កន្ទូតអូង​។ ក្រោយមក​បាន​ប្រមាណ​៩​ឆ្នាំ គេ​រៀបចំ​ពិធី​កោរ​ជុក​នៅពេលដែល​ក្មេង​គ្រប់​អាយុ​តាម​ការកំណត់​៖«​កើតមក​បាន​៧​ថ្ងៃ​ឬ​លើស​នេះ​បន្តិច​ចាស់ទុំ​គាត់​ធ្វើ​ពិធី​ទម្លាក់​ចង្ក្រាន​។ ក្នុង​ពិធី​ទម្លាក់​ចង្ក្រាន​នេះ យើង​ត្រូវ​កោរ​ក្រឡឹង​ជុំវិញ​ទុក​តែ​កន្លែង​ជុក កំប៉ោយ និង​កន្ទូតអូង​។ បើ​ក្មេងប្រុស​ចាប់ពី​អាយុ​៩​ឆ្នាំ​១១​ឆ្នាំ​និង​១៣​ឆ្នាំ យើង​អាចធ្វើ​ពិធី​កោរ​ជុក​បាន​ហើយ​។ ប៉ុន្តែ​ក្មេងស្រី​ត្រឹមតែ​៩​ឆ្នាំ​ទេ គេ​ធ្វើ​ពិធី​កោរ​ជុក ព្រោះ​ក្មេងស្រី​ឆាប់​លូតលាស់ និង​ពោរពេញ​ដោយ​ការ​លម្អ​»​។​
 
​សម្រាប់​លោក ស បូរ៉ា​វី ដែលជា​គរុ​សិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ ដែល​បាន​ចូលរួម​ស្ដាប់​ការធ្វើ​បទ​បង្ហាញ យល់ថា​បាឋកថា​នេះ​មានតម្លៃ​សម្រាប់​សិស្ស​និស្សិត​៖«​ចំពោះ​និស្សិត​ត្រូវការ​យល់ដឹង​អំពី​ទំនៀមទម្លាប់ វប្បធម៌ និង​ពិធី​ជាច្រើន​ដែលមាន​ពី​បុរាណ​។ គុណសម្បត្តិ​ជាច្រើន​ដែល​យើង​ត្រូវ​ដឹង ហើយ​ចំណេះ​ដែល​យើង​ទទួលបាន​នេះ យើង​អាច​ផ្សព្វផ្សាយ​ទៅ​មនុស្ស​ផ្សេងទៀត ដែល​គាត់​មិនបាន​ចូលរួម​»​។

 
​ចំណែក​កញ្ញា គង់ កញ្ញា វ័យ​៣០​ឆ្នាំ​វិញ ព្យាយាម​កត់ត្រា​នូវ​ចំណុច​សំខាន់ៗ​ដែល​វាគ្មិន​លើកឡើង បាន​ប្រាប់​ពី​ចំណុច​ដែល​ខ្លួន​ចាប់អារម្មណ៍​ដូច្នេះ​៖«​ចំណុច​សំខាន់បំផុត​ដែល​ខ្ញុំ​ចាប់អារម្មណ៍​គឺ​ពិធី​កោរ​ជុក​។ នេះ​ជា​ពិធី​បុរាណ​មួយ​ដែល​យើង​មាន​តាំងពីដើម​មក តែ​យើង​មិនបាន​ដឹង​ពី​គុណប្រយោជន៍​និង​អត្ថន័យ​ស៊ីជម្រៅ​ទេ​។ បាឋកថា​ថ្ងៃនេះ​ខ្ញុំ​បានដឹង​គុណប្រយោជន៍​ទាំង​ការថែរក្សា​ការពារ​និង​ការដឹងគុណ​»​។

 
​គ្រូបង្រៀន​ថ្នាក់​វិទ្យាល័យ​ក្នុង​ខេត្តសៀមរាប ដែលមាន​ស្រុកកំណើត​នៅ​រាជធានី​ភ្នំពេញ​រូបនេះ ថា​ទោះបី​វប្បធម៌​ឬ​ប្រពៃណី​ខ្មែរ​មួយចំនួន​ដែល​ដូនតា​បាន​បង្កើតឡើង ខិត​កាន់តែ​ជិត​ដល់​ការបាត់បង់ ក៏​អ្នកនាង​នៅតែមាន​សង្ឃឹមថា​អាច​គង់​វង់​បាន​៖«​ក្នុងនាម​ជា​កូន​ខ្មែរ​ខ្ញុំ​ពិតជា​សោកស្ដាយ ដែល​វប្បធម៌​ប្រពៃណី​មាន​តាំងពី​បុរាណ​មិនបាន​ផ្សព្វ​ផ្សាយបាន​ទូលំទូលាយ​។ តែ​ទោះជា​យ៉ាងណា​ក៏​ឯកសារ​ទាំងនោះ​នៅតែមាន ហើយ​យើង​ត្រូវតែ​ខំ​រក្សា​ទាំងអស់គ្នា​»​។​
 
​ស្រប​នឹង​ការព្រួយបារម្ភ​របស់​អ្នកគ្រូ​ខាងលើ អ្នកស្រាវជ្រាវ ប៉ុក វណ្ណ​ធីរ ដែល​បាន​ចុះទៅ​ស្រាវជ្រាវ​ដល់​តំបន់​ភូមិសាស្ត្រ​ផ្ទាល់ ថា​ទំនៀមទម្លាប់​នៃ​ពិធី​កោរ​ជុក​មាន​ធ្វើ​តែ​នៅក្នុង​ខេត្ត​មួយចំនួន​តូច​ប៉ុណ្ណោះ ក្នុងប្រទេស​កម្ពុជា​៖«​តាម​ការចុះ​ទៅដល់​ខេត្ត​មួយចំនួន​ដែល​នៅ​ជិត​ខេត្ត​សុរិន្ទ​ដូចជា​នៅ​បាត់ដំបង​ជាដើម ចាស់ៗ​អាយុ​ប្រហែល​៨០​ឆ្នាំ​ជាង គាត់​ថា​គាត់​គ្រាន់តែ​ធ្លាប់​បានដឹង​ពី​ជីដូន​ជីតា​មក ហើយ​គាត់​ចេះតែធ្វើ​ត​គ្នា តែបើ​ឆ្នាំ​កកើត​ពិធី​នេះ​គាត់​មិន​បានដឹង​ច្បាស់​ឡើយ​»​។​
 
​លោក​បញ្ជាក់បន្ថែម​ពី​ចំនួន​គ្រួសារ​ដែល​នៅ​ប្រកាន់​ប្រពៃណី​កោរ​ជុក​៖«​ខេត្ត​ដែលជា​ប់​ព្រំប្រទល់​សុរិន្ទ​ហ្នឹង​មិនមែន​ធ្វើជា​ទូទៅ​ទេ គឺ​ធ្វើ​ទៅតាម​ភូមិ​មួយចំនួន​។ ហើយ​អ្នកភូមិ​មិនមែន​ធ្វើ​ទាំងអស់គ្នា​ទៀត គឺ​ធ្វើ​តែ​គ្រួសារ​ណា​ដែល​គាត់​ចង់​រក្សា​ទំនៀមទម្លាប់ ឱ្យ​កូនចៅ​គាត់​កាន់​ប្រពៃណី​ពី​បុរាណ​។ ការធ្វើ​ពិធី​នេះ​អ្នកខ្លះ​មិនបាន​ចាំ​ទាំងអស់​ទេ​»​។

 
​ទោះជា​យ៉ាងណា​ប្រពៃណី​នៃ​ពិធី​កោរ​ជុក​នេះ លោក ប៉ុក វណ្ណ​ធីរ មិនទាន់​ស្រាវជ្រាវ​ដឹងថា​កើតមាន​តាំងពី​សម័យ​ណា​នោះឡើយ សូម្បី​ប្រជាជន​ដែល​នៅ​អនុវត្តិ​ដល់​សព្វថ្ងៃ​ក៏​មិនដឹង​ច្បាស់​ដែរ​៖«​ប្រហែលជា​កើតមាន​នៅ​ជំនាន់​ដែល​មនុស្ស​ចេះ​ការពារ ចេះ​ថែរក្សា​និង​ចេះ​ប្រុងប្រយ័ត្ន​។ ហើយ​ទី​២​មានការ​ប្រាប់​ពី​ចាស់ៗ​មួយចំនួន​នៅ​ខាង​បន្ទាយឆ្មា ថា​គាត់​នៅចាំ​នៅ​ចេះ ប៉ុន្តែ​កើត​នៅ​ឆ្នាំ​ណា​សតវត្សរ៍​ណា​គាត់​មិនដឹង​ទេ​»​។​
 
​បើទោះបីជា​មិនបាន​ដឹង​ពេលវេលា​ច្បាស់លាស់​នៃ​ការកើតមាន​ពិធី​កោរ​ជុក ក៏​លោក បូ​រាវី វ័យ​២៦​ឆ្នាំ​មកពី​ខេត្តកណ្ដាល ថា​វា​នៅតែ​ចាំបាច់​សម្រាប់​កូន​ខ្មែរ​ស្រាវជ្រាវ​និង​ដឹង​ពី​គុណ​តម្លៃ​នៃ​ពិធី​នោះ​៖«​ក្នុងនាម​យើង​ជា​កូន​ខ្មែរ វា​ចាំបាច់​ក្នុង​ការដឹង​ពី​ទំនៀមទម្លាប់​ដែល​ដូនតា​បាន​បន្សល់ទុក​មក​។ នេះ​ជា​អត្តសញ្ញាណ​មួយ​ឱ្យដឹងថា​គាត់​ជា​ខ្មែរ និង​បានផ្ដល់​ប្រយោជន៍​អ្វីខ្លះ​ដល់​គាត់​»​។​
 
​ហើយ​កញ្ញា គង់ កញ្ញា ថា​យុវជន​គួរតែ​ចូលរួម​ស្ដាប់​បាឋកថា​ផ្សេងៗ ព្រោះ​វា​នឹង​ផ្ដល់​ផលប្រយោជន៍​ឱ្យ​ខ្លួន​អ្នក​ស្ដាប់​ផ្ទាល់​៖«​យុវជន​គួរតែ​ចូលរួម​កម្មវិធី​បែន​នេះ​។ បាឋកថា​គេ​ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​ចំណេះដឹង ឬក៏​ទាក់ទង​នឹង​ប្រធានបទ​អ្វីមួយ ដែល​ផ្ដល់​ប្រយោជន៍​ឱ្យដល់​សាធារណជន​ទូទៅ បាន​សិក្សា​ស្រាវជ្រាវ​។ វាគ្មិន​គាត់​បាន​ស្រាវជ្រាវ​ច្រើន​ឆ្នាំ ហើយ​គាត់​បង្ហាញ​ប៉ុន្មាន​ម៉ោង​នេះ គឺ​គាត់​យកតែ​ចំណុច​ខ្លឹម​មក​ផ្ដល់ឱ្យ​យើង វា​ធ្វើឱ្យ​យើង​ទទួលបាន​ចំណេះដឹង​ទូលំទូលាយ ដែល​យើង​មិន​ធ្លាប់​បានដឹង​និង​មិន​ធ្លាប់បាន​ជួប​ពីមុន​»​។

 
​ពី​បុរាណ​ដូនតា​ខ្មែរ​បានធ្វើ​ពិធី​កោរ​ជុក​ក្នុង​បំណង​៣​សំខាន់ៗ គឺ​ដើម្បី​រក្សា​អនាម័យ​ឱ្យ​កុមារ ដើម្បី​ផ្ដល់​ការអប់រំ​ដល់​ពួកគេ និង​ដើម្បី​បញ្ជាក់​ពី​ការដឹងគុណ​។ ហើយ​នៅពេល​បច្ចុប្បន្ន​ដែលជា​សម័យ​បច្ចេកវិទ្យា ប្រព័ន្ធ​អប់រំ​ទាំងឡាយ​ក៏បាន​ផ្ដោតលើ​កុមារ​ដូចគ្នា​។ ដូច្នេះ​លោក ប៉ុក វណ្ណ​ធីរ ថាបើ​បន្តធ្វើ​ពិធី​កោរ​ជុក​ក៏​នៅតែមាន​ប្រយោជន៍ តែបើ​មិន​ធ្វើ​ក៏​មិន​ប៉ះពាល់​។​
«​សម័យមុន​លោក​មានគំនិត​ការពារ​បែប​ហ្នឹង​។ ប៉ុន្តែ​ក្រោយមក​យើង​មិន​បានធ្វើ​ពិធី​ដូច​សម័យមុន​មែន ប៉ុន្តែ​បើ​និយាយ​ពី​ការអប់រំ​វា​ដូច​តែ​គ្នា ដើម្បី​សំដៅ​ការពារ​ទៅដល់​ទំពាំង​ស្នង​ឫស្សី​។ ក្មេងៗ​កុមារា​កុមារី​ហ្នឹង​ជា​ទំពាំង​សម្រាប់​កសាង​អនាគត​ប្រទេសជាតិ​បន្ត​ពី​ចាស់ៗ​។ បើសិនជា​ធ្វើ​ក៏​នៅមាន​ប្រយោជន៍ បើ​មិន​ធ្វើ​ទេ​ប្រយោជន៍​ក៏​នៅតែមាន​ព្រោះ​ការអប់រំ​ថ្មី​ហើយ​និង​ចាស់ សំដៅ​គោលដៅ​តែមួយ​»៕ 
 

 
 

Tag:
 ប្រពៃណី​
  ទំនៀមទម្លាប់​
  កោរ​ជុក​
  បុរាណ​
  បាឋកថា​
  យុវជន​
  ប៉ុក វណ្ណ​ធីរ
© រក្សាសិទ្ធិដោយ thmeythmey.com