ជាតិ
សិល្បះ
ជនជាតិ​អាមេរិក ចាប់អារម្មណ៍​តន្ត្រី​ខ្មែរ​ផ្សារភ្ជាប់​ព្រលឹង​និង​អតីតកាល​
25, Aug 2019 , 8:30 am        
រូបភាព
 
​ភ្នំពេញ​៖ លោក ជេ​ហ្វ​រី ដា​យើ គឺជា​ជនជាតិ​អាមេរិក ដែល​បានមក​កម្ពុជា ដើម្បី​ស្រាវជ្រាវ​ពី​តន្ត្រីបុរាណ​ខ្មែរ​ក្នុង​ពិធីបុណ្យ​ផ្សេងៗ សម្រាប់​ថ្នាក់បណ្ឌិត​របស់ខ្លួន​។ ក្នុង​ដំណើរ​ស្រាវជ្រាវ​ពេញ​១​ឆ្នាំ ពី​ខែសីហា​ឆ្នាំ​២០១៨ ដល់​ខែសីហា​ឆ្នាំ​២០១៩​លោក ជេ​ហ្វ ចាប់អារម្មណ៍​តន្ត្រីបុរាណ​ខ្មែរ ដែល​ផ្សារភ្ជាប់​ជាមួយ​អតីតកាល ជាពិសេស​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត ជាមួយ​ព្រលឹង​។ 

​លោក ជេ​ហ្វ​រី ដា​យើ គឺជា​បេ​ក្ខ​បណ្ឌិត​ដែល​បានទទួល​អាហារូបករណ៍ ពី​កម្មវិធី​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​ខេ​មរ​សិក្សា សម្រាប់​និក្ខេប​ទ​ថ្នាក់បណ្ឌិត​របស់លោក​នៅ​ប្រទេស​កម្ពុជា​។ តាមរយៈ​អាហារូបករណ៍​នេះ លោក ជេ​ហ្វ បានធ្វើ​ដំណើរ​ទៅ​បណ្ដា​ខេត្ត​ជាច្រើន​ក្នុងប្រទេស​កម្ពុជា ដើម្បី​ស្រាវជ្រាវ​ពី​តន្ត្រី​ដែល​ប្រគំ​ក្នុង​ពិធី​ផ្សេងៗ មានដូចជា​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ បុណ្យ​ភ្ជុំបិណ្ឌ បុណ្យកឋិន បុណ្យបច្ច័យបួន រហូតដល់​ពិធី​បង្សុកូល ពិធី​សំពះ​គ្រូភ្លេង ពិធី​មេមត់ និង​ពិធី​ជាច្រើន​ទៀត​។ 
 
​ដោយបាន​ចុះទៅ​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​តន្ត្រីករ​នៅ​គ្រប់ទិសទី ព្រមទាំង​បាន​រៀន​ភ្លេងបុរាណ​ខ្មែរ​មួយចំនួន​ផង​នោះ​លោក ជេ​ហ្វ យល់ថា​ភ្លេងខ្មែរ​ពិតជា​ពីរោះ​។ លោក​បាន​មើលឃើញថា​នៅ​កម្ពុ​ជាមាន​ភ្លេង​ច្រើន​ប្រភេទ​និង​សម្បូរបែប​។ 
  
 
​បុរស​ជនជាតិ​អាមេរិក​រូបនេះ បានធ្វើ​បាឋកថា​មួយ បង្ហាញ​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយផ្នែក​របស់ខ្លួន ស្ដីពី​តួនាទី​តន្ត្រីបុរាណ​ខ្មែរ​ក្នុង​ពិធីបុណ្យ​នានា បានបញ្ជាក់​ដូច្នេះ​ថា​៖«​នៅ​កម្ពុ​ជាមាន​ភ្លេង​ច្រើន សម្រាប់​លេង​ក្នុង​ពិធី​ផ្សេងៗ​។ គេ​ធ្វើ​ពិធី​ផ្សេងគ្នា គេ​មិន​ប្រើ​ភ្លេង​ដដែលៗ​ទេ គឺ​គេ​ប្រើ​ភ្លេង​ថ្មី​រហូត​»​។​
 
​អ្វីដែល​លោក​ផ្ដោត​សំខាន់​ក្នុង​បាឋកថា គឺ​លោក​បង្ហាញ​ពី​តន្ត្រី​ផ្សារភ្ជាប់​ជាមួយ​អតីតកាល ជាពិសេស​ជាមួយ​ព្រលឹង​៖«​ពេលធ្វើ​ពិធី​សំពះគ្រូ​ភ្លេង គេ​បាន​ហៅ​ព្រលឹង​គ្រូ​ដែល​ស្លាប់​ទៅនោះ ឱ្យ​ត្រឡប់មកវិញ​។ គេ​ធ្វើ​ពិធី​បង្សុកូល​ហៅ​ញាតិ​ការ​ទាំង​៧​សណ្ដាន​មក​ដែរ​។ ខ្ញុំ​យល់ថា​តន្ត្រី​មាន​សារសំខាន់​សម្រាប់​ប្រជាជន​ខ្មែរ​។ ទោះបី​គេ​ជឿ​លើ​ព្រលឹង​ឬ​មិន​ជឿ​ក្ដី ប៉ុន្តែ​ខ្ញុំ​យល់ថា​តន្ត្រី​បាន​ជួយ​ដល់​ស្មារតី​ក្នុង​ជីវិត​របស់​ប្រជាជន​កម្ពុជា​»​។​
 
​ក្រោយពី​ចំណាយពេល​ស្រាវជ្រាវ​នៅ​កម្ពុជា​ពេញ​មួយឆ្នាំ លោក ជេ​ហ្វ​រី ដា​យើ ត្រូវការ​ពេល​យ៉ាងហោចណាស់​មួយឆ្នាំ​ទៀត ដើម្បី​សរសេរ​ឯកសារ​បណ្ឌិត​ដែលមាន​កម្រាស់​ប្រមាណ​ជា​៣០០​ទៅ​៤០០​ទំព័រ​៕ 
 
 

 

Tag:
 ជេ​ហ្វ​រី ដា​យើ​
  សិល្បៈ​
  តន្ត្រី​
  ស្រាវជ្រាវ​
  ភ្លេងបុរាណ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com