អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាស៊ាន​និង​អាមេរិក នឹង​រៀបចំ​សមយុទ្ធ​យោធា​ជើង​ទឹក​លើកដំបូង​នៅ​ខែក្រោយ​
25, Aug 2019 , 8:59 am        
រូបភាព
សមយុទ្ធយោធានៅទឹកដីថៃនាពេលកន្លងមក។ រូបភាព US Navy
សមយុទ្ធយោធានៅទឹកដីថៃនាពេលកន្លងមក។ រូបភាព US Navy
ដោយ: ថ្មីៗ
 
​អាស៊ាន និង​អាមេរិក​នឹង​រួមគ្នា​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹកជា​លើកដំបូង នៅ​ឈូង​សមុទ្រ​ថៃ​នៅ​ខែកញ្ញា​ខាងមុខ​។ នេះ​បើតាម​ប្រភពព័ត៌មាន​អាស៊ាន​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo ។ សមយុទ្ធ​នេះ ធ្វើឡើង​ក្រោយ​ចិន និង​អាស៊ាន​បានរៀបចំ​សមយុទ្ធ​ជើង​ទឹក​រួមគ្នា​ផងដែរ​។


​ការធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក​រវាង​ប្រទេស​សមាជិក​អាស៊ាន ជាមួយ​យោធា​អាមេរិក នឹងមាន​រយៈពេល​៥​ថ្ងៃ​ដែល​ផ្ដើម​ពីថ្ងៃ​ទី​២ ខែកញ្ញា​។ ក្នុងនោះ នាវាចម្បាំង​ចំនួន​៨​គ្រឿង នឹងចូលរួម​ក្នុង​លំ​ហាត់​រួមគ្នា​លើកដំបូង​នេះ ដោយមាន​អម​យន្តហោះ​ច្រើន​គ្រឿង​ទៀត​។ 
 
​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ដែល​ស្រង់​ប្រភពពី​អាស៊ាន​ផ្ស​យ​ថា សមយុទ្ធ​នេះ​នឹង​ចាប់​ផ្តើមចេញពី​មូលដ្ឋាន​កងទ័ពជើងទឹក Sattahip ក្នុងប្រទេស​ថៃ ហើយ​បន្តធ្វើ​នៅ​ប្រទេស​វៀតណាម​ក្នុង​ខេត្ត Ca Mau ទៀត​។​
 
​សមយុទ្ធ​យោធា​អាស៊ាន និង​អាមេរិក​ជា​លើកដំបូង​នេះ មាន​គោលបំណង​ចង់​រក្សា​តុល្យភាព​រវាង​អាមេរិក និង​ចិន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ មហាអំណាច​ទាំងពីរ​នេះ បាន​ប្រជែង​ឥទ្ធិពល​យ៉ាងខ្លាំង​នៅក្នុង​តំបន់​នេះ ជាពិសេស​គឹ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​កាលពី​ឆ្នាំមុន ចិន និង​អាស៊ាន​ក៏បាន​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក​រួមគ្នា​រួចមកហើយ​យ​។ សមយុទ្ធ​ចិន​-​អាស៊ាន ប្រព្រឹត្ត​ធ្វើឡើង​នៅ​ខែតុលា នៅ​ខេត្ត គ័ង​ទុង ដោយ​សមាជិក​អាស៊ាន​ទាំងអស់​សុទ្ធ​តែមាន​វត្ត​មាន​។​
 
​ចំណែក​សមយុទ្ធ​ជាមួយ​អាមេរិក​វិញ ប្រភព​មួយ​និយាយថា គ្រប់​ប្រទេស​នៅ​អាស៊ាន​នឹងចូលរួម​ក្នុងការ​ធ្វើ​សមយុទ្ធ​នេះ ដែល​រៀបចំឡើង​ដោយ​កងទ័ពជើងទឹក​អាមេរិក និង​ថៃ​ផងដែរ​។ 
​ដើម្បី​អនុវត្ត​សមយុទ្ធ​នេះ ក្រុម​កា​ងារ​ចម្រុះ​មួយ​នឹង​ត្រូវបាន​បង្កើតឡើង​ដោយមាន​ស្នាក់ការ​លើ​នាវា​យាមល្បាត​របស់​ថៃ​ដែល​ដឹកនាំ​ដោយ​មន្ត្រី​កងទ័ពជើងទឹក​ជាន់ខ្ពស់​ថៃ រួមជាមួយ​អាមេរិក​និង​យោធា​ជើង​ទឹក​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត​។​
 
​ក្រុម​នាវា Destroyer Squadron 7 ដែលជា​ផ្នែក​មួយ​នៃ​កង​នាវាចរណ៍​ទី​៧ កងទ័ពជើងទឹក​អាមេរិក នឹងចូលរួម​ក្នុង​សមយុទ្ធ​នេះ​៕

ដោយ៖ ​ងួន សុ​ភាវ​ត្តី

Tag:
 អាមេរិក​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com