ជាតិ
ពីនេះ ពីនោះ
«​ជាង​មិនកើត បន្ទោ​សដែក​»
25, Aug 2019 , 10:55 am        
រូបភាព
ដោយ: ថ្មីៗ
​ជាគោលការណ៍​សីលធម៌​និង​ច្បាប់ មនុស្ស​ម្នាក់ៗ​ត្រូវតែ​ហ៊ាន​ទទួលយក​ការណ៍​ពិត ទទួលស្គាល់​សមត្ថភាព​របស់ខ្លួន និង​ទទួលខុសត្រូវ​នូវ​អ្វី​ដែលជា​ផល​កើតចេញពី​ទង្វើ​របស់ខ្លួន​។ ប៉ុន្តែ នៅក្នុង​តថភាព​ជាក់ស្ដែង មាន​មនុស្ស​ខ្លះ ពុំបាន​គោរព​តាម​គោលការណ៍​ខាងលើនេះ​ទេ ពួកគេ​បែរជា​ទម្លាក់កំហុស​ទៅឱ្យ​អ្នកដទៃ​វិញ​។ ហេតុនេះហើយ​បានជា​បុព្វបុរស​ខ្មែរ​បានលើកឡើង​នូវ​សុភាសិត​មួយ​ថា «​ជាង​មិនកើត បន្ទោ​សដែក​»​។ តើ​សុភាសិត​នេះ​មាន​អត្ថន័យ​ដូចម្ដេច​? ហើយ​វា​មាន​ខ្លឹមសារ​អប់រំ​យ៉ាងណាដែរ​?

 
​ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​បកស្រាយ​សុភាសិត​នេះ យើង​គប្បី​យល់ដឹង​នួវ​ពាក្យ​គន្លឹះ​មួយចំនួន​ជាមុនសិន​។ «​ជាង​» សំដៅយក​អ្នកចេះ​ខាង​ជំនាង ពោល​គឺជា​អ្នកចេះ​ខាង​ការបង្កើត​ថ្វីដៃ បង្កើត​ស្នាដៃ ឬ​អ្នក​ច្ឆៃ​ប្រឌិត​អ្វីមួយ​។ ឧទាហរណ៍ ជាងដែក ជាងឈើ ជាងមាស ជាងគំនូរ​។   
«​មិនកើត​» មានន័យថា មិន​អាចធ្វើ​អ្វីមួយ​បាន មិនមាន​ជំនាញ​ខាង​អ្វីមួយ មិន​ប៉ិនប្រសប់​ឬ​មិនមាន​ទេពកោសល្យ​ខាង​អ្វីមួយ​។ «​ប​ន្តោ​ស​» មានន័យថា ស្ដីឱ្យ ដាក់​កំហុស ឬ​ចោទប្រកាន់​។ ឧទាហរណ៍ ម្ដាយ​បន្ទោស​កូន ឪពុក​ស្ដីឱ្យ​កូន មេដឹកនាំ​ដាក់​កំហុស​លើ​អ្នកក្រោមបង្គាប់​។ «​ដែក​» គឺជា​លោហជាតិ​មួយ​ពួក​កើត​ពី​ជាតិ​ថ្ម​មាន​ព័ណ៌​ក្រមៅ ជា​ធាតុ​រឹង​ជាង​ពួក​លោហជាតិ​ទាំងពួង ហើយ​វា​មាន​ប្រយោជន៍​ប្រើការ​បាន​ច្រើនយ៉ាង​ជាង​លោហជាតិ​ទាំងពួង​។​
  
​តាមន័យ​ត្រង់ «​ជាង​មិនកើត បន្ទោ​សដែក​» សំដៅយក​ជាង​ណា​ម្នាក់​ឬ​ក្រុម​ជាងដែក​ណាមួយ​ដែល​មិនមាន​សមត្ថភាព​ក្នុង​ការធ្វើ​កាំបិត ពូថៅ ឬ​ឧបករណ៍​អ្វីមួយ​បានល្អ ហើយ​ពួកគេ​មិន​ព្រម​ទទួលស្គាល់​សមត្ថភាពរ​បស់​ខ្លួនឯង ពោលគឺ​មិន​ទទួលស្គាល់ថា​ខ្លួនឯង​មិនមាន​ជំនាញ បទពិសោធន៍ និង​ទេពកោសល្យ​គ្រប់គ្រាន់​ក្នុងការ​ផលិត​ឬ​កែ​ច្ឆៃ​វត្ថុ​ទាំង​នោះទេ​។ ប៉ុន្តែ ពួកគេ​បែរជា​ទម្លាក់កំហុស​ទៅលើ​ដែក​វិញ ដោយ​បន្ទោស​ថា ដែក​នោះ​មិនកើត ដែក​នោះ​អន់​ពេក ទើប​ពួកគេ​ធ្វើ​កាំបិត ពូថៅ ឬ​ឧបករណ៍​អ្វីមួយ​នោះ​មិនបាន​ល្អ​។​
 
​តាមន័យ​ធៀប «​ជាង​មិនកើត បន្ទោ​សដែក​» សំដៅយក​អ្នកណាម្នាក់ ឬ​ក្រុម​ណាមួយ​ដែល​គ្មាន​សមត្ថភាព ជំនាញ បទពិសោធន៍ និង​ទេពកោសល្យ​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​អ្វីមួយ ដូចជា ការគ្រប់គ្រង ការដឹកនាំ ការដោះស្រាយ​បញ្ហា ការប្រលង ការប្រកួតប្រជែង ជាដើម ហើយ​ពួកគេ​បែរជា​បន្ទោស​ឬ​ដាក់​កំហុស​ទៅលើ​ភាពស្មុគស្មាញ ឧបសគ្គ និង​ការលំបាក នៃ​ស្ថាប័ន សង្គម បញ្ហា ស្ថានភាព វិញ្ញាសារ ឬ​កម្មវត្ថុ​ផ្សេងៗ​ទៅវិញ ដោយ​ពួកគេ​មិន​ព្រម​ទទួលស្គាល់​ការណ៍​ពិត​នៃ​សមត្ថភាព​និង​សក្ដានុពល​របស់ខ្លួន​ទេ​។​
 
​ទិដ្ឋភាព​ដូច​បាន​រៀបរាប់​ខាងលើនេះ​មាន​ច្រើនណាស់​នៅក្នុង​តថភាព​សង្គម ដូចជា មាន​មនុស្ស​ខ្លះ​រៀន​មិនចេះ​ដោយសារ​គាត់​មិន​ខំរៀន តែ​គាត់​បែរជា​ដាក់​កំហុស​លើ​ព្រហ្ម​លិខិត​, អ្នកក្រ​មួយចំនួន​ដែល​បណ្ដាលមកពី​ការមិន​ខំធ្វើការ​ឬ​រកស៊ី តែ​ពួកគេ​បែរជា​បាន​ស្ដីបន្ទោស​លើ​សម្ពាយ​ព្រេង​ទៅវិញ​។ ក្រៅពីនេះ​នៅមាន​ឧទាហរណ៍​ជាច្រើន​ទៀត​ដែល​មិនអាច​លើក​យកមក​បង្ហាញ​អស់​នៅទីនេះ​។ 
 
​ឆ្លងតាម​ការបកស្រាយ​ខាងលើនេះ យើង​អាច​មើលឃើញថា សុភាសិត​«​ជាង​មិនកើត បន្ទោ​សដែក​» មាន​បង្កប់​នូវ​គំនិត​អប់រំ​ឱ្យ​ប្រជាជន​ខ្មែរ​ប្រកាន់យក​ភាពស្មោះត្រង់ ហ៊ាន​ទទួលស្គាល់​ការណ៍​ពិត ទទួលស្គាល់​សមត្ថភាព​របស់ខ្លួន និង​ហ៊ាន​ទទួលខុសត្រូវ​លើ​វិបាក​នៃ​អំពើ​របស់ខ្លួន ដោយ​កុំ​ព្យាយាម​យក​លេស ឬ​គេចវេះ​មិន​ទទួលកំហុស​របស់ខ្លួន ហើយ​បែរជា​ទម្លាក់កំហុស​នោះ​ទៅ​អ្នកដទៃ ឬ​ទម្លាប់​កំហុស​ទៅលើ​បញ្ហា ឬ​កម្មវត្ថុ​ទៅវិញ​៕      
    
​​ដោយ ឈ​ត ប៊ុន​ថង​

© រក្សាសិទ្ធិដោយ thmeythmey.com