អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ការវិលត្រឡប់​ទៅ​មី​យ៉ាន់​ម៉ា​របស់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា នៅ​ទ្រឹង​ជាថ្មី ដោយសារតែ​«​បាក់ស្បាត​»?
25, Aug 2019 , 1:24 pm        
រូបភាព
ដោយ:
 ​ទោះបី​ជាមាន​ការធានា​អះអាង​ពី​សន្តិសុខ និង​សុវត្ថិភាព​ពី​រដ្ឋាភិបាល​ក្នុងស្រុក​មី​យ៉ាន់​ម៉ា​ក៏ដោយ ផែនការ​រៀបចំ​បញ្ជូន​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា នៅតែ​មិនអាច​ទៅមុខ​ដដែល​។ ក្រុម​ជនភៀសខ្លួន ដែល​កន្លងមក​អះអាងថា រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា មិន​ព្រម​ស្ម័គ្រចិត្ត​វិល​ត្រលប់​វិញ​ឡើយ ដ្បិត​ពួកគេ នៅ​មិនទាន់​ទទួលបាន​អ្វីដែល​ពួកគេ​ចង់បាន​។


​តាម​ផែនការ​ព្រមព្រៀង​ចុងក្រោយ​រវាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស ដំណើរ​រៀប​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដែលមាន​ការបញ្ជាក់​អត្តសញ្ញាណ​ជាង ៣ ០០០ នាក់ ទៅកាន់​មី​យ៉ាន់​ម៉ា​ក្នុង​ជំហាន​ដំបូង ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​២២ សីហា កន្លងទៅ​ថ្មីៗ​នេះ​។ ផែនការ​នេះ ត្រូវ​ផ្តើម​ផ្តួច​ជាថ្មី​បន្ទាប់ពី​ភាគី​ទាំងពីរ បាន​អាក់ខាន​ក្នុងការ​អនុវត្ត​អស់ពីរ​ឆ្នាំ​មកហើយ​។​
​ក៏ប៉ុន្តែ​តាម​ការអះអាង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​មី​យ៉ា​ម់​ម៉ា នៅ​ថ្ងៃ​២៣ សីហា គ្មាន​ជនភៀសខ្លួន​សូម្បី​ម្នាក់ បាន​វិល​ត្រលប់មក​មី​យ៉ាន់​ម៉ា​តាម​ផែនការ​ឡើយ​។ « យើង បាន​បញ្ជូន​មន្ត្រី​ជាច្រើនរូប​ដើម្បី​រង់ចាំ​ទទួល​ជនភៀសខ្លួន​នៅ​ថ្ងៃ​២២ សីហា ក៏ប៉ុន្តែ គ្មាន​នរណាម្នាក់ ព្រម​មក​ឡើយ ហើយ​យើង ក៏​មិនដឹងថា​មកពី​មូលហេតុ​អ្វី​ដែរ​»​។ នេះ គឺជា​អះអាង​របស់លោក​រដ្ឋមន្ត្រី​សង្គមកិច្ច​មី​យ៉ាន់​ម៉ា Win Myat Aye​។ 
 
​ជាមួយនឹង​ការអះអាង​នេះ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Myanmar Times បេសកជន​ទទួល​ប​ន្ទុ​កិច្ចការ​ជនភៀសខ្លួន​នៅ​បង់​ក្លា​ដែ​ស Abul Kalam Azad បាន​ថ្លែង​ក្នុង​ស​ន្នី​សីទ​សារព័ត៌មាន​នៅក្នុង​ដែន​ជំរំ​របស់​ជនភៀសខ្លួន Cox’s Bazar ថា ជនភៀសខ្លួន មិន​ព្រម​វិល​ត្រលប់​ដោយសារតែ​ពួកគេ ចង់​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បំពេញ​បំណង​របស់​ពួកគេ​ជាមុនសិន ពោលគឺ​ត្រូវ​ផ្តល់​សញ្ជាតិ​ស្របច្បាប់ និង​សុវត្ថិភាព​ឲ្យ​ពួកគេ ។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ក្រុម​ជនភៀសខ្លួន បាន​លើកឡើងថា កន្លងមក ពួកគេ មិនបាន​ឃើញ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ធ្វើ​អ្វី​សោះ ដើម្បី​ជាការ​កសាង​ទំនុកចិត្ត​សម្រាប់​ពួកគេ​វិញ​ត្រលប់​វិញ​ឡើយ​។ ការណ៍​នេះហើយ ដែល​ធ្វើ​ឲ្យ​ពួកគេ នៅតែមាន​ការភ័យខ្លាច​ពី​ការកើត​ឡើងវិញ​នូវ​ហិង្សា​ក្នុង​តំបន់​រស់នៅ​របស់​ពួកគេ​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ស្របពេល​មី​យ៉ាន់​ម៉ា អះអាង​ពី​ការរៀបចំ​ត្រៀម​ទទួល​ជនភៀសខ្លួន​នោះ ក្រុម​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ បានចេញ​ផ្សាយ​របាយការណ៍​ថ្មី​បន្ថែម​ពី​ស្ថានភាព និង​ហេតុការណ៍​ដែល​កើតឡើង​នៅក្នុង​រដ្ឋ រ៉ា​ខាន របស់​មី​យ៉ាន់​ម៉ា ដែលជា​កន្លែង​ផ្ទុះ​ចេញ​ហិង្សា និង​វិបត្តិ​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​តែម្តង​។ 
 
​តាមពិតទៅ ហិង្សា​រវាង​កងកម្លាំង​ប្រដាប់អាវុធ​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម ឆ្នាំ​២០១៧ ដែលជា​ដើមទង នៃ​វិបត្តិ​ជនភៀសខ្លួន​របស់​មី​យ៉ាន់​ម៉ា គឺជា​ផ្នែក​មួយ នៃ​ចេតនា​របស់​កម្លាំង​មី​យ៉ាន់​ម៉ា ក្នុងការ​បោសសម្អាត​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជា​លក្ខណៈ​ប្រព័ន្ធ​។​
 
​របាយការណ៍ ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​២២ សីហា តែ​ម្តងនោះ បាន​រកឃើញ​ពីបទ​ល្មើស​ជាច្រើន​ពីក្រោយ​នៃ​ហេតុការណ៍​នោះ រួមមាន​ទាំង​ការ​ធ្វើទុក្ខបុកម្នេញ ហិង្សា និង​រំលោភ ដែល​ប្រព្រឹត្ត​ដោយ​កងកម្លាំង​ទៅលើ​ជនជាតិភាគតិច ហើយ​ក្រុម​អ្នកជំនាញ ក៏​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ នាំ​ក្រុម​យោធា​ពាក់ព័ន្ធ​ទាំងនោះ មក​ទទួលខុសត្រូវ​ផ្នែក​ច្បាប់​ផងដែរ​៕  

Tag:
 មី​យ៉ាន់​ម៉ា​
  បង់​ក្លា​ដែ​ស​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com