ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីពាណិជ្ជកម្ម ហាមមន្ត្រីយកប្រាក់ក្រៅផ្លូវការពីវិស័យឯកជន រូបភាពពីក្រសួងពាណិជ្ជកម្ម
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហាមមន្ត្រីយកប្រាក់ក្រៅផ្លូវការពីវិស័យឯកជន ដែលនាំឱ្យប៉ះពាល់ការអភិវឌ្ឍនៅក្នុងវិស័យឯកជន។ បម្រាមរបស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩។
ជួបជាមួយមន្ត្រីជំនាញក្រសួងនេះ លោក ប៉ាន សូរសក្តិ បានដាក់សំណើ៤ចំណុច ឱ្យមន្ត្រីខ្លួនអនុវត្តបំពេញកិច្ចការឱ្យបានត្រឹមត្រូវ ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មជាតិឲ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសធានាការអភិវឌ្ឍសង្គម និងការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
កិច្ចការសំខាន់ៗទាំង៤ ដែលលោករដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រាប់ឱ្យមន្ត្រីអនុវត្តនោះ គឺត្រូវខិតខំពង្រីកចំណេះដឹងទាំងកម្រិតជំនាញ និងភាសាបរទេស ,សហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម ,សហការជាមួយក្រុមការងារចុះពង្រឹងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងអង្គភាពរបស់ខ្លួន និងបញ្ចៀសដាច់ខាតការយកកម្រៃសេវាក្រៅផ្លូវការពីវិស័យឯកជន ។
ក្រៅពីការពង្រឹងសមត្ថភាពការងាររបស់មន្ត្រី ការអនុវត្តច្បាប់ក៏ជារឿងចាំបាច់ផងដែរ។ លោក ប៉ាន សូរសក្តិ បាននិយាយដូច្នេះថា៖«ក្រសួងបានពង្រឹងការការពារកម្មសិទ្ធិបញ្ញា និងយន្តការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការក្លែងបន្លំ សំដៅការពារសុខមាលភាពប្រជាជនទាំងមូល តាមរយៈច្បាប់ចំនួនបី ដែលនឹងត្រូវដឹកនាំអនុវត្តដោយអគ្គនាយកដ្ឋានកាំកុងត្រូលថ្មីគឺ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ, ច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលច្បាប់ទាំងអស់នេះ បានអនុម័តរួចហើយដោយគណៈរដ្ឋមន្ត្រី ហើយបានបញ្ជូនទៅដល់រដ្ឋសភា ដើម្បីអនុម័ត នៅពេលបើកបវេសនកាលឡើងវិញ»។
បើតាមលោក ប៉ាន សូរសក្តិ ក្រសួងកំពុងចរចាទាញយកអត្ថប្រយោជន៍ផ្សេងៗ ពីកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីទៀតផង៕
Tag:
ប៉ាន សូរសក្តិ
សេដ្ឋកិច្ច
ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com