អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌូណេស៊ី​ចង់​ឲ្យ​អង់គ្លេស​មាន​ជំហរ​ច្បាស់លាស់​ជាមួយ​អាស៊ាន ខណៈ​អង់គ្លេស​កំពុង​រក​ច្រក​ចេញពី​សហភាព​អឺរ៉ុប
25, Aug 2019 , 7:39 pm        
រូបភាព
ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំអង់គ្លេសលោក Rizal Sukma (រូបភាព៖ The Jakarta Post)
ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំអង់គ្លេសលោក Rizal Sukma (រូបភាព៖ The Jakarta Post)
ដោយ:
​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ចង់​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​បង្ហា​ញ​ពី​ភាពច្បាស់លាស់​នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​នោះ​អាស៊ាន​តែម្តង​។ ឥណ្ឌូណេស៊ី ដែលជា​ស្ថាបនិក​មួយ​របស់​អាស៊ាន ចង់បាន​បែបនេះ ដើម្បី​ជា​ផ្នែក​មួយ នៃ​មូលដ្ឋាន​សម្រាប់​ការពង្រឹង​ការកសាង​គោលនយោបាយ​ការបរទេស​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​រឹងមាំ​ជាង​មុន​។​


​ពី​វេទិកា​កិច្ចសន្ទនា​រវាង​ឥណ្ឌូណេស៊ី​-​អង់គ្លេស ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ អគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​អង់គ្លេស លោក Rizal Sukma បាន​លើកឡើងថា អង់គ្លេស ត្រូវតែ​ផ្តល់ព័ត៌មាន​បន្ថែម​ស្តីពី​យុទ្ធសាស្ត្រ និង​គោលដៅ​របស់ខ្លួន​ក្នុងការ​ទំនាក់​ទំនងជា​មួយ​អាស៊ាន ខណៈ​ផែនការ​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប នៅតែ​មិនទាន់មាន​ភាពច្បាស់លាស់​។​
 
​តាម​ការចុះផ្សាយ​ជា​ប្រភេទ​អត្ថបទ​ពិសេស​របស់ The Jakarta Post នៅ​ថ្ងៃ​២២ សីហា លោក​អគ្គរដ្ឋទូត​រូបនេះ បាន​គូសបញ្ជាក់ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ទំនាក់ទំនង​អាស៊ាន និង​អង់គ្លេស បាន​មានការ​លូតលាស់​គួរកត់សម្គាល់ ក៏ប៉ុន្តែ អង់គ្លេស ហាក់​មិនមាន​សកម្មភាព​បន្ថែមទៀត​សោះ​ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់​តែមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​។ 
 
​ជាមួយគ្នានេះ តាម​ប្រភពព័ត៌មាន​ដដែល​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ លោក Philips Vermonte បានផ្តល់​អនុសាសន៍​ថា អង់គ្លេស​គួរ​ចាប់ផ្តើម​ផ្តល់​អាទិភាព និង​ធ្វើ​យុទ្ធសាស្ត្រ​ភ្ជាប់​ជាមួយនឹង​អាស៊ាន ក្រោយ​ដោះស្រាយ​បញ្ហា​នៃ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​។ 
 
​លោក Philips អះអាងថា ស្រប​ពេលដែល​បរិបទ​សកល​មានការ​ផ្លាស់ប្តូរ រួមទាំង​ការ​ប្រឈម​គ្នា​រវាង​មហាអំណាច​ពីរ​គឺ​អាមេរិក និង​ចិន ការពង្រឹង​ទំនាក់ទំនង​ជាមួយនឹង​អាស៊ាន គឺជា​គោលនយោបាយ​ការបរទេស​ដ៏​មាន​សារៈសំខាន់​ណាស់​សម្រាប់​អង់គ្លេស​។ លោក គូសបញ្ជាក់ថា អង់គ្លេស​មាន​សក្តានុពល​ជាច្រើន​ដើម្បី​ភ្ជាប់​ផ្សារ​ខ្លួន​ជាមួយ​តំបន់​អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្សារភ្ជាប់​លើ​វិស័យ​ធុរកិច្ច ក៏ដូចជា​ប្រវត្តិសាស្ត្រ និង​សេដ្ឋកិច្ច​ជាដើម​។​
 
​គួរ​ជម្រាប​ផងដែរ​ថា សហភាព​អឺរ៉ុប គឺជា​កិច្ចសន្ទនា​មួយ​របស់​អាស៊ាន ក្នុងចំណោម​ដៃគូ​សន្ទនា​សរុប​ទាំង​១០ រួមមាន អូស្ត្រាលី កាណាដា ចិន ឥណ្ឌា ជប៉ុន ណូ​វែ​ល​សេ​ឡង់ កូរ៉េខាងត្បូង រុស្ស៊ី និង​សហរដ្ឋអាមេរិក​។ កន្លងមក ទំនាក់ទំនង​អង់គ្លេស ជាមួយនឹង​អាស៊ាន ត្រូវបាន​ធ្វើឡើង​ក្រោម​ក្របខណ្ឌ និង​តាមរយៈ​សហភាព​អឺរ៉ុប​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  អង់គ្លេស​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com