ភ្នំពេញ៖ រយៈពេល៣ឆ្នាំនៃអាណត្តិខ្លួន ឯកអគ្គរាជទូតជប៉ុន បាននាំយកទាំងកម្ចី និងជំនួយជាង៥០០លានដុល្លារ មកកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលធ្វើឡើងក្រោយពីជំនួបជម្រាបលារបស់លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា នៅក្នុងអាណត្តិ៣ឆ្នាំនៃការបំពេញបេសកកម្មការទូតរបស់លោក HORINOUCHI នៅកម្ពុជានេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ (Japan ODA) ដែលមានទឹកប្រាក់សរុបជាង៥៥០លានដុល្លារអាមេរិក ដោយក្នុងនោះហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់ប្រមាណជិត១៥០លានដុល្លារ សម្រាប់គាំទ្រលើវិស័យជាច្រើនរួមមាន ផ្លូវ ស្ពាន ការផ្គត់ផ្គង់ទឹកស្អាត ថាមពលអគ្គិសនី អប់រំ សុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា។
ចំណែកទឹកប្រាក់ជាង៤០០លានដុល្លារ ជាឥណទានសម្បទានសម្រាប់ហិរញ្ញប្បទានបន្ថែមដល់គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ (ស្ពានព្រែកក្ដាម-ក្រុងប៉ោយប៉ែត) , គម្រោងអភិវឌ្ឍន៍ចំណតកុងតឺន័រកំពង់ផែស្វយ័តក្រុងព្រះសីហនុ, គម្រោងស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ និងគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច។
ត្រង់ចំណុចនេះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាននិយាយថា ក្នុងអាណត្តិកាទូតរបស់លោក HORINOUCHI នេះ បានបំពេញភារកិច្ច និងតួនាទីយ៉ាងសំខាន់ជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដោយសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ទាំងក្នុងទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងបានរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ «វិភាគទានរបស់ប្រជាជនជប៉ុន សុទ្ធសឹងតែគាំទ្រដល់យុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិរបស់កម្ពុជា»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។
លោក HORINOUCHI ឯកអគ្គរាជទូតជប៉ុនផុតអាណត្តិ បាននិយាយថា រដ្ឋាភិបាលជប៉ុននឹងបន្តពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការនានាលើគ្រប់វិស័យអាទិភាពជាមួយកម្ពុជា រួមទាំងបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីជួយដល់ការអភិវឌ្ឍ ,ការវិនិយោគសាធារណៈ និងឯកជននានានៅកម្ពុជា។
គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩នេះ ទំហំនៃការវិនិយោគ និងពាណិជ្ជកម្មជប៉ុន មានទឹកប្រាក់កើនឡើងជិត៥០០លានដុល្លារអាមេរិក រីឯការនាំចេញទៅជប៉ុន មានទឹកប្រាក់ជាង ១,៧០០លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា ទំហំនៃការវិនិយោគឯកជនពីប្រទេសជប៉ុន មានទឹកប្រាក់៤៤០លានដុល្លារអាមេរិក នៅឆ្នាំ២០១៨។ រីឯការនាំចេញពីកម្ពុជាទៅជប៉ុនវិញ មានទំហំទឹកប្រាក់១៦០០លានដុល្លារអាមេរិក។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕