វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
WHO៖ មីក្រូ​ប្លា​ស្ទិ​ក​នៅក្នុង​ទឹក​ផឹក មិនទាន់​ជា​ហានិភ័យ​ចំពោះ​សុខភាព​ឡើយ
25, Aug 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
កម្រិត​មីក្រូ​ប្លា​ស្ទិ​ក​នៅក្នុង​ទឹក​ពិសា​បច្ចុប្បន្ននេះ មិនមាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​មនុស្ស​ទេ ប៉ុន្តែ​ក៏ត្រូវ​តែមាន​ការស្រាវជ្រាវ​បន្ថែម​ទៅលើ​ហានិភ័យ​នាពេល​អនាគត​ដែរ​។ នេះ​បើតាម​ការប្រកាស​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​នា​ថ្ងៃទី​២២ ខែសីហា​។


​នៅក្នុង​របាយការណ៍​ដំបូង​នៃ​ស្តីពី​ផលប៉ះពាល់​របស់​មីក្រូ​ប្លា​ស្ទិ​ក​ទៅលើ​សុខភាព​មនុស្ស អង្គការ​សុខភាព​ពិភពលោក បាន​សង្កត់ធ្ងន់​ទៅលើ​មីក្រូ​ប្លា​ស្ទិ​ក​ដែលមាន​ចេញពី​រ៉ូ​បី​នេ និង​ក្នុង​ដប​ទឹក​។​
 
​អង្គការ​សុខភាព​ពិភពលោក និយាយថា ទិន្នន័យ​នៃ​វត្តមាន​មីក្រូ​ប្លា​ស្ទិ​ក​ក្នុង​ទឹក​បច្ចុប្បន្ន នៅមានកម្រិត ។ WHO បាន​អំពាវនាវ​ទៅដល់​ក្រុម​អ្នកស្រាវជ្រាវ​ឲ្យ​វាយតម្លៃ​ឲ្យ​បាន​ស៊ីជម្រៅ​ចំពោះ​មីក្រូ​ប្លា​ស្ទិ​ក និង​ផលប៉ះពាល់​ទៅលើ​សុខភាព​របស់​មនុស្ស ព្រមទាំង​បាន​ជំរុញ​ឲ្យ​កាត់បន្ថយ​ការបំពុល​ដោយ​ថង់​ប្លា​ស្ទិ​ក​ផងដែរ​។​
 
​បើតាម​របាយការណ៍​ដ​ដែល មីក្រូ​ប្លា​ស្ទិ​ក​ដែលមាន​ទំហំ​ធំ​ជាង ១៥០​មីក្រូ​ម៉ែត្រ គឺ​មិន​ត្រូវបាន​ស្រូប​ចូលក្នុង​ខ្លួន​របស់​មនុស្ស​ឡើយ ប៉ុន្តែ​ឱកាស​នៃ​ការ​ជ្រាបចូល​នៃ​ចុណ្ណភាគ​មីក្រូ​ប្លា​ស្ទិ​ក ដែល​តូច​ជាង​នោះ​អាចមាន​កម្រិត​ខ្ពស់​។ យោងតាម​ការចុះផ្សាយរ​បស់​កាសែត Bangkok Post​។​
 
«​ពួកយើង​ត្រូវតែ​ជំរុញ​ឲ្យ​មានការ​យល់ដឹង​បន្ថែម​ចំពោះ​ផលប៉ះពាល់​របស់​មីក្រូ​ប្លា​ស្ទិ​ក ព្រោះ​វា​ស្ថិតនៅ​គ្រប់​ទីកន្លែង រួមទាំង​នៅក្នុង​ទឹក​ដែល​យើង​បរិភោគ​។​» នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Maria Neira ប្រធាន​នាយកដ្ឋាន​សុខភាព​សាធារណៈ​នៃ​អង្គការ​សុខភាព​ពិភពលោក​។ លោកស្រី​បាន​បន្ថែមទៀតថា ពួកយើង​ក៏ត្រូវ​តែ​បញ្ឈប់​កំណើន​នៃ​ការបំពុល​ដោយ​ប្លា​ស្ទិ​ក ព្រោះ​នៅតែ​បញ្ហា​នេះ​បន្ត​មាន មីក្រូ​ប្លា​ស្ទិ​ក នឹង​បង្ក​គ្រោះថ្នាក់​ពាសពេញ​ពិភពលោក​។​
 
​ទាក់ទិន​បញ្ហា​នេះ អ្នកជំនាញ បាន​ណែនាំ​ពី​វិធី​ដែល​អាច​កាត់បន្ថយ​មីក្រូ​ប្លា​ស្ទិ​កបាន​ច្រើនជាង​៩០​ភាគរយ​ពី​ក្នុង​ទឹក​ដោយ​ការធ្វើ​ចម្រោះ​។ អង្គការ​សុខភាព​ពិភពលោក​បានលើកឡើង​ថា វិធានការ​ទាំងនេះ នឹងមាន​គុណប្រយោជន៍​ទ្វេដង ព្រោះ​វា​ក៏​នឹង​ដោះស្រាយ​បញ្ហា​នៃ​ទឹក​កខ្វក់​ដោយ​ច្រោះ​ពពួក​មីក្រុប ដែលជា​ភ្នាក់ងារ​បង្ក​រោគ និង​សារ​ធាតុគីមី​ដែល​អាច​បង្កឱ្យមាន​ជំងឺរាគ​រូស​ដល់​ស្លាប់​ផងដែរ​៕
 
​ដោយ ឈួន ឈី​វ​អ៊ីង​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com