វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ហេតុអ្វី​អាមេរិក​ប្រើ​ខ្នាត​រង្វាស់​សីតុណ្ហភាព «​ហ្វា​រិ​ន​ហៃ​» ខណៈ​ពិភពលោក​ប្រើ «​សែ​ល​ស្យុ​ស​»?
25, Aug 2019 , 3:33 pm        
រូបភាព
រូបភាព៖ WikiHow
រូបភាព៖ WikiHow
​គេ​ចែក​រង្វាស់​សីតុណ្ហភាព​ជា​បី​ធំៗ គឺ​ទីមួយ «​សែ​ល​ស្យុ​ស​-Celsius» ទី​ពីរ​គឺ «​ហ្វា​រិ​ន​ហៃ​-Fahrenheit» និង​ទី​បី «​កែ​ល​វិ​ន​-Kelvin»​។ ប៉ុន្តែ «​កែ​ល​វិ​ន​» ភាគច្រើន​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុង​ស្ថាប័ន​វិទ្យាសាស្ត្រ​តែប៉ុណ្ណោះ​។ ចុះ​ហេតុអ្វី​បានជា​សហរដ្ឋអាមេរិក​នៅតែ​ប្រើប្រាស់​ហ្វា​រិ​ន​ហៃ នៅពេលដែល​ប្រទេស​ជាច្រើន​ផ្សេងទៀត​ប្រើប្រាស់​សែ​ល​ស្យុ​ស​?

 
​សែ​ល​ស្យុ​ស មាន​តួលេខ​ស្រួល​ចំណាំ​ណាស់​ពោលគឺ ០ ដឺ​ក្រេ​កំណត់​ទឹក​ពេល​កក និង​១០០ ដឺ​ក្រេ​កំណត់​ទឹក​ពេល​ពុះ​។ សម្រាប់ ហ្វា​រិ​ន​ហៃ​វិញ គេ​បែរជា​កំណត់ ៣២​ដឺ​ក្រេ និង ២១២​ដឺ​ក្រេ សម្រាប់​លក្ខ​ខ​ណ្ខ​ដូចគ្នា​។ អាមេរិក​ក៏​នៅតែ​ប្រើប្រាស់​រង្វាស់​ទម្ងន់ និង​ប្រវែង​ប្លែក​ពី​គេ​ផងដែរ ដែលមាន​ឈ្មោះថា​ខ្នាត Imperial ។  
 
​ប៉ុន្តែ​សម្រាប់​ប្រធានបទ​មួយ​នេះ គេហទំព័រ​ព័ត៌មាន VOX បាន​បង្ហាញថា រង្វាស់​ហ្វែ​រិ​ន​ហៃ ធ្លាប់ជា​រង្វាស់​សីតុណ្ហភាព​មួយ​ដែល​ល្អ​គួរសម​ក្នុងការ​ប្រើប្រាស់​កាលពីពេល​៣០០​ឆ្នាំមុន​។ រង្វាស់​សីតុណ្ហភាព​មួយ​នេះ​ត្រូវបាន​រកឃើញ​ដោយ​លោក Daniel Gabriel Fahrenheit ដែលជា​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​អាល្លឺម៉ង់ កើត​ក្នុងប្រទេស​ប៉ូឡូញ​នៅក្នុង​ឆ្នាំ​១៦៨៦​។ នៅត្រឹម​អាយុ​២៨​ឆ្នាំ លោក​បាន​បង្កើត​ទែ​ម៉ូ​ម៉ែត្រ​ដែល​អាច​បញ្ជាក់​ពី​សីតុណ្ហភាព​យ៉ាងច្បាស់​លាស់ ក្នុង​កាលៈទេសៈ​ច្រើនយ៉ាង​។ 
 
​នេះ​មិនមែនជា​រឿង​ធម្មតា​នោះទេ ពីព្រោះថា​កាលពីពេល​៣០០​ឆ្នាំមុន ការវាស់ស្ទង់​សីតុណ្ហភាព​ឲ្យ​បានច្បាស់លាស់​នៅតែ​ជា​ភាព​ពិបាក​នៅឡើយ​។ តែ​ដើម្បី​ដឹង​ពី​កម្រិត​នៃ​សីតុណ្ហភាព​បាន លោក Fahrenheit ត្រូវ​ភ្ជាប់​វា​ជាមួយនឹង​ឯក​តា​លេខ​អ្វីមួយ​ដើម្បី​ងាយស្រួល​អាន យល់ និង​ពិនិត្យ​។ លោក​ក៏បាន​ដាក់ ០ ដឺ​ក្រេ​ជា​ចំណុច​ដែល​គាត់​អាចធ្វើ​ឲ្យ​សូលុយស្យុង​ទឹកអំបិល​កក ដាក់​សីតុណ្ហភាព​ខ្លួន​មនុស្ស​ត្រឹម​៩៦​ដឺ​ក្រេ ទឹក​ពុះ​នៅ​២១២​ដឺ​ក្រេ និង​ទឹកកក​ធម្មតា​នៅ ៣២​ដឺ​ក្រេ​។ 
 
​ក្នុង​ឆ្នាំ​១៧២៤ លោក Fahrenheit ត្រូវបាន​ស្ថាប័ន​វិទ្យាសាស្ត្រ​សំខាន់ៗ​នៃ​ចក្រភព​អង់គ្លេស​ទទួលស្គាល់​ឲ្យ​មក​ចូលរួម​ធ្វើការ ដោយសារតែ​ទែ​ម៉ូ​ម៉ែត្រ​ដ៏​ពិសេស​របស់លោក​។ ក្នុង​ពេលនេះ ចក្រភព​អង់គ្លេស​ក៏​កំពុងតែ​រវល់​គ្រប់គ្រង​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​ផងដែរ ជាមួយនឹង​អំណាច​នាវា​របស់ខ្លួន​។ ការគ្រប់គ្រង​ទាំងនោះ​បាន​នាំយក​រង្វាស់​ជាច្រើន​ប្រភេទ​ទៅជា​មួយ​ដូចជា ខ្នាត​សីតុណ្ហភាព​ហ្វា​រិ​ន​ហៃ និង​ខ្នាត​ទម្ងន់ និង​ប្រវែង Imperial មានដូចជា ផោន អោន​ស៍ ឬ​ហ្វី​ត ជាដើម​។ 
 
​ប៉ុន្តែ​ក្រោយមក ជាពិសេស​នៅក្នុង​ពាក់កណ្តាល​នៃ​សតវត្សរ៍​ទី​២០ ប្រទេស​ដែល​ធ្លាប់​នៅក្រោម​អាណានិគម​របស់​ចក្រភព​អង់គ្លេស​បាន​ងាក​មកប្រើប្រាស់​ប្រព័ន្ធ​រង្វាស់ Metric វិញ ដែលមាន​ដូចជា គីឡូម៉ែត្រ សង់ទីម៉ែត្រ លីត្រ ឬ ក្រាម​ជាដើម ដោយសារតែ​វា​មាន​ភាពងាយស្រួល​ក្នុង​ការគិត ជាង​ប្រព័ន្ធ​ខ្នាត Imperial ។ ក្នុងពេល​ជាមួយគ្នា​ដែរ ប្រទេស​ទាំងនោះ​ក៏បាន​ងាក​មក​ប្រើ សែ​ល​ស្យុ​ស ដែរ​។ សែ​ល​ស្យុ​ស​ជា​ខ្នាត​សីតុណ្ហភាព​មួយបែប​ទៀត រកឃើញ​ដោយ​លោក Anders Celsius ជា​ជនជាតិ​ស៊ុយអែត ក្នុង​ឆ្នាំ​១៧២៤​។ 
 
​បន្ទាប់ពី​សម័យ​បដិវត្តន៍​បារាំង ប្រព័ន្ធ Metric និង សែ​ល​ស្យុល​ត្រូវបាន​គេ​ប្រើប្រាស់​ច្រើនឡើងៗ​បន្តិច​ម្តងៗ​។ ប្រទេស​អង់គ្លេស និង​ប្រទេស​និយាយ​ភាសា​អង់គ្លេស​ជាច្រើន​ទៀត​ក៏បាន​ផ្លាស់ប្តូរ​មកប្រើប្រាស់ សែ​ល​ស្យុ​ស ជាមួយនឹង Metric វិញ​ដែរ ក្នុង​គោលបំណង់​ងាយស្រួល​ក្នុងការ​ទាក់ទង​ជា​តួរ​លេខ និង​ជាពិសេស​ទិន្នន័យ​បែប​វិ​ទ្យ​សាស្ត្រ ដែល​ទាមទារ​ឲ្យ​មាន​ភាពច្បាស់លាស់​ខ្លាំងណាស់​។ 
 
​ក្នុងនោះ អាមេរិក ដែល​ធ្លាប់​ស្ថិតនៅក្រោម​អាណានិគម​អង់គ្លេស ក៏​ធ្លាប់​សាកល្បង​ផ្លាស់ប្តូរ​មក សែ​ល​ស្យុ​ស និង Metric ដែរ នៅក្នុង​ឆ្នាំ​១៩៧៥ តែ​ត្រូវ​បានទទួល​បរាជ័យ​។ ប្រជាជន​ជាច្រើន​នាក់​បាន​ប្រឆាំង​ជាមួយនឹង​រឿងនេះ​ដោយសារ​ពួកគេ​មិន​ចង់​រៀន ឬ​ទទួល​រង្វាស់​វាស់វែង​ថ្មី​នោះទេ​។ អ្នកធ្វើដំណើរ​មិន​សប្បាយចិត្ត​ជាមួយនឹង​ស្លាក​សញ្ញា​ចរាចរណ៍​ដែល​សរសេរ គីឡូម៉ែត្រ​។ ទស្សនិកជន​មិន​សប្បាយ​ចិត្តនឹង​ស្ថាប័ន​ឧតុនិយម​ដែល​ប្រើប្រាស់ ខ្នាត​សែ​ល​ស្យុ​ស និង​អ្នកទិញ​ទំនិញ​មិន​សប្បាយចិត្ត​ជាមួយនឹង​ទំនិញ​ថ្លឹង​ជា​គីឡូក្រាម​។ 
 
​ការផ្លាស់ប្តូរ​មួយ​នេះ ត្រូវបាន​បញ្ចប់​ក្នុង​ឆ្នាំ​១៩៨២ ដោយ​ប្រធានាធិបតី Ronald Reagan ។ ដោយសារតែ​ហេតុនេះ ការប្រើប្រាស់​ហ្វែ​រិ​ន​ហៃ និង​រង្វាស់​ទម្ងន់​បែប Imperial បាន​បង្ក​ផលវិបាក​មួយចំនួន​ចំពោះ​អាមេរិក​។ ក្នុងនោះ​មានដូចជា​ភាពលំបាក​ក្នុង​ការគិត និង​បំបែក​តម្លៃ ដោយសារតែ​រង្វាស់​ទាំង​នោះ​មិនសូវមាន​លេខ​គត់ៗ​ស្រួល​ចំណាំ​។ មួយវិញទៀត​ក្រុមហ៊ុន​នានា​ក្នុង​សហរដ្ឋអាមេរិក​ត្រូវបង្កើត​តួរ​លេខ​ពីរ​ប្រភេទ មួយ​គឺ​សម្រាប់​រង្វាស់​ក្នុងស្រុក និង​មួយ​សម្រាប់​រង្វាស់​នាំ​ចេញទៅ​ក្រៅ​ស្រុក​។ ពេលខ្លះទៀត ការធ្វើ​រង្វាស់​បរិមាណ​ថ្នាំ​អាចធ្វើ​ឲ្យ​ការភ័ន្តច្រឡំ គ្រោះថ្នាក់​ដល់​អ្នកទទួល​ថ្នាំ​។ សិស្ស​និស្សិត​ត្រូវ​សិក្សា​ខ្នាត​រង្វាស់​ពីរ​ប្រភេទ​ផ្សេងគ្នា ដែល​ធ្វើ​ឲ្យ​ការសិក្សា​កាន់តែ​មាន​ភាព​ស្មុគស្មាញ​។ ចំណែក អង្គការ​អវកាស​អាមេរិក NASA ក៏​ធ្លាប់​បាត់បង់​ផ្កាយរណប​របស់ខ្លួន​មួយ​ឯ​ភព​អង្គារ​នៅក្នុង​ឆ្នាំ​១៩៩៩ ដែលមាន​តម្លៃ ១២៥​លាន​ដុល្លា ដោយសារតែ​បញ្ហា​មួយចំនួន​ក្នុងការ​បំបែក​ខ្នាត​រវាង​ប្រព័ន្ធ Imperial និង​ប្រព័ន្ធ Metric ៕

Tag:
 ចំណេះដឹង​ទូទៅ​
  រង្វាស់​
© រក្សាសិទ្ធិដោយ thmeythmey.com