ជាតិ
សង្គមជាតិ
លោក ខៀវ សុភ័គ​៖ កម្ពុជា​មិនអាច​សម្រួល​ឱ្យ​លោក អា​ឡិច ចូលមក​ឡើយ​
25, Aug 2019 , 6:59 pm        
រូបភាព
 នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​និយាយថា សកម្មជន​បរិស្ថាន ជនជាតិ​អេ​ស្ប៉ា​ញ លោក អា​ឡិច (Alejandro Gonzalez Davidson) មិនអាច​វិល​ចូលមក​កម្ពុជា​វិញ​បានទេ ព្រោះ​កម្ពុជា​មិនមាន​ច្បាប់​លុបឈ្មោះ​ជនបរទេស​ចេញពី​បញ្ជីខ្មៅ​ឡើយ​។

 
​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ​បាន​ពន្យល់ថា ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុ​ជា​បាន​ចែងថា ជនបរទេស ដែល​ត្រូវបាន​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា ដោយ​ក្រសួង​ប្រហា​ផ្ទៃ​ហើយ គឺ​មិនអាច​បាន​លប់ឈ្មោះ​ចេញ​នោះទេ​។ បើតាម​លោក សុភ័គ កម្ពុជា​គ្មាន​ច្បាប់​លុបឈ្មោះ​ចេញពី​បញ្ជីខ្មៅ ដើម្បី​សម្រួល​ឱ្យ​អ្នកណាម្នាក់​ចូលមក​កម្ពុជា​ឡើយ​។ 
 
​លោក​បាន​មានប្រសាសន៍ថា​៖« ច្បាប់​អន្តោប្រវេសន៍ ជន​ណា​ដែល​ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បណ្ដេញចេញ​ហើយ មិនអាច​វិល​មក​កម្ពុជា​វិញ​នោះទេ​»​។ 
 
​លោក អា​ឡិច ត្រូវបាន​តុលាការ​ខេត្តកោះកុង​សម្រេច​ទម្លាក់​បទចោទប្រកាន់ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​សមគំនិត កាលពី​ថ្ងៃទី​២២ សីហា ឆ្នាំ​២០១៩​។ 
 
​គួររម្លឹកថា លោក អា​ឡិច ដែលជា​ស្ថាបនិក​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ ត្រូវបាន​តុលាការខេត្ត​កោះកុង​ចោទ​ពីបទ​សមគំនិត​ក្នុង​បទ​គំរាមកំហែង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​អណ្ដូងទឹក ឃុំ​អណ្ដូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៥​។ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៥ សកម្មជន​បរិស្ថាន​ជនបរទេស ដែល​ការពារ​តំបន់​អា​រ៉ែ​ង​រូបនេះ ត្រូវបាន​អាជ្ញាធរ បញ្ជូន​ចេញពី​កម្ពុជា​៕
 
 
 
 

Tag:
 ខៀវ សុភ័គ​
  អា​ឡិច​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com