ជាតិ
សង្គមជាតិ
ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប​យក​ថ្ងៃ​សម្រាក​ធ្វើ​យុទ្ធនាការ​រើស​សំរាម​ក្នុង​ទីក្រុង​
25, Aug 2019 , 9:30 pm        
រូបភាព
ដោយ: ថ្មីៗ
 ​សៀមរាប​៖ ក្រុម​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប បាន​សហការគ្នា​ចូលរួម​ធ្វើ​យុទ្ធនាការ​រើស​សំរាម​ក្នុង​ក្រុង ក្នុង​បំណង​ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ក្រុង ក៏ដូចជា​បំផុស​ចលនា​ទីក្រុង​ស្អាត​។ ក្រុម​ប្រតិបត្តិ​ករ​ដែល​មកពី​តាម​បណ្ដា​សណ្ឋាគារ និង​ក្រុមការងារ​របស់​អាកាស​យានដ្ឋាន​អន្ដរជាតិ​សៀមរាប បាន​ចំណាយពេល​ថ្ងៃ​សម្រាក​របស់ខ្លួន ធ្វើ​យុទ្ធនាការ​ដ៏​មាន​សារសំខាន់​មួយ​នេះ​ដែលជា​ចំណែក​ដ៏​មាន​ប្រយោជន៍​ក្នុង​កិច្ចការ​សង្គមជាតិ​។​

 
​លោក តែម ចន្ថា តំណាង​សណ្ឋាគារ ណេ​ឆើ​រា​រី​សត សៀមរាប (Natura Resort Siem Reap) បានឱ្យដឹងថា កម្មវិធី​សម្អាត​បរិស្ថាន​នៅ​ព្រឹក​ថ្ងៃទី​២៥ សីហា គឺធ្វើឡើង​នៅតាម​បណ្ដោយ​ផ្លូវ​មុខ​ព្រលានយន្តហោះ​អន្ដរជាតិ​សៀមរាប និង​តាម​ប្រឡាយ​អូរ​ជុំវិញ ចាប់​ពីមុខ​ព្រលានយន្តហោះ​រហូតដល់​រង្វង់​មូល​ជ័យ​វរ្ម័នទី​៧ និង​ពីមុខ​ព្រលាន​ដល់​មុខ​ភោជនីយដ្ឋាន​នាង​ពៅ (​ផ្លូវ​ឆ្ពោះទៅមុខ​អង្គរវត្ត​)​។ កម្មវិធី​ដែលមាន​អ្នកចូលរួម​ប្រមាណ​៥០០​នាក់​ដែលជា​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​បុគ្គលិក​ក្រុមហ៊ុន​រើស​សំរាម GAEA ក្នុង​បំណង​ដើម្បី​សុខុមាលភាព​ប្រជាពលរដ្ឋ សោ​ភណ្ឌ​ភាព​ទីក្រុង​សៀមរាប​ឱ្យ​ស័ក្ដិ​សមជា​គោលដៅ​ទេសចរណ៍ និង​ជាទី​ក្រុង​ទេសចរណ៍វប្បធម៌​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​។​
 
 
​គួរ​បញ្ជាក់ថា ក្នុង​បំណង​ដើម្បី​ទីក្រុង​សៀមរាប​ក្លាយជា​ទីក្រុង​ស្អាត និង​មាន​ភាព​បៃតង កន្លងមក​ទាំង​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ បានបង្ហាញ​ការចូលរួម​ជា​សកម្មភាព​តាមរយៈ​ការ​រើស​សំរាម និង​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ តួយ៉ាង​ករណី​អ្នករកស៊ី​នៅ​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប ពួកគេ​យល់ថា នៅពេល​បរិស្ថាន​ស្អាត ការរកស៊ី​ទទួល​ពួកគេ​ក៏​ទទួលបាន​ភ្ញៀវ​ច្រើន​ផងដែរ​។ បន្ថែម​ពី​នោះ ពួកគេ​បាន​ព្យាយាម​ប្រើប្រាស់​សម្ភារ​ជំនួស​ឡើងវិញ ដោយ​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ផងដែរ​៕
 












Tag:
 បរិស្ថាន​
  សំរាម​
  ប្រតិបត្តិ​ករ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com