ជាតិ
សង្គមជាតិ
អ្នក​មិន​ប្រើ​ប្លា​ស្ទិ​ក ដាស់តឿន​ថា «​ប្រើ​ប្លា​ស្ទិ​ក​ថ្ងៃនេះ ប៉ះពាល់​ជីវិត​ថ្ងៃក្រោយ​»
25, Aug 2019 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បច្ចុប្បន្ន ថង់​ប្លា​ស្ទិ​ក​ជា​ផលិតផល​វេច​ខ្ចប់​ដ៏​ពេញនិយម​នៅ​កម្ពុជា​។ ប្លា​ស្ទិ​ក ត្រូវបាន​គេ​ចាត់ទុកថា​ជា​អាវុធ​មុខ​ពីរ ដែល​អាច​ផ្តល់​ភាពងាយស្រួល​សម្រាប់​វេច​ខ្ចប់​អីវ៉ាន់ ឬ​អាហារ​ផ្សេងៗ ប៉ុន្តែ​ក៏បង្ក​ជា​បញ្ហា​គំរាមកំហែង​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ស្ថានភាព​រស់នៅ​របស់​មនុស្ស សត្វ និង​រុក្ខជាតិ​ផងដែរ​។ ដោយ​យល់ឃើញថា​បញ្ហា​សំរាម​ប្លា​ស្ទិ​ក​កំពុងតែ​កើនឡើង​នៅ​កម្ពុជា យុវជន​កម្ពុជា និង​ម្ចាស់​អាជីវករ​មួយចំនួន បាន​ផ្លាស់ប្តូរ​ឥរិយាបថ​ដោយ​គិតដល់​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។




​ទម្លាប់​ប្រើប្រាស់​ប្លា​ស្ទិ​ក​ស្ទើរ​តែមាន​លើ​ពលរដ្ឋ​គ្រប់រូប​តាំងពី​យូរ​ទៅហើយ​។  មាន​ពលរដ្ឋ ឬ​ម្ចាស់​អាជីវកម្ម លក់ដូរ​តូចធំ ច្រើនណាស់​ដែល​និយម​ប្រើប្រាស់​ប្លា​ស្ទិ​ក​សម្រាប់​វេច​ខ្ចប់​អាហារ ឬ​ដាក់​របស់របរ​ប្រើប្រាស់​ផ្សេងៗ​។ ប្លា​ស្ទិ​ក​ត្រូវបាន​គេ​ចាត់ទុកថា​ជា​របស់​ចាំបាច់​មួយ​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។ តែ​ផ្ទុយ​មកវិញ​ប្លា​ស្ទិ​ក​ក៏​ជា​វត្ថុ​ម្យ៉ាង​ដែល​នាំ​ឲ្យ​មនុស្ស​មាន​បញ្ហា​សុខភាព​នៅ​ថ្ងៃ​ខាងមុខ​ផងដែរ​។​
 
កញ្ញា សុធាវី​៖ សុខចិត្ត​រស់នៅ​ខុសគេ តែ​មិន​សុខចិត្ត​បំផ្លាញ​បរិស្ថាន​ដោយ​ប្រើប្រាស់​ប្លា​ស្ទិ​ក​

​ចំពោះ​អ្នក​ដែល​ស្រឡាញ់​បរិស្ថាន​ជុំវិញខ្លួន និង​ចូលចិត្ត​ភាពស្រស់​បំព្រង​នៃ​ធម្មជាតិ គេ​តែង​គិតគូរ​ពី​បញ្ហា​ប្លា​ស្ទិ​ក​ជា​ចម្បង ព្រោះ​ប្លា​ស្ទិ​កមាន​ឥទ្ធិពល​ខ្លាំង​ដល់​បរិស្ថាន​។ កញ្ញា អាត សុធាវី បាន​កែប្រែ​ខ្លួនឯង​ឲ្យ​នៅ​ឆ្ងាយ​ពី​ប្លា​ស្ទិ​ក​តាំងពី​កញ្ញា​សង្កេតឃើញ​សំរាម​ភាគច្រើន​នៅ​កម្ពុជា​គឺ​សុទ្ធតែជា​សំរាម​ប្លា​ស្ទិ​ក​។ រាល់​ពេលដែល​កញ្ញា​ចាក​ចេញពីផ្ទះ​ម្ដងៗ កញ្ញា​តែងតែ​ភ័យព្រួយ​ពី​សុខភាព និង​បរិស្ថាន ទើប​ធ្វើ​ឲ្យ​កញ្ញា​មានគំនិត​ចង់​ផ្លាស់ប្តូរ​ទម្លាប់​មក​ប្រើ​ជា កែវ​ទឹក កាបូបយួរ ប្រអប់​បាយ និង​របស់​ផ្សេងៗ​ដែលជា​របស់​ខ្លួនឯង ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។  

  
 
​ដៃ​ម្ខាង​កាន់​ប្រអប់​ដាក់​ផ្លែ​ទុរេន​បិទ​ជិត ហើយ​ដៃ​ម្ខាង​ទៀត​កាន់​ដប​ទឹក កញ្ញា សុធាវី ដែល​រស់នៅ​ដោយ​គ្មាន​ប្លា​ស្ទិ​ក​ប្រមាណ​ជាង​២​ឆ្នាំ​មកហើយ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់ខ្ញុំ គឺ​ខ្ញុំ​ព្យាយាម​កាត់បន្ថយ​ការប្រើប្រាស​ប្លា​ស្ទិ​ក​តាមតែ​អាចធ្វើ​ទៅបាន ដោយ​ខ្ញុំ​ប្រើ​ដប​ទឹក​សម្រាប់​ដាក់​ទឹក និង​សម្រាប់​ទិញ​កាហ្វេ​។ នៅពេល​ខ្ញុំ​ចង់​ទិញ​អាហារ​ខ្ចប់ ខ្ញុំ​តែងតែ​ឲ្យ​គេ​ដាក់​ក្នុង​ប្រអប់​របស់ខ្ញុំ​។ ដោយឡែក​របស់របរ​ដែល​ខ្ញុំ​ប្រើប្រាស់ ឬ​របស់​ដែល​បាន​ទិញ «​ខ្ញុំ​ប្រើ​ថង់​ក្រណាត់ ជាជាង​ប្រើ​ថង់​បា្ល​ស្ទិ​ក​»​។ «​ដំបូង​ឡើយ មាន​គេ​ថា​ឲ្យ​ខ្ញុំ​រឿង​កាន់​កាបូប​យួរដៃ កែវ​ទឹក ប្រអប់​បាយ​ហ្នឹង​ដែរ​។ គេ​ថា​ខ្ញុំ​ចម្លែក​គ្រប់ៗ​គ្នា តែ​រហូតដល់​ខ្ញុំ​បាន​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ហ្នឹង​មក គេ​ក៏​យល់ដឹងបាន​ច្រើន ហើយ​គេ​ក៏​ប្រើប្រាស់​តាម​ខ្ញុំ​ផងដែរ​»​។  
 
​ទម្លាប់​មិន​ប្រើប្រាស់​ប្លា​ស្ទិ​ក​របស់​កញ្ញា សុធា​រី បាន​ផ្លាស់ប្តូរ​ឲ្យ​កញ្ញា និង​មនុស្ស​ជុំវិញ​កញ្ញា ខ្ពើម​រអា​នឹង​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ ការរស់នៅ​ដោយ​គ្មាន​ប្លា​ស្ទិ​ក ក៏បាន​ក្លាយជា​គំនិត​មួយ​សម្រាប់​ឲ្យ​កញ្ញា សុធា​រី បង្កើតជា​យុទ្ធនាការ​មួយ​ដែលមាន​ឈ្មោះថា «​សុំ​គិតពី​ប្លា​ស្ទិ​ក​» (Think Plastic) ដោយ​យុទ្ធនាការ​នោះ​គឺជា​ការរៀបរាប់ ពន្យល់ ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ កំពុង​អង្គុយ​នៅ​ទី​អាហា​រដ្ឋា​ន​មួយកន្លែង​ដែល​គ្មាន​របស់​ប្លា​ស្ទិ​ក ដែល​កញ្ញា​ឧស្សាហ៍​មក​ជជែក​ពី​ការងារ​ផ្សេងៗ កញ្ញា បាន​អះអាងថា ការបង្កើត​យុទ្ធនាការ​នេះ​ឡើង គឺ​ដើម្បី​ជំរុញ​លើកទឹកចិត្ត និង​បំផុសស្មារតី​ឲ្យ​ពលរដ្ឋ​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​កនៅ​កម្ពុជា​។ 
 
​នាយ​យ៉ាន​៖ បើ​ស្រឡាញ់​ប្រទេស​របស់ខ្លួន គឺ​ត្រូវ​ស្រឡាញ់​បរិ​សា្ថ​ន​ជុំវិញខ្លួន​

​លោក យ៉ាន ជនជាតិ​បារាំង ដែល​ចេះ​និយាយ​ខ្មែរ ហើយ​បច្ចុប្បន្ន ជា​អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ក៏​ជា​មនុស្ស​ម្នាក់ ដែល​ព្យាយាម​ឈប់​ប្រើប្រាស់​ប្លា​ស្ទិ​ក​ផងដែរ​។ នាយ​យ៉ាន  ដែល​គេ​ធ្លាប់​ស្គាល់​តាមរយៈ​ការលេង​កំប្លែង​តាម​ទូរទស្សន៍ បាន​លើកឡើងថា លោក ព្យាយាម​ផ្លាស់ប្តូរ​ពី​ការប្រើប្រាស់​ដប​ទឹក​ប្លា​ស្ទិ​ក មក​ប្រើ​ដប​ទឹក​បរិស្ថាន ដែល​ដាក់​តាម​ជាប់​ខ្លួន​ជា​រៀងរាល់ថ្ងៃ​។ រាល់ពេល​ដែល​លោក ទិញ​កាហ្វេ ឬ​ភេសជ្ជៈ​ផ្សេងៗ គឺ​លោក​តែងតែ​ឲ្យ​គេ​ដាក់​នៅក្នុង​ដប​ទឹក​បរិស្ថាន​របស់លោក​ជានិច្ច​។  

  
 
​នាយ​យ៉ាន មាន​ទម្លាប់​រស់នៅ​បែបនេះ​រយៈពេល​ជិត​២​ឆ្នាំ​ហើយ ដែល​វា​មិនសូវ​ជា​រឿង​ពិបាក​សម្រាប់​លោក​នោះទេ ក្នុងការ​ក្លាយខ្លួនជា​មនុស្ស​ខុសគេ​នៅក្នុង​សង្គម​។ ថ្វី​ដ្បិត នាយ​យ៉ាន មិនទាន់​អាច​ផ្តាច់ខ្លួន​ចេញពី​ការប្រើប្រាស់​ប្លា​ស្ទិ​កបាន​ទាំងស្រុង​ពិតមែន ប៉ុន្តែ​លោក​តែងតែ​ដាស់តឿន​ខ្លួនឯង​មិន​ឲ្យ​ប្រើប្រាស់​ប្លា​ស្ទិ​ក​តទៅទៀត​។ នាយ​យ៉ាន និយាយ​ដូច្នេះ​ថា​៖«​ការផ្លាស់ប្តូរ​ខ្លួនឯង​មិន​ឲ្យ​ប្រើប្រាស់​ប្លា​ស្ទិ​ក មិនមែនជា​រឿង​ដ៏​ពិបាក​នោះទេ​។ អ្វីដែល​ពិបាក​នោះ​គឺ​មនុស្ស​ដែល​មិនទាន់​យល់​ពី​បញ្ហា​បរិស្ថាន ដោយសារ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​»​។ 
 
​សម្រាប់​នាយ​យ៉ាន ការរស់នៅ​ដោយ​គ្មាន​ប្លា​ស្ទិ​ក ជា​ចំណែក​មួយ​កាត់បន្ថយ​ប្លា​ស្ទិ​កនៅ​ជុំវិញខ្លួន និង​គាំពារ​បរិស្ថាន​។ មិន​ត្រឹមតែ​ព្យាយាម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នៅក្នុង​ជីវភាព​រស់នៅ​នោះទេ នាយ​យ៉ាន ក៏​តែង​ប្រើ​ឧបករណ៍​ដែល​បញ្ចេញ​ថាមពល​តិច​ផងដែរ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​។ បើទោះបី​ដឹងថា​ខ្លួន​មិនបាន​ធ្វើ​ឲ្យ​សង្គម​មានការ​ផ្លាស់ប្តូរ​ច្រើន តែ​នាយ​យ៉ាន ពិតជា​សប្បាយ​ចិត្តនឹង​ទម្លាប់​រស់នៅ​របស់ខ្លួន​ដោយ​គ្មាន​ប្លា​ស្ទិ​ក​។ 
 
​អ្នកស្រី សុខ​លីម​៖ ដើម្បី​ឲ្យ​កម្ពុជា ថយ​ការប្រើ​ប្លា​ស្ទិ​ក គឺ​ផ្តើម​ពី​ពលរដ្ឋ និង​អា​ជីករ ដែល​ចេះ​គិតពី​បរិស្ថាន  

​ក្នុងចំណោម​ពលរដ្ឋ​ដែល​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ម្ចាស់​អាជីវករ​ផ្សេងៗ​ដូចជា អ្នកលក់​ភេសជ្ជៈ កាហ្វេ អាហារ និង នំចំណី ជាដើម ក៏ត្រូវ​យកចិត្តទុកដាក់​លើ​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ផងដែរ ដើម្បី​ឲ្យ​ចំនួន​ប្លា​ស្ទិ​កនៅ​កម្ពុជា​មានការ​ថមថយ​ទាំង​នៅក្នុង​ជីវភាព​រស់នៅ និង​ក្នុង​បរិស្ថាន​។ អ្នកស្រី ស្រ៊ុន សុខ​លីម មា្ច​ស់ហា​ង Eleven one planet បាន​បើកហាង​អាហា​រដ្ឋា​ន​មួយ​ដោយ​គ្មាន​ប្រើ​ប្លា​ស្ទិ​ក​។  ទុយោ​ដែល​ធ្វើ​ពី​ឫស្សី ថង់​ធ្វើ​ពី​ដំឡូង​មី កែវ​ទឹក និង​ប្រអប់​ដែល​ធ្វើ​ពី​កាក​អំពៅ គឺជា​របស់របរ​សម្រាប់​បម្រើភ្ញៀវ​ក្នុង​ហាង​របស់​អ្នកស្រី​រយៈពេល​ជិត​២​ឆ្នាំ​មកហើយ​។ លោកស្រី សុខ​លីម ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​ភ្ញៀវ​ដែល​មក​ពិសា​អាហារ​នៅ​ហាង​របស់​លោកស្រី​។ ភ្ញៀវ​ដំបូង​ដែល​បាន​មកដល់​ហាង​របស់​អ្នកស្រី ពិតជា​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​ផលិតផល​ដែល​មិនមែនជា​ប្លា​ស្ទិ​ក​។ 

  
 
​អ្នកស្រី  សុខ​លីម មិន​ត្រឹម​អនុវត្ត​សកម្មភាព​នៅក្នុង​ហាង​របស់​អ្នកស្រី​នោះទេ សូម្បីតែ​ការរស់នៅ​របស់លោក​ស្រី​ក៏​នៅ​ឆ្ងាយ​ពី​បា្ល​ស្ទិ​ក​ផងដែរ​។ អ្នកស្រី មាន​ទស្សនៈ​ថា​៖«​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក គឺ​ផ្តើមចេញពី​យើងទាំងអស់គ្នា សម្រាប់​ជា​គំរូ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​ជៀស​ឆ្ងាយ​ពី​ប្លា​ស្ទិ​ក​»​។ 
 
​ចាប់តាំងពី​ហាង​របស់​អ្នកស្រី សុខ​លីម ប្រើប្រាស់​កែវ​ទឹក ទុយោ​ឫស្សី ចាន​ស្នោ​ច្នៃ​ពី​កាក​អំពៅ និង​ថង់​ច្នៃ​ពី​ដំឡូង​មី​មក ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​ភ្ញៀវ​បរទេស​ច្រើនជាង​ភ្ញៀវ​ខ្មែរ និង​បានធ្វើ​ឲ្យ​ភ្ញៀវ​ខ្លះ​ភ្ញាក់រលឹក​ឡើងវិញ និង​ជំរុញ​ឲ្យ​ភ្ញៀវ​យល់ច្បាស់​ពី​បញ្ហា​ប្រើប្រាស់​ប្លា​ស្ទិ​ក​។ នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​វិញ លោកស្រី ក៏មាន​ទម្លាប់​កាន់​ដប​ទឹក យួរ​កាបូបដៃ ទៅគ្រប់​ទីកន្លែង​។ ទម្លាប់​ទាំងនេះហើយ ដែល​បានធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​អ្នកស្រី មើលឃើញថា​លោកស្រី​ជា​មនុស្ស​ចម្លែក​។ ប៉ុន្តែ​ដោយសារតែ​អ្នកស្រី​អនុវត្ត​សកម្មភាព​នេះ​រាល់ថ្ងៃ ទើប​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​អ្នកស្រី យក​គំរូ​តាម និង​អនុវត្តតាម​ទៀតផង​។ 
 
​ដើម្បី​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ម្ចាស់​អាហារ​ដ្ឋា​ន​រូបនេះ នឹង​បញ្ចុះតម្លៃ​២០​ភាគរយ សម្រាប់​អ្នក​ដែល​ទៅ​ពិសា​ក្នុង​ហាង​របស់​អ្នកស្រី ដោយ​យក​កែវ និង​ប្រអប់​បាយ​ទៅជា​មួយ​។ លោកស្រី ប្រាប់ថា ថ្វី​ដ្បិត​មានការ​បញ្ចុះតម្លៃ​ពិតមែន តែមាន​ភាគតិច​ណាស់ដែ​ល​យក​កែវ និង​ប្រអប់​មក​វេច​ខ្ចប់​សម្រាប់​ពិសា​នៅក្នុង​ហាង​របស់​អ្នកស្រី​។ ម្ចាស់​អាហារ​ដ្ឋា​ន​រូបនេះ និយាយថា​៖«​ក្នុង​ហាង​របស់ខ្ញុំ​សឹងតែ​៩៩​ភាគរយ​ហើយ ដែល​មិន​ប្រើប្រាស់​ប្លា​ស្ទិ​ក​ទាល់តែសោះ​។ ដូច្នេះ​វា​បង្ក​ភាពងាយស្រួល​ដល់​ភ្ញៀវ​ដែល​មក​ពិសា​ក្នុង​ហាង​របស់ខ្ញុំ​ដោយ​មិនចាំបាច់​ប្រើប្រាស់​របស់​ផ្ទាល់ខ្លួន​មក​វេច​ខ្ចប់​ឡើយ​។ ប៉ុន្តែ​បើ​គាត់​មាន​របស់​ខ្លួនឯង យើង​ក៏​លើកទឹកចិត្ត​គាត់​ដោយ​បញ្ចុះតម្លៃ​សម្រាប់​គាត់​ផងដែរ​»​។ 
 
​ពាណិជ្ជករ​អាមេរិក​៖ ៥​ឆ្នាំ​ទៀត ពលរដ្ឋ​ខ្មែរ អាច​នឹង​យល់​ច្រើន​ពី​ផលប៉ះពាល់​នៃ​ការប្រើ​ប្លា​ស្ទិ​ក​
​ទម្លាប់​ប្រើ​ប្លា​ស្ទិ​ក នៅតែ​ស្ថិតក្នុង​គំនិត​របស់​ពលរដ្ឋ​ទូទៅ ដែល​មិនអាច​កែប្រែបាន​ទាំងស្រុង​នោះទេ បានត្រឹមតែ​កាត់បន្ថយ​បន្តិច​ម្តងៗ​តែប៉ុណ្ណោះ​។ អ្នកស្រី Sandy Kotan អ្នកតំណាង​ចែកចាយ​ផលិតផល​ដប​ទឹក ស្លាបព្រា​ច្នៃ​ពី​ឈើ ចាន ប្រអប់​ស្នោ​ធ្វី​ពី​កាក​អំពៅ សម្រាប់​ផ្គត់ផ្គង់​នៅ​ទីផ្សារ​កម្ពុជា បាន​និយាយថា អ្នកស្រី​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រួមគ្នា​ប្រើប្រាស់​ផលិតផល​ដែល​គ្មាន​ជាតិ​ប្លា​ស្ទិ​កនៅ​កម្ពុជា​។ ជា​អ្នករស់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​អស់​រយៈ​៥​ឆ្នាំ​មកហើយ លោកស្រី kotan ចង់ឃើញ​ប្រទេស​ខ្មែរ​មាន​សោភ័ណភាព ដោយ​គ្មាន​សំរាម​ប្លា​ស្ទិ​ក​ធ្លាក់​ដល់​ដី​។​


 
​អ្នកស្រី Kotan បាន​ឲ្យ​ដឹងថា អ្នក​ដែលមាន​លទ្ធភាព​ជាវ​ផលិតផល​របស់​អ្នកស្រី ភាគច្រើន​ជា​ម្ចាស់​អាជីវកម្ម លក់​បាយ​ម្ហូប ឬ​ហាង​កាហ្វេ​ជាដើម​។ លោកស្រី បាន​និយាយថា ការ​ចែកចាយ​ផលិតផល​ទាំងនោះ ហាក់បី​មិនទាន់មាន​ភាពទូលំទូលាយ​នៅឡើយ​ទេ ដោយសារ​ផលិតផល​របស់​អ្នកស្រី​នៅមាន​តម្លៃ​ថ្លៃ បើ​ធៀប​នឹង​ផលិតផល​ដែល​ធ្វើ​ពី​បា្ល​ស្ទិ​ក​។ អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា​៖«៣​ទៅ​៥​ឆ្នាំ​ទៀត ពលរដ្ឋ​ខ្មែរ​នឹង​យល់ដឹង​កាន់តែច្រើន​ពី​ផលប៉ះពាល់​ការប្រើប្រាស់​ប្លា​ស្ទិ​ក​តាមរយៈ​ការផ្សព្វផ្សាយ​ពី​បញ្ហា​ប្លា​ស្ទិ​ក​។ 
 
​តំណាង​អង្គការ​រុក្ខជាតិ​៖ ប្លា​ស្ទិ​ក ហុច​ផល​អាក្រក់​ដល់​សុខភាព​មនុស្ស បរិស្ថាន និង សត្វ​

​អ្នកស្រី ឆឹង សុធា​វ៉ាន់ សមាជិក​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា បាន​កត់សម្គាល់ថា បញ្ហា​សំរាម​បា្ល​ស្ទិ​ក​ពិតជា​រឿង​គួរ​ឲ្យ​បារម្ភ ដែល​ប៉ះពាល់​ដល់​បរិស្ថាន រុក្ខជាតិ និង​សត្វ​ដែលមាន​នៅក្នុង​សមុទ្រ​។ អ្នកស្រី មានប្រសាសន៍​បែបនេះ​ថា​៖«​សំរាម​ប្លា​ស្ទិ​ក​ដែល​មាននៅ​កម្ពុជា គឺ​បាន​ហុច​ផល​អាក្រក់​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស និង​សត្វ​យ៉ាងធ្ងន់ធ្ងរ​។​
 
​បើតាម​អ្នកស្រី សុធា​វ៉ាន់ ក្នុង​មួយ​គ្រួសារ យ៉ាងហោចណាស់​ប្រើ​ថង់​ប្លា​ស្ទិ​ក​១២​ថង់ ដែល​បោះចោល​នៅក្នុង​ថង់​សំរាម​។ បើ​គិត​ក្នុង​មួយ​សប្តាហ៍​វិញ ប្រើ​យ៉ាងហោចណាស់​ប្លា​សិ​ក​៥០​ថង់​ក្នុង​មួយ​គ្រួសារ​។     

  
 
​អ្នកស្រី សម្តែង​ក្តី​ព្រួយបារម្ភ​ពី​កំណើន​ប្លា​ស្ទិ​ក​។ អ្នកស្រី ថ្លែងថា ប្លា​ស្ទិ​កមាន​សារធាតុ​គីមី ដែល​ងាយ​ឲ្យ​មនុស្ស និង​សត្វ​មាន​បញ្ហា​សុខភាព​។ អ្នកស្រី បន្តថា ថង់​បា្ល​ស្ទិ​ក ស្នោ​ប្លា​ស្ទិ​ក និង​ដប​ប្លា​ស្ទិ​ក អាច​បំបែក និង​រលាយ​ទៅវិញ ក្នុង​រយៈពេល​១​ពាន់​ឆ្នាំ​។ 
 
​តំណាង​អង្គការ​សត្វព្រៃ​និង​រុក្ខជាតិ​រូបនេះ បន្ថែមថា សារធាតុ​ទាំងនោះ អាច​បំបែក​ទៅជា​ភាគល្អិត​តូចៗ​ដែល​អាច​បំផ្លាញ ជីវចម្រុះ​សមុទ្រ និង​សត្វ​នៅក្នុង​សមុទ្រ ដោយសារតែ​ធ្វើ​ឲ្យ​ស្ទះដង្ហើម​។ ប្លា​ស្ទិ​កមាន​ច្រើន​ប្រភេទ ដូចជា ដប​ទឹក ចាន​ស្នោ ថង់ ដែល​វត្ថុ​ទាំងអស់នោះ​មាននៅ​ក្នុង​គ្រប់​ទីកន្លែង សូម្បីតែ​នៅក្នុង​សមុទ្រ​ក៏មាន​សំរាម​ប្លា​ស្ទិ​ក​៨០​ភាគរយ​ជា​សំណល់​បា្ល​ស្ទិ​ក​ផងដែរ​។ 
 
​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​៖ ១​ឆ្នាំ មាន​សំរាម​៤​លាន​តោន ហើយ​ប្លា​ស្ទិ​កមាន​៥៦​ភាគរយ​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា នៅ​កម្ពុ​ជាមាន​សំរាម​ក្នុង​មួយឆ្នាំ៤​លាន​តោន ដោយនៅ​ក្នុងនោះ​សំរាម​ប្រមាណ​៥៦​ភាគរយ ត្រូវបាន​ដឹកយក​ទៅ​ទីលាន​សំរាម​។ លោក បញ្ជាក់ថា ក្នុង​ចំណា​ម​សំរាម​ទាំង​៤​លាន​តោន​នោះ មាន​សំរាម​ប្លា​ស្ទិ​ក​២០​ភាគរយ ដែល​គេ​យកទៅ​ច្នៃ​ប្រើប្រាស់​ឡើងវិញ និង​២០​ភាគរយ​ទៀត​ត្រូវបាន​ពលរដ្ឋ​យកទៅ​បោះចោល​នៅ​ទីសាធារណៈ​។​
 
​បើតាម​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន រាជធានី​ភ្នំពេញ មាន​សំរាម​ច្រើនជាងគេ ដែលមាន​ដល់​ទៅ​៣​ពាន់​តោន (​ប្លា​ស្ទិ​កមាន​ប្រមាណ​១៧,៣​ភាគរយ​) ខេត្តសៀមរាប មាន​៣៨០​តោន (​ប្លា​ស្ទិ​កមាន​២០,៧​ភាគរយ​)  និង ខេត្ត​ព្រះសីហនុ មាន​ប្រមាណ​៧០០​តោន (​ប្លា​ស្ទិ​ក មាន​៣៤​ភាគរយ​) ដែល​ប្រើប្រាស់​នៅក្នុង​មួយថ្ងៃ​។ លោក លើកឡើងថា ហេតុផល​ដែលមាន​សំរាម​ប្លា​ស្ទិ​ក​ច្រើន​បែបនេះ ដោយសារតែ កំណើនសេដ្ឋកិច្ច​មានកា​រ​រីកចម្រើន សង្គម​មានការ​ចាយវាយ​កាន់តែច្រើន ហើយ​ងាក​ទៅប្រើ​ប្រាស់​ផលិតផល​កាន់តែ​ស្រួល តែ​ទន្ទឹម​ភាពងាយស្រួល បាន​ប៉ះពាល់​ដល់​បរិស្ថាន​សង្គម​យ៉ាងធ្ងន់ធ្ងរ​ដែលជា​ក្តីបារម្ភ​ផងដែរ​។​
 
​លោក ង៉ែត បុល អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​សំណល់​រឹង​នៃ​ក្រសួងបរិស្ថាន​បានបង្ហាញ​តួលេខ​ឲ្យ​ដឹងថា រាជធានី​ភ្នំពេញ​តែមួយ​ប៉ុណ្ណោះ កាលពី​ឆ្នាំ​២០១៧​កន្លងមក បាន​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ប្រមាណ​ជា​១០​លាន​ថង់​ក្នុង​មួយឆ្នាំ​។ ការ​ថ្លែង​របស់លោក បុល បាន​ធ្វើឡើង​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​នៅក្នុង​បទ​បង្ហាញ​ស្តីពី​ការគ្រប់គ្រង​កាកសំណល់​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​មួយក្រុម​ដែលជា​គ្រូ​បង្គោល​ក្នុង​ក្របខ័ណ្ឌ​គម្រោង​ទីភ្នាក់ងារ​អភិវឌ្ឍ​ព័ត៌មាន​បារាំង CFI​។ 
 
​របាយការណ៍​របស់​ទីភ្នាក់ងារ​អភិវឌ្ឍ​នៃ​អង្គការសហប្រជាជាតិ UNDP ធ្លាប់បាន​បង្ហាញថា ថង់​ប្លា​ស្ទិ​កមួយ​ត្រូវការ​ពេល​តែ​៥​វិនាទី​ប៉ុណ្ណោះ​ដើម្បី​ផលិត​។ តែ​ថង់​ប្លា​ស្ទិ​ក​ដែល​គេ​បោះចោល​នោះ បំពុលបរិស្ថាន និង​មហាសមុទ្រ​រយៈពេល​៥០០​ឆ្នាំ​។ ថង់​ប្លា​ស្ទិ​ក មាន​សារ​ធាតុគីមី​ពុល មាន​អាយុកាល​វែង មិន​ងាយ​រលាយ​។ ចំណែក​លទ្ធភាព​នៃ​ការកែច្នៃ​ឡើងវិញ​បានត្រឹមតែ​៣​ភាគរយ​ប៉ុណ្ណោះ​៕ 
 
 

  

Tag:
 បរិស្ថាន​
  ប្លា​ស្ទិ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com