ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
អ្នកភូមិ​លាងដៃ​ធ្វើ​ពិធី​សុំ​ទឹកភ្លៀង​រាល់ពេល​ជួប​គ្រោះរាំងស្ងួត​
25, Aug 2019 , 10:59 pm        
រូបភាព
សៀមរាប​៖ ចូលដល់​រដូវ​ភ្លៀងហើយ តែ​ខេត្តសៀមរាប ហាក់​មិនទាន់​ទទួលបាន​ទឹកភ្លៀង​ពេញលេញ ដើម្បី​ស្រោចស្រព​ផលដំណាំ​ឡើយ​។ ដោយ​មើលឃើញ​បែបនេះហើយ ទើប​អ្នកភូមិ​ក្នុង​ឃុំ​លាងដៃ សង្កាត់​នគរធំ ស្ថិតក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ បាន​ប្រមែ​ប្រមូលគ្នា ប្រារព្ធ​ពិធី​សុំ​ទឹកភ្លៀង​ដែលជា​ទំនៀម​ពី​បុរាណ​។ រៀងរាល់ឆ្នាំ នៅពេល​ជួប​គ្រោះរាំងស្ងួត​ឬ​ខ្សត់​ទឹកភ្លៀង អ្នកភូមិ​តែង​ប្រារព្ធ​ពិធី​នេះ នៅ​បរិវេណ​ប្រាសាទនាគព័ន្ធ ដែល​អ្នកស្រុក​ជឿថា​បារមី​វត្ថុ​ស័ក្ដិសិទ្ធិ​នៅទីនេះ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖ 



 
​ទំនៀមទម្លាប់ និង​វប្បធម៌​របស់​អង្គរ នៅរស់​ស្ទើរ​គ្រប់​ទីកន្លែង​។  ការអះអាង​នេះ គឺ​យោងទៅលើ​សកម្មភាព ពិធី​សាសនា​ជាច្រើន​ដែល​អ្នកភូមិ​នៅទីនេះ​បាននិងកំពុង​ធ្វើ ដូចជា​ពិធី​សុំ​ទឹកភ្លៀង​ជាដើម​។ សុំ​ទឹកភ្លៀង​ជា​ទំនៀម​ដ៏​រឹងមាំ​មួយ​របស់​អ្នកភូមិ​លាងដៃ ដែល​ស្ថិតក្នុង​ជុំវិញ​រមណីយដ្ឋាន​អង្គរ​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ អ្នកភូមិ​តែង​ធ្វើ​ពិធី​នេះ​មិនដែល​ខាន​ឡើយ ហើយ​ពួកគាត់​ជឿថា បារមី​នៃ​វត្ថុ​ស័ក្ដិសិទ្ធិ​នានា​នឹង​ទទួលយក​នូវ​ការ​បន់ស្រន់​របស់ខ្លួន​។​
 
 
​វង់ភ្លេង​បានចាប់ផ្តើម​បំ​ន្លឺ​សំឡេង​លាយឡំ​នឹង​សកម្មភាព​រៀបចំ​ស្រុះដៃ​គ្នា​របស់​អ្នកភូមិ​លាង ក្នុងពេល​កំពុង​រៀបចំ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​នៅ​បរិវេណ​ប្រាសាទនាគព័ន្ធ​។ ពី​ដើម​មក អ្នកភូមិ​មាន​ជំនឿ​លើ​បារមី​នៅ​ប្រាសាទ​នេះ​ណាស់  ដោយ​ជឿថា​មានតែ​ព្រះ​ឬ​បារមី​នៅទីនេះ​ទេ ដែល​បន់​អ្វី​សម​តាម​ប្រាថ្នា​។  ពិធី​សុំ​ទឹកភ្លៀង​ក៏​ដូចគ្នា​ដែរ អ្នកភូមិ​ជឿថា នាគព័ន្ធ​ជា​កន្លែង​ស័ក្ដិសិទ្ធិ ទី​ផ្សេង​មិនអាច​ផ្ទឹម​បាន​។​
 
​នៅ​ឆ្នាំនេះ ពិធី​សុំ​ទឹកភ្លៀង​របស់​អ្នកស្រុក​អង្គរ ប្រារព្ធ​ធ្វើ​ពីថ្ងៃ​ទី​១៣ និង​បង្ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៤ សីហា ក្រោយ​ទ​ស្សិណ​ជុំវិញ​បរិវេណ​ប្រាសាទ​៣​ជុំ​រួច​។ មនុស្សម្នា​បានមក​ជួបជុំគ្នា មក​ទាំង​ប្រដាប់ប្រដា ភេសជ្ជៈ អាហារ​ម្នាក់​បន្ដិចៗ​ផង ញុំ​ា​ង​ឱ្យ​ពិធី​នេះ​កាន់តែ​អធិក​។ 
 
​លោកយាយ ហៃ វឿន ចាស់​ព្រឹទ្ធិ​ចា​រ្យ និង​អ្នក​ផ្តើម​រៀបចំ​ពិធី​នេះ​មួយរូប បានឱ្យដឹងថា លោកយាយ​តែង​ចូលរួម​រៀបចំ​ពិធី​នេះ​រហូតមក​តាំងពី​លោកយាយ​នៅ​ក្មេងៗ គឺ​ជីតា​របស់​លោកយាយ​ជា​អ្នក​នាំ​ធ្វើ​។  លោកយាយ​ថា ឆ្នាំនេះ​ដោយសារ​អ្នកភូមិ​ជាប់រវល់​ខ្លាំង ក៏ដូចជា​ការទន្ទឹងរង់ចាំ​មេឃ​បង្អុរ​ភ្លៀង​យូរពេក ក៏​ប្រមែ​ប្រមូលគ្នា​រៀបចំ​ពិធី​នេះ​តែម្ដង​។  
 
 
​តាម​ការបញ្ជាក់​របស់​លោកយាយ វឿន ពេល​អ្នកភូមិ​កំពុង​បួងសួង​សុំ​ទឹកភ្លៀង ស្រាប់​តែមាន​ភ្លៀង​ធ្លាក់​ជោគ​តែម្ដង ដែល​ការណ៍​នេះ​កាន់តែ​ធ្វើឱ្យ​ជំនឿ​នេះ​រិត​តែ​ខ្លាំង​ឡើង​។ លោកយាយ វឿន បញ្ជាក់ថា ឱ្យតែ​ពេល​រៀបចំ​ពិធី​នេះ​គឺ​តែងតែមាន​ភ្លៀង​ជានិច្ច​។ យ៉ាងណាក៏ដោយ​លោកយាយ​បញ្ជាក់ថា នៅ​ឆ្នាំនេះ​អាច​នឹង​មិនមាន​ភ្លៀង​ធ្លាក់​ច្រើន​ដូច​រាល់​ឆ្នាំ​ទេ ដ្បិត​ស្រុកទេស​ជួប​គ្រោះរាំងស្ងួត​គ្រប់​ទីកន្លែង​។ «​គ្រោះរាំងស្ងួត​ខ្លាំង ខ្ញុំ​មិន​រំពឹងថា​បាន​ភ្លៀង​ច្រើន​ទេ មើលទៅ​ឆ្នាំនេះ​អត់​មាន​ច្រើន​ទេ​...​ក្រ​បានធ្វើ​ពិធី​ពេក​...​នៅ​ភូមិ​សព្វថ្ងៃ​អត់​ភ្លៀង​ទេ ស្រូវ​ខូចខាត​សម្បើ​ប​ណាស់ មួយៗ​ចង់តែ​យំ​...»​។ លោកយាយ វឿន បន្ថែម​។​
 
​ប្រាសាទនាគព័ន្ធ​កសាង​នៅ​ស​.​វ​ទី​១២ និង​ជា​មន្ទីរពេទ្យ​សម័យ​ដើម​ដែរ​។ អ្នកភូមិ​ជឿ​លើ​បារមី​នៅទីនេះ ដោយ​ជឿថា​ជា​ទ្វីប​ទាំង​៤ និង​ភ្នំ​ព្រះ​សុ​ម៉ែ​។ លោកយាយ វឿន ពន្យល់ថា គ្មាន​ទីណា​ស័ក្ដិសិទ្ធិ​ជាង​ទីនេះ​ទៀត​ទេ​នៅ​តំបន់​នេះ ហើយ​ឆ្នាំ​ណា​មិនបាន​ប្រារព្ធ​ពិធី​នេះ អ្នកភូមិ​តែងមាន​បញ្ហា​មិន​សុខ​ស្រណុក​ជា​ហូរហែរ​។ ពិធី​នេះ មិនមែន​បន់​សុំ​តែ​ទឹកភ្លៀង​ទេ តែ​ក៏​បន់ស្រន់​សុំ​សេចក្ដីសុខ​ផងដែរ​។​
 
 
​ជា​អតីត​មេភូមិ​លាងដៃ លោកយាយ ឌួង ឆោម ក៏​មមាញឹក​ខ្លាំង​លើ​ការរៀបចំ​កិច្ច​ពិធី​សាសនា​នេះដែរ​។ លោកយាយ ឆោម រួម​និង​អ្នកភូមិ​ឯទៀត មាន​ជំនឿ​នេះ​តាំងពី​តូចៗ​មក ដោយ​កាលណោះ​មាន​ចាស់ទុំ​ក្នុងភូមិ​អ្នកដឹកនាំ​ធ្វើ​។ អ្នកភូមិ​លាងដៃ​តែង​ធ្វើ​កិច្ច​ពិធី​នេះ​រាល់ពេល​មាន​គ្រោះរាំងស្ងួត​ម្ដងៗ ដើម្បី​សុំ​ទឹកភ្លៀង ក៏ដូចជា​សុំ​សេចក្ដី​ជូន​ប្រជារាស្ដ្រ​ខ្មែរ​ផង​។​
 
​ជា​ទំនៀម​ពី​បុរាណ​ត​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ពិធី​នេះ​មានតម្លៃ​ខ្លាំងណាស់​សម្រាប់​អ្នកស្រុក​អង្គរ ដោយ​ពួកគេ​បានបង្ហាញ​ពី​ស្មារតី​ចូលរួម​ដោយ​សាមគ្គីភាព​។ ពិធី​នេះ​ក៏បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន​ផងដែរ នៅពេល​ពួកគេ​មក​ទស្សនា​ប្រាសាទនាគព័ន្ធ គឺ​ចំពេល​នៃ​ការ​ប្រារព្ធ​ពិធី​របស់​អ្នកស្រុក​នេះ​។ ពិធី​សុំ​ទឹកភ្លៀង បាន​ក្លាយជា​អត្ដ​សញ្ញាណ​មួយ​ទៅហើយ​សម្រាប់​អ្នក​លាងដៃ​។ ចាស់ទុំ​នៅ​ភូមិ​នេះ​កំពុង​ជំរុញ​ឱ្យ​ក្មេងជំនាន់ក្រោយ បន្ត​អភិរក្ស​ពិធី​នេះ ទុកជា​មរតក​វប្បធម៌​អរូបី​តទៅ​អ្នកជំនាន់ក្រោយៗ​ទៀត​៕
 
 
 
​ 

Tag:
 ពិធី​សុំ​ទឹកភ្លៀង​
  ភូមិ​លាងដៃ​
  វប្បធម៌​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com