ជាតិ
សង្គមជាតិ
រដ្ឋបាលខេត្តសៀមរាបចុះសម្អាតបរិស្ថានលើកំណាត់ផ្លូវ៦០ដើម្បីលើកសោភ័ណភាពក្រុង
×
សៀមរាប៖ ក្នុងបំណងរក្សាអនាម័យ និងបរិស្ថានសាធារណឱ្យមានរបៀបរៀបរយនោះ រដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីសម្អាតបរិស្ថានមួយនៅកំណាត់ផ្លូវ៦០ម៉ែត្រ ចាប់ពីរង្វង់មូលអប្សរារហូតដល់កែងផ្លូវជាតិលេខ៦។
កម្មវិធីសម្អាតនេះដឹកនាំដោយនាយករដ្ឋបាលខេត្តសៀមរាប លោក សុខ ថុល ដោយមានការចូលរួមពីអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុងសៀមរាប។ ពិធីនៅព្រឹកថ្ងៃទី២៥ សីហា មានការសម្អាតសំរាមជាច្រើនតាមប្រឡាយទឹក មានដូចជាស្លែ ស្មៅ ពិសេសសំរាមប្លាស្ទិកដែលនៅជាប់នឹងមាត់ប្រឡាយបង្ហូរទឹក ដែលធ្វើឱ្យមានការកកស្ទះជារឿយៗ រួមនិងការកាត់ក្រីមែកឈើតាមបណ្ដោយផ្លូវនោះផងដែរ។
ថ្លែងក្នុងពិធីនោះ លោក សុខ ថុល សំរាមនិងកាកសំណល់ផ្សេងៗជាមុខសញ្ញាមួយមិនគួរធ្វេសប្រហែសឡើយ ហើយវាធ្វើឱ្យប៉ះពាល់ដល់មុខមាត់ខេត្តទេសចរណ៍ទាំងមូល។ លោកបន្ថែមថា កម្មវិធីសម្អាតនេះគឺជាយុទ្ធនាការមួយចូលរួមសម្រេចឱ្យបានគោលដៅទេសចរណ៍និងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ដោយក្នុងនោះត្រូវប្រមូលនិងវេចខ្ចប់សំរាមនិងកាកសំណល់ផ្សេងៗឱ្យបានត្រឹមត្រូវ ដើម្បីធានាថាទីក្រុងយើងស្អាតទាំងអស់គ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com