ភ្នំពេញ៖ កម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីផល «ពេទ្យយើង» ត្រូវបានជ្រើសរើសឲ្យទៅចូលរួមកម្មវិធីប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។ «ពេទ្យយើង» ទទួលបានជ័យលាភីជាគម្រោងអាជីវកម្មគំរូ ក្នុងការរួមចំណែកជំរុញឲ្យសម្រេចបាននូវការអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាពសាកល (Sustainable Development Goal) លើវិស័យសុខមាលភាពពលរដ្ឋកម្ពុជា និងសាកល របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។
លោកស្រី ប៉ុង លីមសាន ជាស្ថាបនិកកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីផល «ពេទ្យយើង» ដែលទទួលបានជ័យលាភីក្នុងកម្មវិធីUNDP បាននិយាយថា មូលហេតុដែលចៅក្រមទាំង៤រូប សម្រេចជ្រើសរើសកម្មវិធីឌីជីថល «ពេទ្យយើង» ឱ្យទៅប្រកួតប្រជែងនៅប្រទេសស្វីសនោះ ដោយសារតែគេមើលឃើញថា កម្មវិធីនេះ នឹងជួយវិស័យសុខាភិបាលឱ្យកាន់តែប្រសើឡើង ពោលគឺមិនត្រឹមតែពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែអាចថែមទាំងជួយសុខមាលភាពពលរដ្ឋក្នុងតំបន់ និងសាលកទៀតផង។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោកស្រី លីមសាន បាននិយាយដូច្នេះថា៖«វាពិតជាមោទភាពសម្រាប់ស្ត្រីខ្មែរ ក្រុមការងារយើងជាកូនខ្មែរ និងប្រជាជនខ្មែរយើង ក្រោយស្នាដៃរបស់យើងត្រូវបានទទួលស្គាល់ និង ជ្រើសរើសយកទៅចូលរួមប្រកួតនៅលើវេទិការអន្តរជាតិដ៏ធំមួយនាពេលខាងមុខនេះ ដែលរៀបចំដោយក្រុមហ៊ុនអន្តរជាតិដ៏ល្បីៗ IMPACT HUB និងអង្គការ UNDP»។
ក្នុងចំណោមក្រុមហ៊ុនអាជីវកម្ម Start Up ចំនួន៣០ ដែលបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី «ACCELERATE2030 Cambodia National Pitch 2019» គឺមានក្រុមហ៊ុន ៧ ដែលត្រូវបានក្រុមហ៊ុនបណ្តុះបណ្តាលសហគ្រិនភាព IMPACT HUB ជ្រើសរើសយកមកចម្រាញ់បន្តទៀត។ ចុងក្រោយ គឺមានតែក្រុមហ៊ុន៣ប៉ុណ្ណោះ ដែលអាចឈានទៅប្រកួតប្រជែងលក្ខណៈអន្តរជាតិបាននោះ គឺពេទ្យយើង-Peth Yoeung, Center for Sustainable Water, និង SmartAgro ។ ក្រុមហ៊ុនទាំង៣នេះ ត្រូវបានជ្រើសរើសជាបេក្ខភាពអាជីវកម្មសង្គមគំរូ ដែលមានបេសកកម្ម និងទស្សនវិស័យជំរុញឱ្យសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងសាកល២០៣០ ។ ក្រុមហ៊ុនទាំង៣ នឹងត្រូវទៅចូលរួមប្រកួតប្រជែងថ្នាក់អន្តរជាតិនៅប្រទេសស្វីស នាខែតុលាខាងមុខនេះ ។
លោកស្រី ប៉ុង លីមសាន អះអាងថា ក្រុមចំណោមក្រុមហ៊ុនទាំង៣នេះ មានតែកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីផល «ពេទ្យយើង»របស់លោកស្រីប៉ុណ្ណោះ ដែលបង្កើតឡើងដោយគំនិត និងស្នាដៃកូនខ្មែរ។
«បេក្ខភាពអាជីវកម្មទាំងបី ដែលត្រូវបានជ្រើសរើសទៅចូលរួមប្រកួតប្រជែងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសខាងមុខនេះ គឺសុទ្ធតែអាជីវកម្មថ្មីបង្កើតឡើងដោយស្ថាបនិកបរទេសរស់នៅ និងធ្វើការនៅកម្ពុជា។ មានតែកម្មវិធីគ្រប់គ្រងមន្ទីរពេទ្យឌីជីថល ពេទ្យយើងប៉ុណ្ណោះ ដែលបង្កើតឡើងដោយស្ថាបនិកខ្មែរ និងក្រុមការងារខ្មែរ ដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធីអន្តរជាតិមួយនេះ។ នេះគឺឱកាសសម្រាប់ខ្មែរ និងពិសេសស្ត្រីខ្មែរយើងអាចបង្ហាញពិភពលោកថា យើងអាចធ្វើបាន។ ទង់ជាតិយើងលែងជាទង់ប្រល័យពូជសាសន៍ទៀតហើយ។ ទង់ជាតិយើងជាទង់ជាតិចូលរួមដោះស្រាយបញ្ហាមនុស្សជាតិក្នុងសហគមន៍ ក្នុងតំបន់ និងលើឆាកអន្តរជាតិវិញម្តង»។ នេះជាការលើកឡើងរបស់ស្ថាបនិកកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីផល «ពេទ្យយើង»។
ស្ថាបនិកកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីផល «ពេទ្យយើង» រូបនេះ ក៏ធ្លាប់បានទទួលពានជាម្ចាស់ជ័យលាភីសហគ្រិនស្ត្រីកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យាម្តងរួចមកហើយ ចំពោះគំនិតច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យានេះ កាលពីខែមីនា ឆ្នាំ២០១៩។ បើតាមលោកស្រី លីមសាន ការបង្កើតកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលថ្មី «ពេទ្យយើង»នេះ ក្នុងគោលបំណងផ្តល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យាដល់វិស័យសុខាភិបាល សេវាព្យាបាល និងប្រព័ន្ធគ្រប់គ្រងរបស់មន្ទីរពេទ្យ និងគ្លីនិកបែបទំនើបនៅកម្ពុជា ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។
បច្ចុប្បន្នមានមន្ទីរពេទ្យរដ្ឋ និងឯកជន រួមទាំងគ្លីនិកសរុបជាង ១០០ហើយ ដែលកំពុងតែប្រើប្រាស់កម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីផល «ពេទ្យយើង» សម្រាប់ពង្រឹងគុណភាពសេវាព្យាបាល និងការគ្រប់គ្រងប្រតិបត្តិការ។ នេះជាការបញ្ជាក់របស់លោកស្រី លីមសាន ដែលបានបន្ថែមថា៖«សម្រាប់ថ្ងៃអនាគត យើងនឹងធ្វើឱ្យកម្មវិធីនេះ ក្លាយជាកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីផលឈានមុខ ហើយភ្ជាប់ជាមួយកម្មវិធីAPP សេវាព្យាបាលអនឡាញ កម្មវិធីធនធាន និងបណ្តុះបណ្តាលសុខភាពជំនាញអនឡាញសម្រាប់ជួយពង្រឹងសមត្ថភាពដល់វេជ្ជបណ្ឌិត និងគ្រូពេទ្យផ្សេង និងកម្មវិធីទូទាត់សេវាព្យាបាលនៅកម្ពុជា និងក្នុងតំបន់»៕