ជាតិ
សង្គមជាតិ
កម្ពុជា​នឹង​រៀបចំ​មហោស្រព​អូ​ប៉េ​រ៉ា​អន្តរជាតិ​លើកដំបូង ក្នុង​តំបន់​អង្គរ នៅ​ឆ្នាំ​២០២០
26, Aug 2019 , 7:59 am        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្ពុជា​នឹង​រៀបចំ​មហោស្រព​អូ​ប៉េ​រ៉ា​អន្តរជាតិ​លើកដំបូង ក្នុង​តំបន់​អង្គរ ដើម្បី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​ការបង្កើត​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​១៩-២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ខាងមុខ​។ 

 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​និយាយថា ព្រឹត្តិការណ៍​នេះ នឺង​ជួយ​ជំរុញ​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​តំបន់​ខេត្តសៀមរាប​-​អង្គរ ទៅកាន់​ពិភពលោក​បន្ថែមទៀត ស្របតាម​គោលការណ៍​ក្រសួង​។​
 
​រដ្ឋមន្ត្រី​ទេសចរណ៍ និយាយ​ដូច្នេះ​ថា​៖« ព្រឹត្តិការណ៍​នេះ នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍វប្បធម៌ ជួយ​ផ្សព្វផ្សាយ​ដល់​សម្បត្តិ​វប្បធម៌ អរិយធម៌ និង​សិល្បៈ​ដ៏​សម្បូរបែប អច្ឆរិយ​ភាព​នៃ​អង្គរ និង​គោលដៅ ទេសចរណ៍​សៀមរាប​អង្គរ​ដល់​ទេសចរ​អន្តរជាតិ ពិសេស​ទេសចរ​អឺរ៉ុប​» ។​
 
​កម្ពុជា​រៀបចំ​មហោស្រព​អូ​ប៉េ​រ៉ា​អន្តរជាតិ​លើកដំបូង​ក្នុង​តំបន់​អង្គរ​នេះ ក្រោម​កិច្ចសហការ​រៀបចំ​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួងទេសចរណ៍ អាជ្ញាធរ​ជាតិ​អប្សរា ជាមួយ​មហោស្រព​អូ​ប៉េ​រ៉ា Mozard at Angkor​។​
 
​ព្រឹត្តិការណ៍​មហោស្រព​អន្តរជាតិ​នេះ នឹងត្រូវ​បើក​ជា​ផ្លូវការ​ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​។ ក្នុងនោះ​ក៏​នឹងមាន​សិល្បករ​-​សិល្បការិនី​មកពី​ជុំវិញ​ពិភពលោក និង​ក្រុម​សិល្បៈ​កម្ពុជា​សរុប​ប្រមាណ​ជាង ៧០​នាក់ ដែល​រៀបចំ​នៅក្នុង​ទម្រង់​ជាការ​សម្ដែង​ទស្សនីយភាព Mozart​។​
 
​គួរ​បញ្ចាក់​ផងដែរ​ថា ទស្សនីយភាព​មហោស្រព​នេះ ជា​បុ​រេ​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដើម្បី​រឹតចំណង​មិត្តភាព និង​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​កម្ពុជា និង​អឺរ៉ុប ដែល​នៅក្នុង​ឆ្នាំ​២០២០ ខាងមុខនេះ កម្ពុ​ជាមាន​មោទកភាព​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM 2020)៕
 
​​ដោយ​៖ ឃុន សម្ផស្ស 

Tag:
 សិល្បៈ​
  អង្គរ​
  វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com