អន្តរជាតិ
អ្នកនាំពាក្យ៖ លោក ត្រាំ សោកស្ដាយដែលមិនបានយកពន្ធពីចិនឲ្យបានច្រើន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
× សេតវិមាន នៅថ្ងៃទី២៥ ខែសីហា បានបកស្រាយសម្ដីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលនិយាយថា លោកស្ដាយក្រោយជុំវិញជម្លោះពាណិជ្ជកម្មជាមួយចិន។ ការលើកឡើងបែបនេះ ធ្វើឲ្យគេឯងជឿថា ប្រធានាធិបតីអាមេរិកអាចបន្ធូរដៃវិញ ដើម្បីផ្ដល់បរិយាកាសល្អប្រសើរសម្រាប់ការដោះស្រាយបញ្ហា ខណៈទាំងអាមេរិក ទាំងចិនទើបប្រកាសយកពន្ធលើទំនិញគ្នានោះ។ ប៉ុន្តែមន្ត្រីសេតវិមាន ថា លោក ត្រាំ មិនមែនគិតបែបនោះឡើយ។
នាជំនួបថ្ងៃទី២៥ ខែសីហា ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន នៅក្រៅជំនួបប្រទេសរីកចម្រើនទាំង៧ (G7) នៅបារាំង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើឲ្យអ្នកសារព័ត៌មានភ្ញាក់ផ្អើល នៅពេលដែលលោកនិយាយថា លោកប្ដូរគំនិតវិញក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន។ លោកឆ្លើយបែបនេះ តបនឹងអ្នកសារព័ត៌មានដែលបានសួរលោកពីរបីដងពីការដំឡើងពន្ធក្នុងជម្លោះពាណិជ្ជកម្មដែលធ្វើឲ្យគេឯងព្រួយបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ចសាកលនោះ។
ចម្លើយរបស់លោក ត្រាំ ជារឿងមិនធម្មតាឡើយ ព្រោះលោកតែងមានជំហរដាច់ណាត់ក្នុងការតទល់ជាមួយចិនលើរឿងពាណិជ្ជកម្មនេះ ហើយជាញឹកញយជឿថា ការដំឡើងពន្ធជាឧបករណ៍នាំជោគជ័យសម្រាប់អាមេរិកទៀតផង ព្រោះអាចបង្ខំឲ្យចិនប្ដូរជំហរបាន។ ប៉ុន្តែសម្ដីនេះ មិនមានមានន័យថា លោក ត្រាំ សោកស្ដាយឡើយ។
អ្នកស្រី Stephanie Grisham អ្នកនាំពាក្យប្រធានាធិបតី ត្រាំ បានបកស្រាយការភាន់ច្រឡំសម្ដីមេដឹកនាំអាមេរិករូបនេះ។ អ្នកស្រី Grisham អះអាងថា ចម្លើយរបស់លោក ត្រាំ ទៅនឹងសំណួរទាក់ទងសង្គ្រាមពាណិជ្ជកម្ម បានត្រូវបានគេបកស្រាយខុស។ បើតាមអ្នកនាំពាក្យរូបនេះ លោក ត្រាំ បានឆ្លើយក្នុងន័យស្របតាមសំណួរ ហើយលោកក៏ពិតជាសោកស្ដាយ តែសោកស្ដាយត្រង់ថា មិនបានដំឡើងពន្ធឲ្យបានខ្ពស់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។
លោក ត្រាំ ទំនងមិនទាន់ពេញចិត្តនឹងការបង្កើនការយកពន្ធគយលើទំនិញចិននាពេលថ្មីៗនេះឡើយ។ ក្រោយចិនប្រកាសយកពន្ធលើទំនិញអាមេរិកតម្លៃ៧៥ពាន់លានដុល្លារ លោក ត្រាំ ក៏ប្រកាសបន្ថែមពន្ធចំនួន៥ថែមទៀតលើទំនិញចិនទំហំ២៥០ពាន់លានដុល្លារដែលសពថ្ងៃរងការយកពន្ធ២៥ភាគរយស្រេចហើយនោះ។ លោក ត្រាំ ក៏ប្រកាសដំឡើង៥ភាគរយលើគម្រោងយកពន្ធ១០ភាគរយដែលគ្រោងអនុវត្តនៅខែកញ្ញាខាងមុខ។
ក្នុងន័យដាក់សម្ពាធលើចិន លោក ត្រាំ ក៏ប្រាប់ឲ្យក្រុមហ៊ុនអាមេរិកបិទការរកស៊ីនៅចិនទៀតផង។ មេដឹកនាំអាមេរិក បានព្រលយថា លោកអាចដាក់ប្រទេសក្នុងស្ថានភាពអាសន្នលើផ្នែកពាណិជ្ជកម្មនេះ ដើម្បីមានអំណាចបង្ខំឲ្យក្រុមហ៊ុនអាមេរិកចាកចេញពីចិន។ ត្រង់ចំណុចនេះ លោកពន្យល់ថា ការបាត់បង់លុយរាប់ទ្រីលានដុល្លារឲ្យចិនជារឿងអាសន្ន ប៉ុន្តែលោកមិនទាន់មានគម្រោងប្រកាសភាពអាសន្ននៅឡើយទេ៕
Tag:
អាមេរិក
ចិន
ដូណាល់ ត្រាំ
ជម្លោះពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com