អន្តរជាតិ
​ក្រោយ​រង​ការរិះគន់​ពេញ​ពិភពលោក ប្រេ​ស៊ី​ល​ចាប់ផ្តើម​ខ្វល់ខ្វាយ​រឿង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ហើយ​
26, Aug 2019 , 10:07 am        
រូបភាព
យន្តហោះយោធា បានទម្លាក់ទឹករាប់ពាន់លីត្រលើតំបន់ព្រៃដែលកំពុងឆាបឆេះក្នុងព្រៃអាម៉ាហ្សូន។ រូបពី AFP
យន្តហោះយោធា បានទម្លាក់ទឹករាប់ពាន់លីត្រលើតំបន់ព្រៃដែលកំពុងឆាបឆេះក្នុងព្រៃអាម៉ាហ្សូន។ រូបពី AFP
ដោយ:
​យន្តហោះ​ចម្បាំង​របស់​យោធា​ប្រេ​ស៊ី​ល​ជាច្រើន​គ្រឿង បានចាប់ផ្តើម​ប្រតិបត្តិការ ដោយ​ទម្លាក់​ទឹក​រាប់ពាន់​លីត្រ​លើ​តំបន់​ដែល​កំពុង​ឆាបឆេះ​ក្នុង​រដ្ឋ Rondonia នៃ​ព្រៃ​អា​ម៉ា​ហ្សូ​ន​។ គោលដៅ​នៃ​ប្រតិបត្តិការ​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​ប្រតិកម្ម​របស់​ពិភពលោក ខណៈ​ព្រៃ​ត្រូ​ពិ​ក​ធំ​បំផុត​លើ​ពិភពលោក​នេះ​នៅ​ប្រេ​ស៊ី​ល​នេះ អាច​ត្រូវ​បាត់បង់ ប្រសិនបើ​គ្មាន​ចំណាត់ការ​ឲ្យ​ទាន់ពេលវេលា​ទេនោះ​។​

​ក្រោយពី​រង​ព្យុះ​រិះគន់​ពី​សំណាក់​សាធារណជន និង​មេដឹកនាំ​ពិភពលោក​ដែលថា រដ្ឋាភិបាល​ប្រេ​ស៊ី​ល ឱបដៃ​ឈរ​មើល​ភ្លើង​ឆេះ​ព្រៃ​នេះ​ដោយ​មិន​ធ្វើ​អ្វី​សោះ ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Jair Bolsonaro នៅ​ថ្ងៃអាទិត្យ ទី​២៥ សីហា បាន​បញ្ជា​ឲ្យ​បើក​ប្រតិបត្តិការ​យោធា​ក្នុង​រដ្ឋ​ទាំង​៧​ដើម្បី​ពន្លត់ភ្លើង​ដែល​កំពុង​ឆាបឆេះ​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន​។ ការចេញ​បញ្ជា​នេះ ធ្វើឡើង​ក៏​ដើម្បី​ឆ្លើយតប​តាម​ការស្នើសុំ​ជំនួយ​បច្ចេកទេស​ពី​សំណាក់​រដ្ឋាភិបាល​តំបន់​នៃ​រដ្ឋ​ទាំងនេះ​ផងដែរ​។ 
 
​ទាក់ទិន​នឹង​ព័ត៌មាន​នេះ ក្រសួងការពារជាតិ​ប្រេ​ស៊ី​ល បាន​បញ្ជាក់ថា កងទ័ព ៤៤០០០​នាក់ កំពុង​ឈរជើង​ក្នុង​តំបន់​ភាគ​ខាងជើង​ព្រៃ​អា​ម៉ា​ហ្សូ​ន​។ វីដេអូ​មួយ ដែល​បាន​បង្ហោះ​ដោយ​ក្រសួងការពារជាតិ​ប្រេ​ស៊ី​ល បាន​បង្ហាញថា យន្តហោះ​យោធា បាន​ទម្លាក់​ទឹក​រាប់ពាន់​លីត្រ​លើ​តំបន់​ព្រៃ​ដែល​កំពុង​ឆាបឆេះ​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន​។  
 
​មែនទែនទៅ ការដាក់ចេញ​ចំណាត់ការ​ពី​សំណាក់​រដ្ឋាភិបាល​ប្រេ​ស៊ី​ល​នេះ ធ្វើឡើង​ខណៈ​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ៧ (G7) ដែល​កំពុង​ជួបប្រជុំគ្នា​ក្នុងប្រទេស​បារាំង បានបង្ហាញ​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ករណី​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​នេះ​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នៅ​ថ្ងៃអាទិត្យ ទី ២៥ សីហា បាន​លើកឡើងថា  ក្រុម​ប្រទេស G7 ជិត​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​មួយ ដើម្បី​ផ្តល់ជំនួយ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ ដល់​បណ្តា​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​អា​ម៉ា​ហ្សូ​ន​។ គួរបញ្ជាក់​បន្តិច​ថា ប្រទេស​ក្នុង​ក្រុម G7 មានដូចជា សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ បារាំង អ៊ីតាលី ចក្រភព​អង់គ្លេស និង​កាណាដា​។​
 
​សូមបញ្ជាក់ថា ភ្លើង​ឆេះ​ព្រៃ​ជិត​៨​ម៉ឺន​ករណី បាន​កើតឡើង​ទូទាំងប្រទេស​ប្រេ​ស៊ី​ល គិត​មក​ត្រឹម​ថ្ងៃទី ២៤ សីហា ដែលជា​តួលេខ​ខ្ពស់បំផុត ចាប់តាំងពី​ឆ្នាំ​២០១៣​មក​។ នេះ​បើតាម​ភ្នាក់ងារ​ស្រាវជ្រាវ​អវកាស INPE ។ ព្រៃ​អា​ម៉ា​ហ្សូ​ន ដែល​គេ​ចាត់ទុកជា ទងសួត​របស់​ផែនដី ផលិត​ខ្យល់​អ៊ុក​ស៊ី​សែន ២០​ភាគរយ​សម្រាប់​ពិភពលោក ។ វា​ជា​ព្រៃ​ដ៏​សំខាន់បំផុត​ដើម្បី​ប្រយុទ្ធប្រឆាំង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ព្រោះតែ​បរិមាណ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​អា​បូ​ន​ឌី​អ៊ុក​ស៊ីត (CO2) ដែល​វា​បាន​ស្រូបយក​ពី​ខ្យល់​ផែនដី​៕

Tag:
 ប្រេ​ស៊ី​ល​
  ព្រៃ​អា​ម៉ា​ហ្សូ​ន
© រក្សាសិទ្ធិដោយ thmeythmey.com