ភូមិបែកពាង ខេត្តកំពង់ចាម ៖ នៅក្នុងភូមិបែកពាងនៃខេត្តកំពង់ចាម ក្រុមគ្រួសារមួយៗចង់ឲ្យកូនទៅធ្វើការនៅប្រទេសជប៉ុន ដោយឃើញកូនៗក្នុងក្រុមគ្រួសារដែលបានទៅ បានផ្ញើលុយមកឲ្យឪពុកម្តាយ និងជីវភាពមានភាពល្អប្រសើរ។ ប៉ុន្តែការជ្រើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុននៅតែជាបញ្ហានៅឡើយ។
ភូមិបែកពាង ខេត្តកំពង់ចាម- កញ្ញា ជា សុគន្ធា អាយុ២២ឆ្នាំ និងកញ្ញាដន ស្រីនាង អាយុ១៨ឆ្នាំ ដែលជាបងប្អូនជីដូនមួយនឹងគ្នា នឹងចេញទៅប្រទេសជប៉ុននៅសប្តាហ៍នេះ ដើម្បីធ្វើការនៅរោងចក្រពងមាន់ និងចម្ការបន្លែ។
រស់នៅក្នុងភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ចម្ងាយជាង៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ សុគន្ធាបានថ្លែងប្រាប់ VOA នៅផ្ទះថា នាងចេញទៅប្រទេសជប៉ុននៅថ្ងៃទី២៣ខែសីហាដើម្បីទៅធ្វើការនៅរោងចក្រដែលនាងទទួលខុសត្រូវផ្នែករើសពងមាន់ដាក់ក្នុងផែ។
សុគន្ធាដែលបានឈប់រៀននៅថ្នាក់ទី៨ និងធ្លាប់ជាកម្មការិនីរោងចក្រកាត់ដេរនៅស្រុកកំណើត បាននិយាយថា នាងសម្រេចចិត្តទៅធ្វើការនៅប្រទេសជប៉ុនដោយសារឃើញអ្នកភូមិផ្សេងៗទៀតបានទៅធ្វើការនៅទីនោះ ហើយពួកគេអាចរកចំណូលផ្ញើមកក្រុមគ្រួសារ។
នាងបានថ្លែងថា៖
«ព្រោះគិតទៅហ្នឹងវាអាចរកបានច្រើនជាងខ្មែរ។ អ៊ីចឹងអាចរកលុយចិញ្ចឹមម៉ែឪនៅផ្ទះបាន»។
នេះជាលើកដំបូងហើយដែលសុគន្ធាចេញទៅក្រៅប្រទេស។
នាងបានបញ្ជាក់ថា៖
«មានអារម្មណ៍ថា រំភើប អត់ដែលនឹកស្មានថា បានទៅ!»។
សុគន្ធាមានគម្រោងធ្វើការថែមម៉ោងឲ្យបានច្រើនដើម្បីអាចរកចំណូលឲ្យក្រុមគ្រួសារបន្ថែមលើប្រាក់ខែជាង១ពាន់ដុល្លារ។
នាងបញ្ជាក់ថា៖
«ចង់ថែមម៉ោងឲ្យច្រើន មូលហេតុចង់បានលុយច្រើន ព្រោះយើងទៅដើម្បីរកលុយ។ ពេលអ៊ីចឹងត្រូវតស៊ូថែមម៉ោងថែមអី»។
បើតាមសុគន្ធា នាងសង្ឃឹមថា នឹងអាចផ្ញើប្រាក់មកផ្ទះយ៉ាងតិច៥០០ដុល្លារក្នុងមួយខែ។
បងប្អូនជីដូនមួយរបស់សុគន្ធាគឺនាងដន ស្រីនាងក៏យល់ស្រដៀងគ្នាដែរ។ ស្រីនាងដែលបានឈប់រៀនថ្នាក់ទី៩និងជាអតីតកម្មការិនីរោងចក្រកាត់ដេរបាននិយាយថា នាងមិនបារម្ភអំពីសុវត្ថិភាព ឬគិតពីការរំលោភបំពានសិទ្ធិការងារនៅទីនោះទេ ដោយសារពលរដ្ឋនៅក្នុងភូមិរបស់នាងបានទៅធ្វើការនៅទីនោះហើយពួកគេមិនបានបង្ហាញការព្រួយបារម្ភអ្វីទេ។
នៅប្រទេសជប៉ុន ស្រីនាងនឹងធ្វើការក្នុងចម្ការដោយដាំដំឡូងឆ្វា និងឆៃថាវ។
ស្រីនាងបានថ្លែងប្រាប់ VOA នៅចំពោះមុខឪពុកម្តាយ និងយាយរបស់កញ្ញាថា៖ «អាចធ្វើបាន បើសិស្សច្បងខ្ញុំគាត់ឡើងទៅ គាត់ថា ស្រួលហ្នឹង ធ្វើហ្នឹងម៉ាស៊ីន»។
បើតាមសុគន្ធា និងស្រីនាង មុនពេលចាកចេញទៅប្រទេសជប៉ុន ពួកគេត្រូវឆ្លងកាត់ការបណ្តុះបណ្តាលប្រមាណ៩ខែ ដោយក្រុមហ៊ុនជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេស។ ពួកគេបានចំណាយប្រាក់ក្នុងមួយនាក់ចំនួន៣៥០០ដុល្លារអាមេរិក បង់ឲ្យក្រុមហ៊ុនសម្រាប់ការបណ្តុះបណ្តាល រៀបចំឯកសារ ទិញសំបុត្រយន្តហោះ និងធ្វើលិខិតឆ្លងដែនជាដើម។
ប្រជាពលរដ្ឋនៅក្នុងភូមិមួយនេះតែងតែចង់ឲ្យកូនទៅធ្វើការនៅប្រទេសជប៉ុនក្រោយដឹងថា អ្នកភូមិមួយចំនួនដែលធ្វើការនៅទីនោះអាចផ្ញើប្រាក់មកគ្រួសាររបស់ពួកគេ និងជីវភាពគ្រួសារមានភាពល្អប្រសើរ។
ឪពុកម្តាយបានខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុរាប់ពាន់ដុល្លារដើម្បីឲ្យកូនបានចេញទៅក្រៅប្រទេស។
ឪពុករបស់កញ្ញាសុគន្ធាគឺលោកសុខ សាវន អាយុ៤២ឆ្នាំ ធ្វើជាទាហាន និងលក់នំចំណីបន្តិចបន្តួចខាងមុខផ្ទះ។ លោកមានប្រសាសន៍ថា លោកបានយកប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រមាណ៥ពាន់ដុល្លារដើម្បីចំណាយឲ្យកូនរៀបចំទៅប្រទេសជប៉ុន។ លោកត្រូវបង់សងក្នុងរយៈពេលបីឆ្នាំ។
លោកមានប្រសាសន៍ថា លោកទុកចិត្តក្រុមហ៊ុនដែលបញ្ជូនកូនលោកទៅប្រទេសជប៉ុន។
លោកបានថ្លែងថា៖
«យើងបញ្ជាក់នឹងក្រុមហ៊ុនហ្នឹង ហើយសួរម្តាយមីងដែលនៅហ្នឹងគាត់ថា អត់អីដែរ។ យើងក៏ហ៊ានធានាទុកចិត្តនឹងក្រុមហ៊ុនដែរ»។
ចំណែកលោកធុយ ឌី អាយុ៤០ ជាឪពុករបស់ស្រីនាង មានប្រសាសន៍ថា លោកនៅតែបារម្ភអំពីសុវត្ថិភាព និងសុខទុក្ខកូនពេលទៅទីនោះ ព្រោះជាដំណើរចេញទៅក្រៅប្រទេសលើកដំបូងរបស់នាង។
លោកបានថ្លែងប្រាប់ VOA ថា៖
«ព្រួយបារម្ភ! ព្រួយបារម្ភខ្លះដែរហ្នឹង។ ការធ្វើដំណើរ ហើយទៅដល់ប្រទេសគេ មិនដឹងម៉េចម៉ា ព្រោះយើងមិនដែលបានទៅ»។
បច្ចុប្បន្នមានពលករកម្ពុជាធ្វើការនៅប្រទេសជប៉ុនចំនួនជាង៩០០០នាក់ក្រោមកម្មវិធីធ្វើកម្មសិក្សា។ ប្រទេសជប៉ុន និងកូរ៉េខាងត្បូងត្រូវបានគេមើលឃើញថាជាប្រទេសមួយដែលពលករខ្មែរអាចរកចំណូលផ្ញើមកគ្រួសារ ច្រើនជាងប្រទេសដទៃ។
ប្រជាពលរដ្ឋផ្សេងទៀតនៅក្នុងភូមិបែកពាងនេះក៏បានសម្រេចចិត្តឲ្យកូនទៅធ្វើការនៅប្រទេសជប៉ុនផងដែរ ហើយពួកគេបានសល់លុយមួយចំនួនដែលកូនផ្ញើឲ្យ។
អ្នកភូមិម្នាក់លោកសួន ភឿន អាយុ៦៩ឆ្នាំ មានប្រសាសន៍ថា ជីវភាពរបស់គ្រួសារមានភាពល្អប្រសើរជាងមុន ក្រោយកូនស្រីពីរនាក់របស់លោកបានទៅធ្វើការនៅប្រទេសជប៉ុន។
លោកបានថ្លែងប្រាប់ VOA នៅផ្ទះរបស់លោកថា៖
«វាមិនធូរណាស់ណាទេ។ វាគ្រាន់ដោះបំណុលគេចាស់បានរួចខ្លះ ហើយការហូបចុកខ្លួនយើង។ ឈឺស្កាត់យប់ព្រលប់អី វាមាននៅក្នុងខ្លួនខ្លះ។ វាមិនពិបាកដូចមុន។ មុនយើងមានការអី យប់ព្រលប់ ឈឺស្កាត់យប់ព្រលប់អី យើងពិបាករត់រកលុយគេក្រៅភ្លាមៗ រត់មិនទាន់ចិត្ត»។
ភរិយារបស់លោកសួន ភឿនគឺអ្នកស្រីឡុង វឿន មានប្រសាសន៍ថា ពីដំបូងឡើយអ្នកស្រីព្រួយបារម្ភខ្លាចកូនត្រូវគេបោកយកទៅលក់ ដោយសារធ្លាប់ឮគេនិយាយពីការធ្វើបាបកម្មករខ្មែរនៅក្រៅប្រទេស។
អ្នកស្រីមានប្រសាសន៍ថា៖
«ពីមុន ខ្ញុំឃាត់អត់ឲ្យទៅមែន! អត់ឲ្យទៅខ្លាច! ដូចថា ខ្លាចគេយកទៅលក់ ទៅដូរអីចឹងណា៎។ ដល់ពេលឃើញគេទៅលាន់ៗ អត់អី»។
ចំណែកអ្នកភូមិម្នាក់ទៀតគឺអ្នកស្រីសេង ណយ អាយុ៥៨ឆ្នាំ មានកូនស្រីចំនួនពីរនាក់ទៅប្រទេសជប៉ុន។ អ្នកស្រីដែលមានកូន៦នាក់ក៏មានបំណងបញ្ជូនកូន២នាក់ទៀតទៅធ្វើការនៅប្រទេសជប៉ុននៅពេលខាងមុខ ខណៈពួកគេទើបរៀនថ្នាក់ទី១០ និងថ្នាក់ទី៤។
អ្នកស្រីបានថ្លែងថា៖
«ខ្ញុំអត់បង្ខំកូនទេ ប៉ុន្តែកូនវាចង់ទៅខ្លួនវា។ បើមួយៗវាថា ឲ្យតែរៀនចប់ វាទៅហើយ»។
នៅក្នុងភូមិពាងបែក ឃុំជាលា ខេត្តកំពង់ចាម ប្រជាពលរដ្ឋពេញកម្លាំងតែងតែធ្វើជាកម្មករកាត់ដេរ និងកម្មករសំណង់។ ចំពោះចាស់ៗ ពួកគេតែងតែធ្វើស្រែចម្ការសម្រាប់ជីវភាពរបស់ពួកគេ។ ប៉ុន្តែពួកគេត្អូញត្អែរថា ឆ្នាំនេះមិនអាចធ្វើស្រែបានផលល្អនោះទេ ដោយសារកង្វះទឹក។ ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសជាជម្រើសសំខាន់មួយសម្រាប់ពលរដ្ឋនៅក្នុងភូមិមួយនេះ។
លោកជិន លី មេភូមិបែកពាង មានប្រសាសន៍ថា ប្រជាពលរដ្ឋមួយចំនួនបានចំណាកស្រុកទៅប្រទេសផ្សេងៗ ដូចជាប្រទេសកូរ៉េ និងជប៉ុន ហើយពួកគេបានខ្ចីលុយពីមីក្រូហិរញ្ញវត្ថុដើម្បីឲ្យកូនបានទៅប្រទេសជប៉ុន។ លោកបន្តថា ជីវភាពគ្រួសាររបស់ពួកគេមានភាពល្អប្រសើរឡើង ក្រោយមានកូនទៅធ្វើការនៅប្រទេសជប៉ុន។
លោកឌី ថេហូយ៉ា មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស(Central)មានប្រសាសន៍ថា ការជ្រើសរើសពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុននៅតែជាបញ្ហានៅឡើយ ដោយសារមានករណីខ្លះ សាលាបណ្តុះបណ្តាលភាសាជប៉ុនបានដើរតួនាទីក្នុងការជ្រើសរើសពលករ ហើយមានករណីខ្លះពលករបានចំណាយលុយ ហើយមិនបានចេញទៅប្រទេសជប៉ុន។
លោកបានថ្លែងថា៖
«ក្នុងកាលៈទេសៈនេះ មានក្រុមហ៊ុនមួយចំនួនក៏ដូចជាសាលាមួយចំនួន បន្លំខ្លួនបើកសាលា បន្លំជ្រើសរើស[ពលករ]អីចឹងទៅ។ អ្នកខ្លះយកលុយគេ១ពាន់២ពាន់ដុល្លារ គ្នាមិនបានទៅអីជាដើម»។
លោកបន្តថា នៅឆ្នាំនេះ អង្គការរបស់លោកក៏ទទួលបានករណីដែលពលរដ្ឋខ្មែរជាង១០០បានរងគ្រោះដោយសារក្រុមហ៊ុនមិនបានបញ្ជូនទៅប្រទេសជប៉ុនតាមការសន្យា។
កាលពីចុងឆ្នាំ២០១៧ កាសែតភ្នំពេញប៉ុស្តិ៍បានចេញផ្សាយអត្ថបទមួយថា ប្រជាជន១១នាក់បានចេញមុខតវ៉ា ដោយពួកគេអះអាងថា ត្រូវបានក្រុមហ៊ុនយកលុយរាប់ពាន់ដុល្លារ ហើយពួកគេមិនបានចេញទៅប្រទេសជប៉ុនតាមការសន្យា។
បើតាមលោកឌី ថេហូយ៉ា តម្លៃក្នុងការជ្រើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុនក៏នៅថ្លៃនៅឡើយគឺរហូតដល់៦ពាន់ដុល្លារ ដែលលោកថា ពលរដ្ឋខ្មែរបានបង្ខំចិត្តខ្ចីប្រាក់គេដើម្បីរៀបចំឲ្យកូនទៅធ្វើការនៅប្រទេសជប៉ុន។
VOA មិនអាចសុំការឆ្លើយតបពីលោកហេង សួរ អ្នកនាំពាក្យក្រសួងការងារបាននៅឡើយទេ។
បើតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះខែសីហាឆ្នាំ២០១៩ ទីភ្នាក់ងារឯកជនដែលមានសិទ្ធិជ្រើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុនមានចំនួន១០២ក្រុមហ៊ុន។
កន្លងទៅ រដ្ឋាភិបាលជប៉ុនក៏បានរកឃើញក្រុមហ៊ុនដែលយកពលករទៅធ្វើការនៅប្រទេសនានា បានរំលោភសិទ្ធិការងារ ក្នុងនោះមានបង្ខំឲ្យធ្វើការជាច្រើនម៉ោង ការផ្តល់ប្រាក់កម្រៃតិចជាងកម្រិតអប្បបរមាដែលច្បាប់តម្រូវ បង្ខំឲ្យធ្វើការលើសម៉ោង និងកន្លែងធ្វើការមិនត្រូវតាមនិយាមសុវត្ថិភាព។
កាលពីខែមីនាឆ្នាំ២០១៩ ប្រទេសកម្ពុជានិងជប៉ុនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញទៅធ្វើការដោយស្របច្បាប់ និងជាការបង្កើនទីផ្សារការងារ និងឱកាសដល់ពលករកម្ពុជា។ ពលករជំនាញទាំងនោះនឹងធ្វើការនៅផ្នែកថែទាំមនុស្សចាស់ សម្អាតអគារ ផលិតគ្រឿងបន្លាស់ គ្រឿងរថយន្ត គ្រឿងអគ្គិសនី និងសំណង់ជាដើម។
កញ្ញាសុគន្ធា ដែលសម្រេចចិត្តទៅធ្វើការនៅប្រទេសជប៉ុន និយាយថា កញ្ញាមិនព្រួយបារម្ភអ្វីនោះទេ បើទោះជាមិនធ្លាប់ទៅក្រៅប្រទេស ហើយចាត់ទុកថា នេះជាការចេញដំណើរទៅធ្វើការងាររកលុយដើម្បីដោះបំណុលគ្រួសារ។
កញ្ញាបានបញ្ជាក់ថា៖
«មើលទៅអត់ផង! មានសិស្សច្បងនៅហ្នឹង! គាត់អត់មានអីផង! គាត់ថា[ធ្វើការនៅហ្នឹង]ស្រួល ហើយថៅកែក៏ស្រួលដែរ។ ពេលអ៊ីចឹង អត់មានអារម្មណ៍ថា ភ័យផង»៕