វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
មនុស្ស​ជំនាន់ Z អាច​ផ្លាស់ប្ដូរ​មុខមាត់​របស់​សហរដ្ឋអាមេរិក​
27, Aug 2019 , 8:39 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​មនុស្ស​ជំនាន់ Z ដែល​កើត​ចន្លោះ​ឆ្នាំ ១៩៩៧ និង​ឆ្នាំ ២០១២ គឺជា​មនុស្ស​ជំនាន់​ដំបូង​គេ​បង្អស់​ដែល​កើត​ចំ​សម័យ​បច្ចេកវិទ្យា​។ មនុស្ស​ជំនាន់​នេះ​ក៏មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ពិសេស​ខុសពី​ជំនាន់​មុនៗ​ផងដែរ ក៏ដូចជា​មាន​ភាព​ចម្រុះ​ជាតិ​សាសន៍​ជាង​ជំនាន់​មុនៗ និង​ហាក់​មាន​ទំនោរ​ទៅរក​ជំនឿ​នយោបាយ​ឆ្វេងនិយម​។ នេះ​បើ​យោងតាម​របាយការណ៍​នានា​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew​។​

 
​ខុសពី​មនុស្ស​ជំនាន់​មុនៗ ដែល​កើត​ក្នុងសម័យ​គ្មាន​បច្ចេកវិទ្យា​ជឿនលឿន ឬក៏​ពេញវ័យ​ក្នុងសម័យ​ដែលមាន​ការកើតឡើង​នូវ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​តាម​អ៊ីនធឺណិត ទូរស័ព្ទ smartphone និង​សម័យ​ដែលមាន​លទ្ធភាព​ទូលំទូលាយ​ក្នុងការ​ប្រើប្រាស់​ព័ត៌មាន​នានា មនុស្ស​ជំនាន់ Z គឺ​កើត​ក្នុងសម័យ​បច្ចេកវិទ្យា​ថ្មី ហើយ​ត្រូវគេ​កំណត់​ដូច្នេះ​ជាង​មនុស្ស​ជំនាន់​ណាៗ​ទាំងអស់​។​
 
​លោក Michael Dimock ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​សរសេរ​នៅក្នុង​អត្ថបទ​មួយ​អំពី​ការកំណត់​ជំនាន់​មនុស្ស​យ៉ាង​ដូច្នេះ​ថា​៖ «​អ្វីដែល​ពិសេស​សម្រាប់​មនុស្ស​ជំនាន់ Z គឺថា អ្វីៗ​ទាំងអស់​ដែល​បាន​រៀបរាប់​ខាងលើនេះ គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ពួកគេ​តាំងពី​ពួកគេ​កើតមក​ម៉្លេះ»​។​
 
​លោក Dimock បាន​សរសេរ​បន្ត​ដូច្នេះ​ថា​៖ «​ទូរស័ព្ទ iPhone បានដាក់​ឲ្យ​ប្រើប្រាស់​ដំបូង​នៅក្នុង​ឆ្នាំ ២០០៧ នៅពេលដែល​មនុស្ស​ជំនាន់ Z នេះ​អាយុ​ច្រើនជាងគេ​បំផុត​គឺ​ត្រឹម ១០ ឆ្នាំ​។ មកទល់នឹង​ពេលដែល​ពួកគេ​ឈានចូល​វ័យ​ជំទង់ មធ្យោបាយ​ចម្បង​បំផុត​ដែល​ពលរដ្ឋ​អាមេរិកាំង​វ័យក្មេង​ប្រើ​ដើម្បី​អាច​ចូលទៅ​មើល​វិ​ប​សាយ​នានា​បាន គឺ​ឧបករណ៍​អេឡិចត្រូនិក​ចល័ត​នានា WiFi និង​សេវា​ភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​រលក​ខ្ពស់​នានា​។ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​តាម​អ៊ីនធឺណិត ការណ៍​ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​ទាន់​ចិត្ត​ភ្លាមៗ​តាម​អ៊ីនធឺណិត និង​ការ​ទស្សនា​កម្សាន្ត និង​ការទាក់ទង​ទាន់​ចិត្ត​តាម​តម្រូវការ​គឺជា​របៀប​ថ្មីៗ ដែល​មនុស្ស​ជំនាន់​សហស្សវត្ស​ថ្មី [​ដែលជា​អ្នក​កើត​ចន្លោះ​ឆ្នាំ ១៩៨១ និង​ឆ្នាំ ១៩៩៦] សម្រប​ខ្លួន​តាម​នៅពេល​ពួកគេ​ឈានដល់​ដំណាក់កាល​ពេញវ័យ‍​»​។​
 
​ភាព​ចម្រុះ​ជាតិ​សាសន៍​គឺជា​ផ្នែក​សំខាន់​មួយទៀត​នៃ​មនុស្ស​ជំនាន់ Z​។ ជំនាន់ Z នេះ គឺជា​ជំនាន់​ដែលមាន​ភាព​ចម្រុះ​ជាតិ​សាសន៍​ច្រើនជាងគេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក ដោយ​មនុស្ស​ជំនាន់ Z នេះ​ចំនួន ៤៨ ភាគរយ នៅក្នុង​ឆ្នាំ ២០១៨ គឺ​មិនមែនជា​ជាតិ​សាសន៍​ស្បែ​កស​។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew​។​
 
​ការប្រែប្រួល​ប្រជាសាស្ត្រ​នេះ​អាច​បង្ហាញ​ឲ្យ​ឃើញ​ពី​ការប្រែប្រួល​សង្គម និង​នយោបាយ ដោយមាន​ទំនោរ​ទៅរក​ទស្សនៈ​សេរីនិយម​នៅក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ខាងមុខនេះ ដូចដែល​ការស្ទង់មតិ​បានបង្ហាញ​អំពី​មនុស្ស​ជំនាន់​សហស្សវត្ស​ថ្មី​ដូច្នេះ​ដែរ​។​
 
​ទិដ្ឋភាព​មួយទៀត​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជំនាន់ Z ខុសពី​មនុស្ស​ជំនាន់​មុនៗ​គឺ​បញ្ហា​សុខភាព​ផ្លូវចិត្ត​។ ការបាក់​ទឹកចិត្ត និង​អត្រា​ធ្វើអត្តឃាត​សម្រាប់​យុវជន​គឺ​បន្ត​កើនឡើង ដោយ​ឈានដល់​កម្រិត​ខ្ពស់បំផុត​តាំងពី​សម័យ​សង្គ្រាមលោកលើកទី ២ មក គឺ​នៅក្នុង​ឆ្នាំ ២០១៧​។ នេះ​បើ​ចាំ​ឆ្នាំ​ដែល​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល​ជាតិ​ស្ថិតិ​សុខភាព​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​សហរដ្ឋអាមេរិក​។​
 
​កត្តា​ដែល​នាំ​ឲ្យ​មានការ​កើនឡើង​នូវ​ការបាក់​ទឹកចិត្ត និង​អត្រា​ធ្វើអត្តឃាត​សម្រាប់​មនុស្ស​ជំនាន់ Z មានដូចជា​ការប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​តាម​អ៊ីនធឺណិត បញ្ហា​ដែល​ជះ​ផល​អវិជ្ជមាន​នៅក្នុង​ព័ត៌មាន​ដូចជា​ការប្រែប្រួល​អាកាសធាតុ អន្តោប្រវេសន៍ និង​ការបាញ់ប្រហារ​ទ្រង់ទ្រាយ​ធំ ក៏ដូចជា​ការណ៍​ដែល​ក្រុមគ្រួសារ និង​អាជ្ញាធរ​ទទួលស្គាល់ថា​ការធ្វើអត្តឃាត​គឺជា​មូលហេតុ​នៃ​ការស្លាប់​។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew​។​
 
​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​បញ្ជាក់ថា មនុស្ស​ជំនាន់ Z មាន​ចំនួន ៦១ លាន​នាក់​នៅក្នុង​សហរដ្ឋអាមេរិក ហើយ​ពួកគេ​ត្រូវគេ​រំពឹងថា​នឹងមាន​ចំនួន​ប្រហែល ១០ ភាគរយ​នៃ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​នៅ​ឆ្នាំ ២០២០ ខាងមុខនេះ​។ បន្ថែម​ទៅនឹង​មនុស្ស​ជំនាន់​សហស្សវត្ស​ថ្មី​ចំនួន ៧៣ លាន​នាក់ ដែល​កើត​ចន្លោះ​ឆ្នាំ ១៩៨១ និង​ឆ្នាំ ១៩៩៦ សរុប​ទាំងអស់​ត្រូវគេ​រំពឹងថា​នឹងមាន​ចំនួន ៣៧ ភាគរយ​នៃ​ពលរដ្ឋ​អាមេរិកាំង​ដែលមាន​សិទ្ធិ​បោះឆ្នោត​នៅក្នុង​ឆ្នាំ ២០២០​។​
 
​រីឯ​ក្រុមមនុស្ស​កើតមុន​ឆ្នាំ ១៩៦៤ ដែលជា​ឪពុកម្ដាយ ឬក៏​ជីដូន​ជីតា​របស់​មនុស្ស​ជំនាន់ Z នេះ វិញ នឹងមាន​ចំនួន ២៨ ភាគរយ​នៃ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​នៅ​ឆ្នាំ ២០២០​។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew​។​
 
​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​បន្ថែមថា មនុស្ស​ជំនាន់ Z ត្រូវបាន​គេ​យល់ឃើញថា ភាគច្រើន​ជា​អ្នកប្រជាធិបតេយ្យ​សេរីនិយម ដែល​ដូច​ទៅនឹង​មនុស្ស​វ័យក្មេងៗ​នៅក្នុង​ជំនាន់​មុនៗ​។ ប៉ុន្តែ​ផ្ទុយ​ពី​មនុស្ស​ជំនាន់​មុនៗ មនុស្ស​ជំនាន់ Z ដែល​ចាត់ទុក​ខ្លួនឯង​ថា​ជា​អ្នក​សាធារណ​រដ្ឋនិយម មាន​ទំនោរ​កាន់តែ​ជិត​ទៅរក​ទស្សនៈ​កណ្ដាល​និយម ឬក៏​ទស្សនៈ​ឆ្វេងនិយម​ជាង​មនុស្ស​ក្មេងៗ​ជំនាន់​មុនៗ​ដែល​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​។​
 
​លោក William Frey ដែលជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់ និង​ជា​អ្នកសិក្សា​ពី​ប្រជាសាស្ត្រ​នៃ​វិទ្យាស្ថាន Brookings បាន​និយាយ​ដូច្នេះ​ថា​៖ «​ជា​ទម្លាប់​មក យើង​ឃើញថា នៅពេលដែល​មនុស្ស​ជំនាន់​ណាមួយ​ឈានចូល​វ័យ​កាន់តែច្រើន ពួកគេ​កាន់​តែមាន​ទំនោរ​ទៅរក​ទស្សនៈ​អភិរក្សនិយម​។ ប៉ុន្តែ មនុស្ស​ជំនាន់ Z គឺ​ផ្ទុយ​ពីនេះ ដែល​ប្រសិនបើ​ទោះបីជា​ពួកគេ​កាន់​តែមាន​ទស្សនៈ​អភិរក្សនិយម​ជាង​មុន​ក៏ដោយ ក៏​ពួកគេ​ប្រហែលជា​នឹង​ផ្លាស់ប្ដូរ​នយោបាយ​របស់​សហរដ្ឋ​អា​មេ​រិ​ក‍ និង​វិធី​ដែល​យើង​រស់នៅ​ជា​សង្គម​មួយ​»​។​
 
៣៨ ភាគរយ​នៃ​មនុស្ស​ជំនាន់ Z ដែលមាន​ទស្សនៈ​សាធារណ​រដ្ឋនិយម បាន​និយាយថា ពួកគេ​ជឿថា ការប្រែប្រួល​អាកាសធាតុ​គឺ​បណ្ដាលមកពី​សកម្មភាព​របស់​មនុស្ស​។ ចំណែកឯ​មនុស្ស​ជំនាន់​សហស្សវត្ស​ថ្មី​តិចជាង​មួយ​ភាគបី​ដែល​គិត​ដូច្នេះ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew​។​
 
​មនុស្ស​ជំនាន់ Z មាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង​នឹង​មនុស្ស​ជំនាន់​សហស្សវត្ស​ថ្មី​ទាក់ទិន​នឹង​រឿង​ប្រែប្រួល​អាកាសធាតុ អន្តោប្រវេសន៍ និង​ភាព​ចម្រុះ​ជាតិ​សាសន៍​។​
 
​មនុស្ស​ជំនាន់ Z ចំនួន ៦២ ភាគរយ និយាយថា ភាព​ចម្រុះ​ជាតិ​សាសន៍​គឺជា​ចំណុច​សំខាន់​នៅក្នុង​នយោបាយ​។ ចំណែកឯ​មនុស្ស​ជំនាន់ X ដែលជា​អ្នក​កើត​ចន្លោះ​ឆ្នាំ ១៩៦៥ និង​ឆ្នាំ ១៩៨០ ចំនួន ៥២ ភាគរយ ហើយ​មនុស្ស​ជំនាន់​ក្រោយ​សម័យ​សង្គ្រាមលោកលើកទី​ពីរ ដែល​ហៅថា​ជំនាន់ baby boomers ដែល​កើត​ចន្លោះ​ឆ្នាំ ១៩៤៦ និង​ឆ្នាំ ១៩៦៤ ចំនួន ៤៨ ភាគរយ គឺ​យល់ឃើញ​ដូច្នេះ​។​
 
​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​បង្ហាញថា មនុស្ស​ជំនាន់ Z ដែលមាន​ទស្សនៈ​សាធារណ​រដ្ឋនិយម​ចំនួន ៥២ ភាគរយ និយាយថា ពួកគេ​គិតថា រដ្ឋាភិបាល​គួរតែ​ធ្វើ​បន្ថែមទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​។ នេះ​បើ​ប្រៀបធៀប​ជាមួយនឹង​អ្នកមាន​ទស្សនៈ​សាធារណរដ្ឋ​និយមនៃ​មនុស្ស​ជំនាន់​សហស្សវត្ស​ថ្មី​ចំនួន ៣៨ ភាគរយ នៃ​មនុស្ស​ជំនាន់ X ចំនួន ២៩ ភាគរយ នៃ​មនុស្ស​ជំនាន់ baby boomers ចំនួន ២៣ ភាគរយ និង​នៃ​មនុស្ស​ជំនាន់​ស្ងាត់ស្ងៀម ដែល​កើត​រវាង​ឆ្នាំ ១៩២៥ និង​ឆ្នាំ ១៩៤៥ ចំនួន ១២ ភាគរយ​ប៉ុណ្ណោះ ដែល​យល់ឃើញ​ដូច្នេះ​។​
 
​មនុស្ស​ជំនាន់ Z ដែលមាន​អាយុ​ច្រើនជាងគេ នាពេល​បច្ចុប្បន្ននេះ​កំពុង​សិក្សា​ថ្នាក់​សាកលវិទ្យាល័យ និង​កំពុងធ្វើការ​។ ដោយ​មនុស្ស​ជំនាន់ Z នេះ​ជា​កម្លាំង​ទិញ​ទំនិញ​ចំនួន ៤៤​ពាន់​លាន​ដុល្លារ ពួកគេ​មាន​ឥទ្ធិពល​នៅក្នុង​ការផ្លាស់ប្ដូរ​ពិភពលោក​ច្រើនជាង​មនុស្ស​ជំនាន់​មុនៗ​ទៅទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com