ជាតិ
សង្គមជាតិ
រថយន្តដឹកក្រួសបំផ្លាញស្ពានមួយនៅពោធិ៍សាត់ ប៉ុន្តែមិនមានមនុស្សរងគ្រោះឡើយ រូបភាព ស្ពានដែលបាក់នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពីមន្ទីរព័ត៌មានខេត្តពោធិ៍សាត់
× ទម្ងន់របស់រថយន្តដឹកក្រួស បានធ្វើឲ្យស្ពានមួយនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បាក់ខ្ទេចខ្ទី ហើយរថយន្តក៏ធ្លាក់ចុះផងដែរ។ នេះបើតាមរូបភាពដែលផ្សាយដោយមន្ទីរព័ត៌មានខេត្ត ដោយករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែសីហា។
លោក ឃុត ឧសភា ប្រធានរដ្ឋបាលខេត្តពោធិ៍សាត់បានអះអាងករណីនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតឡើយ។លោកបានបញ្ជាក់ថា ក្រោយពេលអភិបាលខេត្ត បានឭដំណឹងពីការបាក់ស្ពាននេះរួចមក គាត់ក៏បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ជួសជុលឡើងវិញហើយ ដើម្បីកុំឲ្យខកស្ទុះចរាចរណ៍របស់ប្រជាពលរដ្ឋដែលតែងតែឆ្លងកាត់ស្ពាននេះជារឿយៗ។
ស្ពានឆាយលូក នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាស្ពានឆ្លងកាត់ទៅខេត្តកោះកុង មានសភាពទ្រុឌទ្រាម ដែលអាចផ្ទុកទម្ងន់បានតែ១៥តោន។ លោក ឃុត ឧសភា បាននិយាយដូច្នេះថា៖«ពាក់ព័ន្ធនឹងការបាក់ស្ពាននេះ អភិបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ណាស់ ក្នុងការដាក់កម្លាំង សម្រាប់ជួសជុលស្ពានដែលបានបាក់នោះយ៉ាងលឿនជាទីបំផុត ដើម្បីធ្វើយ៉ាងណាឲ្យស្ពាននោះអាចដំណើរការបានឡើងវិញ ព្រោះស្ពាននេះជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋឆ្លងកាត់»។
យោងតាមមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ រថយន្តដឹកក្រួសដែលជាដើមហេតុនោះ គឺកម្មសិទ្ធិរបស់ក្រុមហ៊ុនចិនមួយដែលស្ថាបនាផ្លូវក្នុងឃុំអូរសោម៕
© រក្សាសិទ្ធិដោយ thmeythmey.com