ជាតិ
កម្ពុជា-ឡាវ ប្រជុំចុងក្រោយពីបញ្ហាតំបន់មុំបី នៅព្រឹកនេះ លោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានកន្លងមក
× ភ្នំពេញ៖ ភាគីកម្ពុជា -ឡាវ នឹងបើកកិច្ចប្រជុំចុងក្រោយពីបញ្ហាដំណោះស្រាយនៅតំបន់មុំបី នៃខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ សីហានេះ ដើម្បីរកដំណោះស្រាយរួមគ្នា លើចំណុច«ស» នៃបន្ទាត់ព្រំដែននេះ។ នេះបើតាមលោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោក។
លោក ម៉ៅ ផល្លា បានបញ្ជាក់ថា កិច្ចប្រជុំរវាងភាគីទាំងពីរនេះ គឺនឹងរៀបចំលក្ខខណ្ឌសម្របសម្រួលមួយចំនួន ដើម្បីបញ្ចៀសបញ្ហានានាទៅវិញទៅមក។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ បាននិយាយដូច្នេះថា៖«នៅព្រឹកនេះ យើងនឹងជួបប្រជុំលើកចុងក្រោយជាមួយភាគីឡាវ ដើម្បីសម្រេចរៀបចំនីតិវិធីដាក់ឱ្យអនុវត្តទាំងអស់គ្នាលើបញ្ហាព្រំដែនតំបន់មុំបីនេះ»។
បើតាមលោក ម៉ៅ ផល្លា តំបន់មុំបី ក្នុងស្រុកឆែប ខេត្តព្រះវិហារនេះ គឺជាតំបន់«ស» ដែលមិនទាន់មានការកំណត់ថាជារបស់អ្នកណាឡើយ។ ប៉ុន្តែស្រាប់តែកងទ័ពឡាវ មានគ្នាប្រមាណ២០នាក់ ចូលមកកាន់កាប់តំបន់នេះ កាលពីថ្ងៃទី១៤ ខែសីហា ដោយសំអាងថា តំបន់នោះជាទឹកដីរបស់ពួកគេ។ លោក ម៉ៅ ផល្លា បានបន្ថែមថា ដ្បិតកងទ័ពឡាវចូលមកកាន់កាប់ក្តី ប៉ុន្តែមិនទាន់មានសកម្មភាពអ្វីដែលធ្វើឱ្យមានបញ្ហាប្រឈមមុខ និងអសន្តិសុខនៅតំបន់ព្រំដែននេះឡើយ។
ជុំវិញបញ្ហាតំបន់មុំបីនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចរចាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត តាមទូរសព្ទ កាលពីថ្ងៃទី២៤ សីហា ដោយស្នើសុំឱ្យរក្សាភាពស្ងៀមស្ងាត់នៅតំបន់ព្រំដែននេះដែរ។ តាមរយៈការចរចាគ្នានោះប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីឡាវដកទ័ពចេញពីតំបន់មុំបីនោះ ហើយកម្ពុជាក៏ដកកម្លាំងចេញដូចគ្នាដែរ ដើម្បីទុកពេលចរចាបន្តទៀត៕
Tag:
ព្រំដែន
កម្ពុជា
ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com