ជាតិ
១៣​ឆ្នាំ​ក្រោយមក លោក មហា​ធៀ នឹង​មក​ធ្វើ​បាឋកថា​ម្តងទៀត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​
26, Aug 2019 , 11:42 am        
រូបភាព
លោក Mahathir Mohamad នាកិច្ចប្រជុំត្រីកោណឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ លើកទី១២ នៅក្រុងបាងកក កាលពីថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩។ រូបថត AFP
លោក Mahathir Mohamad នាកិច្ចប្រជុំត្រីកោណឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ លើកទី១២ នៅក្រុងបាងកក កាលពីថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩។ រូបថត AFP
ដោយ: ថ្មីៗ
​បណ្ឌិត មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែលមាន​វ័យ​៩៤​ឆ្នាំ នឹង​មក​ធ្វើ​បាឋកថា​ពិសេស​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) នា​រសៀល​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩​។ RUPP បានបញ្ជាក់​ពី​កម្មវិធី​នេះ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​។​

 
កាលពី​ខែសីហា កន្លងមក លោក Eldee Husaini Mohd Hashim ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា លើកឡើង​ពី​គម្រោង​ធ្វើ​ទស្សនកិច្ច​របស់លោក​នាយ​ក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់​។ ក្រៅពី​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល លោក មហា​ធៀ នឹងធ្វើ​បាឋកថា​ពិសេស​នៅ RUPP ប៉ុន្តែ​មិនទាន់មាន​ការបញ្ជាក់​ពី​ប្រធានបទ​ដែល​លោកនាយក​រដ្ឋមន្ត្រី ម៉ាឡេស៊ី ត្រូវ​ថ្លែង​នោះឡើយ​។​

 
​សូមបញ្ជាក់ថា លោក មហា​ធៀ មហាម៉ាត់ ធ្លាប់ធ្វើ​មក​បាឋ​កថា​ម្តង​រួចហើយ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ខែកុម្ភៈ ឆ្នាំ​២០០៦ ក្រោម​ការអញ្ជើញ​របស់​ស្ថានទូត​ជប៉ុន ដែល​កាលណោះ​លោក​ទើប​ចប់​អាណ​ត្តិ​នាយករដ្ឋមន្ត្រី​បាន​ជាង​១​ឆ្នាំ​។​
 
​ក្រោយ​ជំនួប​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ លោក មហា​ធៀ បានធ្វើ​បាឋកថា នៅមុខ​និស្សិត​ខ្មែរក្រោម​ប្រធានបទ «​ជោគជ័យ​នៃ​សេដ្ឋកិច្ច​ម៉ាឡេសុី ដោយ​យក​គំរូ​តាម​ជប៉ុន​»៕
 

Tag:
 មហា​ធៀ
© រក្សាសិទ្ធិដោយ thmeythmey.com