កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ ៩​ពិន្ទុ​ពេញ​សម្រាប់ Liverpool, ជោគជ័យ​ដំបូង​របស់ Lampard រីឯ Man Utd, Spurs ចាញ់​ក្នុង​ដី​
26, Aug 2019 , 12:05 pm        
រូបភាព
​ជ័យជម្នះ​លើ​ក្រុម Arsenal ៣-១ បាន​នាំ​ឲ្យ Liverpool នៅ​រក្សា​ចំណាត់ថ្នាក់​ទី​ទី​១ ក្នុង​តារាង Premier League បណ្តោះអាសន្ន សម្រាប់​ជំនួប​សប្តាហ៍​ទី​៣​។ Chelsea ស្គាល់​ជ័យជម្នះ​ដំបូង​ក្រោម​ការដឹកនាំ​របស់លោក Frank Lampard តាមរយៈ​ការយក​ឈ្នះ Norwich City ៣-២ ខណៈ Manchester United បរាជ័យ​ក្នុង​ដី​ខ្លួនឯង​យ៉ាង​អាម៉ាស់​ក្រោម​ថ្វី​ជើង Crystal Palace ក្នុង​លទ្ធផល ២-១​។​


 
Manchester City បាន​យកឈ្នះ​ម្ចាស់ផ្ទះ AFC Bournemouth ៣-១ ក្នុងការ​ប្រកួត​សប្តាហ៍​ទី​៣ នៅ​យប់​ថ្ងៃទី​២៥ ខែសីហា​។ ជ័យជម្នះ​នេះ នាំ​ឲ្យ​ម្ចាស់​ជើងឯក​ចាស់​ទទួលបាន​៧​ពិន្ទុ ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​២ តាម​ពីក្រោយ​គូប្រជែង​ឆ្នាំ​ចាស់ Liverpool ដែលមាន​៩​ពិន្ទុ​ពេញ បន្ទាប់ពី​ឈ្នះ Arsenal នៅ Anfield ៣-១ កាលពី​ថ្ងៃទី​២៤ ខែសីហា​។​ ​ខ្សែប្រយុទ្ធ Sergio Aguero របស់​មេឃ​ខៀវ និង Mohamed Salah របស់​ហង្ស​ក្រហម សុទ្ធតែ​រកបាន​២​គ្រាប់​ដូចគ្នា​ឲ្យ​ក្រុម​របស់​ពួកគេ​រៀងខ្លួន​។​


 
​បិសាច​ក្រហម Man Utd បើ​ទោះ​ចំណាយ​ប្រាក់​សន្ធឹក​ក្នុងការ​នាំយក​ខ្សែការពារ​ដែលមាន​តម្លៃ​ថ្លៃៗ​ដូចជា Aaron Wan-Bissaka និង Harry Maguire ក្តី ប៉ុន្តែ​ពួកគេ​នៅតែ​នៅ​មិន​បង្ហាញ​ភាពខ្លាំង​បាន​នៅឡើយ​។ នៅ Old Trafford ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ​ចាញ់ Crystal Palace ក្នុង​លទ្ធផល​ប្រផិតប្រផើយ ២-១​។ ឆ្លងកាត់​៣​ប្រកួត Man Utd ឈ្នះ​១ ស្មើ​១ ចាញ់​១ មាន​៤​ពិន្ទុ​ឈរ​ចំណាត់ថ្នាក់​ទី​៥ ពីក្រោយ Leicester City ដែលមាន​៥​ពិន្ទុ និង Arsenal លេខ​៣ មាន​៦​ពិន្ទុ​។​
 
​មិន​ខុសពី Man Utd ឡើយ Tottenham Hotspur ក៏​រង​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង​ដូចគ្នា ក្រោយ​ចាញ់ Newcastle United ១-០​។ មាន់​ខ្នាយ​មាស រកបាន​៤​ពិន្ទុ ពី​ការប្រកួត​៣​លើក​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៧ គិត​ត្រឹម​សប្តាហ៍​ទី​៣​នេះ​។​
 
​ដោយឡែក Chelsea ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​ថ្មី​លោក Lampard បានទទួល​ជ័យជម្នះ​ជា​លើកដំបូង​ហើយ សម្រាប់​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ ក្រោយ​ចាញ់ និង​ស្មើ​ក្នុងការ​ប្រកួត​២​លើកដំបូង​។ តោ​ខៀវ​ទទួលបាន​៤​ពិន្ទុ ឈរ​លេខ​រៀង​ទី​១៣ បណ្តោះអាសន្ន​។​
 
​ក្នុងចំណោម​ក្រុម​ទាំង​២០ Watford ជា​ក្រុម​ដំបូង​គេ​ដែល​មិនទាន់​រកបាន​មួយ​ពិន្ទុ​នៅឡើយ​ក្រោយ​ឆ្លងកាត់​៣​ប្រកួត ចាញ់​ទាំង​៣​ប្រកួត​៕
 
​ខាងក្រោម​នេះ​ជាតា​រាង​ពិន្ទុ​សម្រាប់​ក្រុម​ទាំង​២០​នៅ Premier League សប្តាហ៍​ទី​៣៖



Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com