កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​យោធា ខណៈភាពតានតឹងជាមួយជប៉ុន​កាន់តែខ្លាំង
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​យោធា ខណៈភាពតានតឹងជាមួយជប៉ុន​កាន់តែខ្លាំង
26, Aug 2019 , 2:06 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​២៥ ខែសីហា បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​រយៈពេល​ពីរ​ថ្ងៃ ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ការពារ​កោះ​មួយ​នៅក្នុង​សមុទ្រ​ខាងកើត ជាពិសេស​គឺ​ប្រឆាំងនឹង​ការ​លួច​វាយប្រហារ​ពី​សំណាក់​យោធា​ជប៉ុន​ដោយ​ប្រការ​ណាមួយ​។ បន្ថែម​ពីលើ​នេះ ការធ្វើ​សមយុទ្ធ​យោធា ធ្វើ​ឲ្យ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ធ្លាក់​ដុនដាប​ខ្លាំង​ឡើងៗ​។

  
 
​ការធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ទីក្រុង​សេ​អ៊ូ​ល ត្រូវបាន​គេ​ប្រារព្ធ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​កូរ៉េខាងត្បូង​លុបចោល​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​សម្ងាត់​យោធា​ជាមួយ​ជប៉ុន ដោយសារតែ​រឿង​បង្ខំ​ឲ្យ​ប្រជាជន​កូរ៉េ​ធ្វើការ ក្នុងអំឡុង​សម័យ​សង្គ្រាមលោកលើកទី​២​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​កងទ័ពជើងទឹក​កូរ៉េខាងត្បូង បាន​និយាយថា ការហ្វឹកហាត់​យោធា​បែបនេះ ត្រូវបាន​ដាក់ឈ្មោះ​ជាថ្មី​ថា «​សមយុទ្ធ​ការពារ​ទឹកដី​ក្នុង​សមុទ្រ​ខាងកើត​» ក្នុង​គោលបំណង​ការពារ​ប្រជុំ​កោះ​ដុក​ដូ (Dokdo) និង​តំបន់​នៅ​ជុំវិញ​សមុទ្រ​ជប៉ុន​។ ដោយ​មិនបាន​បញ្ជាក់​ព័ត៌មាន​លម្អិត មន្ត្រី​រូបនេះ បាន​បន្តថា សមយុទ្ធ​នេះ នឹងមាន​នាវា​សង្គ្រាម និង​យន្តហោះ​ចម្បាំង​។​
 
​ការធ្វើ​សមយុទ្ធ​បែបនេះ កើតឡើង​២​ដង​ក្នុង​មួយឆ្នាំ  ដោយបាន​ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​១៩៨៦​មកម្ល៉េះ ។ ជាធម្មតា សមយុទ្ធ​នេះ ធ្វើឡើង​ក្នុង​ចន្លោះ​ខែកញ្ញា និង​ធ្នូ ។​
 
​បន្ទាប់ពី​ជប៉ុន​បានដាក់​អាណានិគម​លើ​កូរ៉េ​អស់​រយៈពេល​៣៥​ឆ្នាំ​រួចមក រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល បាន​ចូលទៅ​គ្រប់គ្រង​កូន​កោះ​មួយ​នៅក្នុង​សមុទ្រ​ជប៉ុន ចាប់តាំងពី​ឆ្នាំ​១៩៤៥ មក​ម្លេះ​។ ប៉ុន្តែ​ទង្វើ​នេះ ត្រូវបាន​ជប៉ុន​បដិសេធ និង​ចោទ​កូរ៉េខាងត្បូង​ថា​ជាការ​គ្រប់គ្រង​ដោយ​ខុសច្បាប់​។ 
​សូមបញ្ជាក់ថា មួយរយៈ​ចុងក្រោយ​មកនេះ ភាពចម្រូងចម្រាសរ​វា​ង​កូរ៉េខាងត្បូង និង​ជប៉ុន​កាន់តែ​ក្តៅ​ឡើងៗ ដោយសារតែ​រឿង​សាលក្រម​របស់​កូរ៉េខាងត្បូង​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​សង​សំណង​ទៅ​ជនរងគ្រោះ​ពី​ការបង្ខំ​ឲ្យ​ធ្វើការ​ធ្ងន់ធ្ងរ​អំឡុង​សម័យ​សង្គ្រាម​។ 
 
​ចំណែក​ទីក្រុង​តូ​ក្យូ បានចេញ​វិធានការ​សងសឹក​វិញ ដោយ​រឹតត្បិត​ការនាំចេញ​ធាតុ​កម្រ ៣​ប្រភេទ​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទៅ​កូរ៉េខាងត្បូង​។ ដោយសារតែ​បញ្ហា​ដូចខាងលើ ជប៉ុន​និង កូរ៉េខាងត្បូង បាន​លុបចោល «​បញ្ជី​ដៃគូរ​ពាណិជ្ជកម្ម​ទុកចិត្តបាន​» ជាមួយគ្នា ជាពិសេស គឺ​ឈានដល់​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​សម្ងាត់​យោធា​ថែមទៀត​៕

Tag:
 ​កូរ៉េខាងត្បូង​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com