កីឡាជាតិ
ជាតិ
ការពារជាតិស្ថិតក្នុងចំណោមក្រុមដែលអស់ឱកាសប្រជែងពាន ខណៈព្រះខ័នរាជស្វាយរៀងកាន់តែបន្តដំណើរទៅមុខ កីឡាករ ច្រឹង ពលរដ្ឋ (អាវក្រហម)ពេលប្រកួតជាមួយបឹងកេត និងក្រុមគ្រូបង្វឹកព្រះខ័នរាជស្វាយរៀងអបអរក្រោយយកឈ្នះបឹងកេត, រូបភាពពី CNCC
× ក្រសួងការពារជាតិ(ទ័ព)អស់ឱកាសប្រជែងដណ្តើមជើងឯកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៩ បន្ទាប់ពីពួកគេបន្តចាញ់គីរីវង់សុខសែនជ័យ ២-១ នាជំនួបសប្តាហ៍ទី២១នៅលើទឹកដីខ្លួនឯង។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង បានបន្តរក្សាកំណត់ត្រាមិនស្គាល់ចាញ់ ក្រោយធ្វើឲ្យបឹងកេតបរាជ័យ ២-១ លើទឹកដីខ្លួនឯងជាលើកដំបូង។ វិសាខាបានឡើងឈរលេខរៀងទី២បណ្តោះអាសន្ន ខណៈណាហ្គាវើលធ្លាក់មកឈរលេខរៀងទី៣ ក្រោយចាញ់ម្ចាស់ផ្ទះអង្គរថាយហ្គឺរក្នុងលទ្ធផល ១-០។
ក្រោយបន្តចាញ់គីរីវង់សុខសែនជ័យ ២-១ នាជំនួបជើងទី២នៅលើទឹកដីខ្លួនកាលពីថ្ងៃទី២៤ ខែសីហា បានធ្វើឲ្យក្រសួងការពារជាតិក្លាយជាក្រុមទី៩ ដែលអស់ឱកាសប្រជែងដណ្តើមជើងឯកក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគរដូវកាលឆ្នាំ២០១៩។ បច្ចុប្បន្នទ័ពធ្លាក់មកឈរលេខរៀងទី៧រក្សា៣៥ពិន្ទុដោយមានគម្លាត២០ពិន្ទុពីក្រុមកំពូលតារាង ខណៈការប្រកួតនៅសល់តែ៥ប្រកួតទៀតប៉ុណ្ណោះ។
ទីតាំងលេខ៦សប្តាហ៍មុនរបស់ទ័ព ត្រូវបានជំនួសដោយក្រុមភ្នំពេញក្រោន បន្ទាប់ពីពួកគេយកឈ្នះសូលទីឡូអង្គរ ២-១ នៅលើទឹកដីខ្លួន។ ជ័យជម្នះនេះ ជួយឲ្យពួកគេអាចសងសឹកក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប ដែលធ្វើឲ្យពួកគេខកចិត្តជាមួយបរាជ័យ ១-០ ក្នុងជើងទី១នៅកីឡដ្ឋានខេត្តសៀមរាប។ ក្រុមជើងឯក៦សម័យកាលភ្នំពេញក្រោន ក៏អស់ឱកាសប្រជែងពានផងដែរ។
ទន្ទឹមនឹងទ័ពអស់ឱកាសប្រជែងយកពាន ព្រះខ័នរាជស្វាយរៀងខិតកាន់តែជិតក្នុងការគ្រងជើងឯកនៅរដូវកាលនេះ ដ្បិតពួកគេបានបានយកឈ្នះបឹងកេតនាជំនួបជើងទី២ ដើម្បីរក្សាកំណត់ត្រាមិនស្គាល់ចាញ់គិតត្រឹមសប្តាហ៍ទី២១។ ការបរាជ័យក្នុងទឹកដីជាលើកដំបូងនេះ ធ្វើឲ្យឱកាសប្រជែងដណ្តើមពានរបស់បឹងកេត កាន់តែខើចខ្លី ដ្បិតបច្ចុប្បន្នពួកគេបានធ្លាក់មកឈរលេខរៀងទី៥រក្សា៤១ពិន្ទុ ដែលមានគម្លាតពីក្រុមកំពូលតារាង១៤ពិន្ទុ។
ក្រុមអង្គរថាយហ្គឺរបានឡើងទៅឈរលេខរៀងទី៤ ដែលជាទីតាំងចាស់របស់បឹងកេត ក្រោយពួកគេទម្លាក់ណាហ្គាវើលពីទីតាំងលេខ២ឲ្យមកឈរលេខ៣ជាមួយជ័យជម្នះយ៉ាងប្រផិតប្រផើយ ១-០។ ជ័យជម្នះនេះ ជួយឲ្យពួកគេអាចជម្រះបញ្ជីចាស់ជាមួយណាហ្គាវើលដែលពួកគេបានចាញ់យ៉ាងធ្ងន់ធ្ងរ ៤-០ នៅជើងទី១នៅកីឡដ្ឋានស្តាតចាស់។
ចំណែកទីតាំងលេខ២របស់ណាហ្គាវើល ត្រូវជំនួសដោយវិសាខា បន្ទាប់ពួកគេបានយកឈ្នះម្ចាស់ផ្ទះយុវជនអាយុក្រោម១៨ឆ្នាំបាទីក្នុងលទ្ធផល ៧-០។ ជ័យជម្នះនេះ ជួយឲ្យក្រុមស្ថិតនៅលេខរៀងទី២មាន៤៧ពិន្ទុមួយនេះ អាចរក្សាគម្លាត៨ពិន្ទុក្នុងការប្រជែងយកពានជាមួយព្រះខ័នរាជស្វាយរៀង។ នេះជាបរាជ័យលើកទី២០របស់យុវជនបាទី ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដាក់ឲ្យលេង ដើម្បីដកស្រង់បទពិសោធ សម្រាប់ត្រៀមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្រាប់ការប្រកួតកាលពីអាទិត្យ ក្រៅពីអង្គរថាយហ្គឺរទម្លាក់ណាហ្គាវើលពីលេខ២មកឈរលេខ៣ជាមួយជ័យជម្នះ ១-០ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិបានយកឈ្នះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ២-១។ ចំណែកក្រុមអាស៊ីអឺរ៉ុបយកឈ្នះកំពង់ចាម ២-០៕
Tag:
Cambodian League 2019
ទ័ព
ព្រះខ័នរាជស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com