ប្លែកៗ
អន្តរជាតិ
បារាំង៖ មន្ត្រីសាលាក្រុងរត់ចេញព្រាត ក្រោយបុរសម្នាក់យកគ្រាប់បែកដែលខ្លួនប្រទះឃើញ ទៅរាយការណ៍
× បុរសម្នាក់ដែលរស់នៅក្រុង Auby ភាគខាងជើងប្រទេសបារាំង កាលពីពេលថ្មីៗកន្លងមកនេះ បានកាន់គ្រាប់បែកមួយគ្រាប់ទៅសាលាក្រុងដើម្បីរាយការណ៍បន្ទាប់ពីគាត់បានប្រទះឃើញនៅក្នុងសួនច្បាររបស់ខ្លួន។ គ្រាន់តែឃើញវត្ថុតាង មន្ត្រីសាលាក្រុងបាននាំគ្នារត់ចែកជើង ដោយមិនហ៊ានចុះកំណត់ហេតុភ្លាមៗនោះឡើយ។
«ពេលជីកដីឃើញគ្រាប់បែកនៅក្នុងសួនច្បាររបស់ខ្លួន គាត់ [ម្ចាស់ផ្ទះ] មិនថា ត្រូវធ្វើយ៉ាងណានោះឡើយ ទីបំផុតគាត់បានសម្រេចចិត្តយកគ្រាប់បែកនោះទៅកាន់សាលាក្រុង Auby ផ្ទាល់តែម្តង នាវេលាម៉ោង៣រសៀល»។ នេះបើយោងតាមការផ្សាយរបស់ La Voix du Nord។
ឃើញវត្ថុតាងភ្លាម មន្ត្រីសាលាក្រុងដែលត្រូវទទួលពាក្យបណ្តឹង នាំគ្នារត់យកព្រះអាយូស ដោយសារភ័យខ្លាចគ្រាប់បែកនោះផ្ទុះ។ ពួកគាត់បានទូរសព្ទហៅប៉ូលិស និងមន្ត្រីជំនាញ ដើម្បីទៅយកគ្រាប់បែកនោះចេញ។ ក្រោយមក មន្ត្រីផ្នែកដោះមីនប្រចាំមជ្ឈមណ្ឌល Arras ទៅដោះគន្លឹះគ្រាប់បែកចេញ។
កាសែត La Voix du Nord បានបញ្ជាក់ថា ករណីយកវត្ថុតាងដ៏ភ្ញាក់ផ្អើលបែបនេះ ទៅរាយការណ៍ បាននាំឲ្យសាលាក្រុង Auby ទាំងមូលត្រូវផ្អាកសកម្មភាពជាង១ម៉ោង រីឯមន្ត្រីទាំងអស់របស់សាលាក្រុង ក៏ត្រូវបានស្នើឲ្យទៅនៅក្រៅការិយាល័យ នាអំឡុងប្រតិបត្តិការរបស់សមត្ថកិច្ចផងដែរ។
តំណាងមន្ត្រីសាលាក្រុង បានលើកទឹកចិត្តពលរដ្ឋឲ្យរាយការណ៍ទៅសមត្ថកិច្ចនៅពេលដែលពួកគេប្រទះឃើញអាវុធជាតិផ្ទុះ ប៉ុន្តែត្រូវហៅសមត្ថកិច្ចជំនាញចុះទៅទីតាំងផ្ទាល់ មិនមែនយកវត្ថុតាងនោះ ទៅរាយការណ៍នោះឡើយ។ ជាសំណាងល្អ ករណីខាងលើ មិនបណ្តាលឲ្យមានអ្នករងគ្រោះថ្នាក់នោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com