អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នាំគ្នា​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​ការចាកចេញ​ពី​មី​យ៉ាន់​ម៉ា​ដោយ​បង្ខំ​
26, Aug 2019 , 4:11 pm        
រូបភាព
​កាលពី​ថ្ងៃទី​២៥ ខែសីហា ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​ជាង ១​ម៉ឺន​នាក់ បាន​ជួបជុំ​នៅក្នុង​ជំរុំ​ជនភៀសខ្លួន នៅ​ប្រទេស​បង់​ក្លា​ដែ​ស បន្ទាប់ពី​ពួកគេ​បាន​ចាក​ចេញពី​ប្រទេស​រយៈពេល​២​ឆ្នាំ ដោយសារតែ​ការបង្ក្រាប​យ៉ាង​ព្រៃផ្សៃ​ពី​សំណាក់​យោធា​មី​យ៉ាន់​ម៉ា​។

 
​នា​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា យ៉ាងហោចណាស់​៧៥​ម៉ឺន​នាក់ បាន​រត់​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា ដោយសារតែ​ការបង្ក្រាប​ពី​សំណាក់​យោធា​ភូមា​។ ខណៈពេល​ថ្មីៗ​នេះ មាន​កិច្ចព្រមព្រៀង​ធ្វើ​មាតុភូមិនិវត្តន៍​ចូលក្នុង​ប្រទេស​វិញ​រវាង បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ា ប៉ុន្តែ​គ្មាន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់​ណា​ហ៊ាន​ត្រលប់​មកវិញ​ឡើយ​។ ជាពិសេស​គឺ ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ទទួលស្គាល់​ខ្លួន​ថា​ជា​ប្រជាពលរដ្ឋ​។​
 
​យ៉ាងណាមិញ ជនជាតិភាគតិច​មួយ​នេះ​បាន​ជួបប្រជុំគ្នា​ប្រមាណ​ជា​១ ម៉ឺន​នាក់ ដោយ​ហៅ​ថ្ងៃទី​២៥ សីហា ថា «​ថ្ងៃ​ចងចាំ​នៃ​អំពើ​ប្រល័យពូជសាសន៍​»​។ 
​មកដល់​សព្វថ្ងៃនេះ​ប្រជាជន​ប្រហែល​១​លាន​នាក់​បានចេញ​ចេញពី​រដ្ឋ​រ៉ា​ក់​ឃី​ន ហើយ​ភាគច្រើន​គឺ​រស់នៅក្នុង​ជំរុំ​ជនភៀសខ្លួន មាន​ផ្ទុក​មនុស្ស​យ៉ាងតិចណាស់​ច្រើនជាង កន្លះ​លាន​នាក់​ក្នុងប្រទេស​ប៉ង់​ក្លា​ដែ​ស​។ ចំណែក​ប្រជាជន​ដែល​មិនបាន​ចេញពី​រដ្ឋ​រ៉ា​ក់​ឃី​ន មាន​តិចជាង​កន្លះ​លាន​នាក់​តែប៉ុណ្ណោះ ហើយ​ពួកគេ​ចោទ​រដ្ឋាភិបាល​ទីក្រុង​ណៃ​ពិដោ​ថា មានការ​បង្ក្រាប​ជា​ប្រព័ន្ធ​។ 
 
​មែនទែនទៅ រដ្ឋាភិបាល​ទីក្រុង ដា​ក្កា ក៏​ឈឺក្បាល​មិនតិច​ដែរ ដោយសារ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ព្រោះ​ការដាក់​សម្ពាធ​នយោបាយ​ក្នុងស្រុក​ទៅលើ លោកស្រី​នាយករដ្ឋមន្ត្រី Sheikh Hasina និង​ការបាត់បង់​ការអត់ធ្មត់​របស់​ប្រជាជន​បង់​ក្លា​ដែ​ស​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។​
 
​ជាការ​ពិត តាមរយៈ​អ្នកជំនាញ​ជឿថា មានតែ​ចិន​តែមួយគត់ ដែល​អាចដាក់​សម្ពាធ​អោយ​រដ្ឋាភិបាល​ទីក្រុង​ណៃ​ពិដោ​ទទួល​ជនភៀសខ្លួន​បាន បើ​មិន​នោះទេ លទ្ធិ​ឥស្លាម​ជ្រុលនិយម នឹង​ជះឥទ្ធិពល​ពេញ​ជំរុំ​ជនភៀសខ្លួន ដោយសារតែ​ភាពលំបាក និង​ភាពក្រីក្រ​ខ្លាំងពេក​។ 
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧ ក្រុម​រ៉ូ​ហ៊ីង​យ៉ា បានធ្វើការ​វាយប្រហារ​ទៅលើ​ប៉ុស្តិ៍ប៉ូលីស ដោយ​បង្កអោយមាន​មនុស្ស​ស្លាប់​៤ ឬ​៥​នាក់​។ យ៉ាងណាមិញ​សម្រាប់​វិធានការ​ឆ្លើយតប​ពី​រដ្ឋាភិបាល​វិញ​គឺ ចាប់ខ្លួន​ក្រុម​ឧទ្ទាម ដុត​ភូមិ សម្លាប់ និង​រំលោភបំពាន​លើ​ជន​ស៊ីវិល​ជាដើម​។ នេះ​បើតាម​ការស៊ើបអង្កេតរ​បស់​អង្គការសហប្រជាជាតិ បន្ទាប់ពី​មានការ​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​ពី​សំណាក់​រដ្ឋាភិបាល​ទីក្រុង​ណៃ​ពិដោ​។ 
 
​រ៉ូ​ហ៊ីង​យ៉ា ភាគច្រើន​រស់នៅក្នុងរ​ដ្ឋ​រ៉ា​ឃី​ន ហើយ​មាន​ភាសា និង​វប្បធម៌​ផ្ទាល់ខ្លួន​។ ជនជាតិ​មួយ​នេះ​រស់នៅ​មី​យ៉ាន់​ម៉ា​ជាច្រើន​ជំនាន់​មកហើយ តែ​រដ្ឋាភិបាល​មិន​ទទួលស្គាល់​ពួកគេ​ថា​ជា​ប្រជាជន​ឡើយ​៕ 

Tag:
 ​រ៉ូ​ហ៊ីង​យ៉ា​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com