កីឡាអន្តរជាតិ
អន្តរជាតិ
មេ​ក្លិប Real ធ្លាប់​ណែនាំ​លោក Blatter ឲ្យ​សុំទោស​ក្រោយ​ថា Messi ល្អ​ជាង Ronaldo
26, Aug 2019 , 10:59 pm        
រូបភាព
​ប្រធាន​ក្លិប Real Madrid លោក Florentino Perez ធ្លាប់​ទូរ​សព្ទ​ទៅ​លោក Sepp Blatter ដើម្បី​ទាមទារ​ឲ្យ​អតីត​អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA រូបនេះ សុំទោស​ចំពោះ​ការ​លើកឡើងថា Lionel Messi ជា​កីឡាករ​បាល់ទាត់​ល្អ​ជាង Cristiano Ronaldo​។​

 
​អតីត​មេ FIFA វ័យ​៨៣​ឆ្នាំ​ដែល​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​ខ្លួន​ធ្លាក់​ដុនដាប​ក្រោយ​មានរឿង​អាស្រូវ​ពុករលួយ​ជាច្រើន​ករណី​ក្នុង​វិស័យ​កីឡាបាល់ទាត់​កន្លងមក​នោះ សព្វ​ថ្ងៃជា​សមាជិក​កិត្តិយស​របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid​។ ទំនាក់ទំនង​របស់លោក Blatter ជាមួយ Perez មិន​ធ្លាប់មាន​ភាព​ផ្អែមល្ហែម​ឡើយ​។​
 
​លោក Blatter ធ្លាប់បាន​ប្រកាស​ជា​សាធារណៈ​ថា​លោក គិតថា Messi ខ្សែប្រយុទ្ធ​ឆ្នើម Barcelona ល្អ​ជាង Ronaldo ដែល​កាលនោះ​នៅ​ជា​សមាជិក​ក្រុម Real Madrid នៅឡើយ ពោល​មុនពេល​រូបគេ​ផ្លាស់​ទៅ Juventus​។​


 
«​ខ្ញុំ​បាន​ប្រាប់​សិស្សានុសិស្ស​នៅឯ​សន្និសីទ​មួយ​ក្នុង​ក្រុង Oxford ថា​ពួកគេ​ទាំងពីរ​គឺជា​កីឡាករ​បាល់ទាត់​ល្អ​ណាស់ ប៉ុន្តែ Messi លេង​ដោយ​ភាព​វ័យឆ្លាត ខណៈ Ronaldo ប្រើប្រាស់​កំលាំង​ច្រើន​»​។ ការលើកឡើង​របស់លោក Blatter បែបនេះ បានធ្វើ​ឲ្យ​លោក Perez ក្តៅស្លឹកត្រចៀក ហើយ Ronaldo ក៏​បង្ហាញ​ការមិនសប្បាយចិត្ត​ដែរ​នៅពេលនោះ​។ នេះ​បើតាម​ការផ្សាយ​របស់ The Sun​។​
 
​ប្រធាន​ក្លិប​ស្តេច​ស​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បាន​រិះគន់​បុរស​សញ្ជាតិ​ស្វ៊ី​ស​វិញ​ថា​៖«​តើ​អ្នក​អាច​និយាយ​បែបនេះ​បាន​យ៉ាងម៉េច​ទៅ ក្នុងនាម​អ្នកជា​សមាជិក​កិត្តិយស​របស់​ក្លិប Real Madrid​នោះ​?​។ ខ្ញុំ​បាន​ប្រាប់ Blatter ទៀតថា​នេះ​ជា​បញ្ហា​ផ្ទាល់ខ្លួន​របស់​កីឡាករ​តែប៉ុណ្ណោះ​ទេ​»​។​
 
Perez ពិតជា​ខឹង Blatter ខ្លាំងណាស់ ហើយ​ថែមទាំង​ប្រាប់​តាម​ទូរ​សព្ទ​ឲ្យ​បុរស​សញ្ជាតិ​ស្វ៊ី​សរូប​នេះ បំភ្លឺ​ពាក្យសម្តី​នេះ​ឡើងវិញ និង​ថែមទាំង​ទាមទារ​ឲ្យ​មានការ​សុំទោស​ចំពោះ​ការលើកឡើង​បែបនេះ​ផងដែរ​។​
 
Ronaldo ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៤​ឆ្នាំ បាន​ចាក​ចេញពី Bernabeu ទៅ​រួម​ក្រុម​យក្ស​អ៊ីតាលី កាលពីដើម​រដូវ​កាល​មុន បន្ទាប់ពី​ស្នាក់នៅ​អេ​ស្ប៉ា​ញ​៩​ឆ្នាំ​។ រដូវ​កាល​ដំបូង​អតីត​សមាជិក Man Utd ជួយ Juventus ឈ្នះ​ជើងឯក Serie A ផង​៕


 

Tag:
 Cristiano Ronaldo
  Florentino Perez
  Lionel Messi
  Sepp Blatter
© រក្សាសិទ្ធិដោយ thmeythmey.com