ជាតិ
វីដេអូ
លោក ប៊ួ បញ្ញា​៖ «​និពន្ធ​សៀវភៅ​ស្នេហា មិន​ចង់​ឲ្យ​យុវជន​ក្លាយជា​ជនរងគ្រោះ​ព្រោះ​ស្នេហ៍​»
27, Aug 2019 , 8:29 am        
រូបភាព
​ភ្នំពេញ​៖ ធ្លាប់​បរាជ័យ​លើ​រឿង​ស្នេហា លោក ប៊ួ បញ្ញា សាស្ត្រាចារ្យ​ភាសា​បារាំង នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​) បាន​តែង​និពន្ធ​សៀវភៅ​​និយាយ​ពី​ស្នេហា សម្រាប់​មនុស្ស​គ្រប់រូប ជាពិសេស​យុវជន​។ ផ្តើម​ពី​សៀវភៅ​ស្នេហា​ដែលមាន​ចំណងជើង «​ខួបកំណើត​ស្នេហ៍​» អ្នកនិពន្ធ​វ័យក្មេង ប៊ួ បញ្ញា ចែករំលែក​បទពិសោធ​ស្នេហ៍​របស់ខ្លួន ដោយ​ផ្តោតលើ​ទំនាក់ទំនង​ដៃគូ​។ សៀវភៅ​កម្រាស់​ជាង​១០០​ទំព័រ ដែល​ជួយ​អប់រំ​យុវជន​កុំ​ឲ្យ​ក្លាយជា​ជនរងគ្រោះ​ដោយសារ​ស្នេហា​នេះ ត្រូវបាន​លោក ប៊ួ បញ្ញា ជឿជាក់ថា អាចមាន​ឥទ្ធិពល​ដល់​យុវជន ដែល​ជំរុញ​យុវជន​ឲ្យ​មានការ​សម្រេចចិត្ត ហើយក៏​ជា​កល្យាណមិត្ត និង​ជាទី​ប្រឹក្សា​របស់​យុវជន​ខ្មែរ​ផងដែរ​។​


 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក ប៊ួ បញ្ញា អ្នកនិពន្ធ​សៀវភៅ​ខួបកំណើត​ស្នេហ៍​ដូចតទៅ​៖ 

 
 
«​ខួបកំណើត​ស្នេហ៍​» ជា​សៀវភៅ​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ដៃគូ​បុរស និង​ស្ត្រី ដែល​បង្រៀន​ឲ្យ​មាន​ភាពរឹងមាំ​លើ​ជីវិត​ដៃគូ​។ សៀវភៅ​មួយ​ក្បាល​នេះ ក៏បាន​រៀបរាប់​សាច់រឿង​ពិត​របស់​យុវជន ប៊ួ បញ្ញា ដែល​ធ្លាប់​ឆ្លងកាត់​រឿងរ៉ាវ​ស្នេហា​ក្នុង​វ័យ​សិក្សា​ផងដែរ​។ មាន​វ័យ​២៩​ឆ្នាំ លោក ប៊ួ បញ្ញា ជា​សាស្ត្រាចារ្យ​ភាសា​បារាំង និង​អតីត​និស្សិត​វិស្វករ ដែលមាន​ចំណង់​ចំណូលចិត្ត​តែង​និពន្ធ​តាំងពី​អាយុ​១២​ឆ្នាំ​។ ទេពកោសល្យ​តែង​និពន្ធ បាន​ស្ថិតនៅ​ជាមួយ​លោក បញ្ញា តាមរយៈ​ការចូល​ចិត្ត​អាន និង​ស្រឡាញ់​សៀវភៅ​។ ទោះបី​ស្រឡាញ់​ការ​តែង​និពន្ធ លោក បញ្ញា មិនមាន​ឱកាស​បញ្ចេញ​ស្នាដៃ​របស់ខ្លួន​ឡើយ ប៉ុន្តែ ក្នុង​ឆ្នាំ​២០១៩​នេះ លោក បាន​ផ្ដើម​បោះពុម្ព​ស្នាដៃ​ដំបូង គឺ​សៀវភៅ «​ខួបកំណើត​ស្នេហ៍​»​។​
 
បើតាម​លោក ប៊ួ បញ្ញា លក្ខណៈពិសេស​របស់​សៀ​វ​ភៅ «​ខួបកំណើត​ស្នេហ៍​» នេះ គឺ​វា​ជា​ស្នាដៃ​របស់​ខ្មែរ និង​ស្នាដៃ​របស់​យុវជន ដែល​ចែករំលែក​នូវ​រឿង​ដៃគូ​ជីវិត​។ បុរស​ដែលមាន​ស្រុកកំណើត​នៅក្នុង​ជំរំសាយធូ​ព្រំដែន​ខ្មែរ​-​ថៃ​រូបនេះ បញ្ជាក់ថា​៖ «​តាមរយៈ​សៀវភៅ​នេះ ខ្ញុំ​ចង់​បង្ហាញថា យុវជន​ខ្មែរ​ក៏មាន​សមត្ថភាព​សរសេ​រ​សៀវភៅ​ទាក់ទង​នឹង​ទំនាក់ទំនង​ដៃគូ ទំនាក់ទំនង​ជីវិត និង​ចែករំលែក​បទពិសោធន៍​ជីវិត​ដូចគ្នា​។ កន្លងមក ខ្ញុំ​ឃើញ​សៀវភៅ​មួយចំនួន  ជា​សៀវភៅ​បរទេស​ដែល​ខ្មែរ​បកប្រែ​។ ប៉ុន្តែ​ខ្ញុំ​គិតថា​សៀវភៅ​នេះ មាន​លក្ខណៈ​ប្លែក ខុសពី​សៀវភៅ​បរទេស​»៕

Tag:
 ប៊ួ បញ្ញា​
  និពន្ធ​សៀវភៅ​
  វិស្វករ​
© រក្សាសិទ្ធិដោយ thmeythmey.com