រថយន្ត
អន្តរជាតិ
អង់គ្លេស​៖ ឱបថើប ឬ​រួមភេទ​ក្នុង​រថយន្ត ប្រឈម​ការពិន័យ​ដល់​ទៅ​ជាង​៦០០០​ដុល្លារ​
26, Aug 2019 , 7:39 pm        
រូបភាព
ដោយ: ធីតា
​អ្នកបើកបរ​យានយន្ត​នៅ​ចក្រភព​អង់គ្លេស ប្រឈម​ការពិន័យ​ដ៏​ធ្ងន់ធ្ងរ ប្រសិនបើ​ពួកគេ​ត្រូវបាន​តាម​ទាន់​សកម្មភាព​ស្រើបស្រាល ពោល​គឺមាន​ទំនាក់ទំនង​ផ្លូវភេទ នៅក្នុង​រថយន្ត​របស់​ខ្លួន​។ ក្រុង Swansea ប្រទេស​វេ​លស៍ ត្រូវបាន​ចាត់ទុកជា​ក្រុង​ដែលមាន​ករណី​ឱបថើប និង​រួមភេទ​ក្នុង​រថយន្ត​ច្រើនជាងគេ​នៅ​ចក្រភព​អង់គ្លេស​ទាំងមូល​។​

 
Select Car Leasing ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ជួល​រថយន្ត​នាំមុខគេ​នៅ​ចក្រភព​អង់គ្លេស បាន​មើលឃើញ​ពី​គ្រោះថ្នាក់​កាន់តែ​ច្រើនឡើង ដោយសារ​ករណី​អ្នកបើកបរ​ប្រព្រឹត្ត​សកម្មភាព​ឱបថើប រហូតដល់​មាន​ទំនាក់ទំនង​ផ្លូវភេទ​នៅពេល​បញ្ជា​យានយន្ត​តាម​ដងផ្លូវ​។ 
 
​ទិន្នន័យ​របស់ Select Car Leasing បាន​បង្ហាញថា អ្នកបើកបរ​១១​ភាគរយ​នៅ​ក្រុង Swansea មាន​ទំនាក់ទំនង​ផ្លូវភេទ​នៅពេល​បើកបរ​។ ក្រុង​ដែលមាន​ចំណាត់ថ្នាក់​បន្ទាប់​រួមមាន Southampton, Worcester, Chelmsford និង Liverpool​។​
 
​យោងតាម Sunday Express ករណី​ប្រព្រឹត្ត​សកម្មភាព​ផ្លូវភេទ​នៅពេល​បើកបរ​លើ​ដងផ្លូវ ត្រូវបាន​ចាត់ទុក​ក​ដូចជា​ករណី​ធ្វេសប្រហែស ដោយ​ការពិន័យ​ចាប់ផ្តើម​ពី​១០០​ផោន (១២២​ដុល្លារ​អាមេរិក​) និង​ការដក​៣​ពិន្ទុ ដល់​២៥០០​ផោន (​ជាង​៣០០០​ដុល្លារ​អាមេរិក​) និង​ការដក​៩​ពិន្ទុ​។ ករណី​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ការពិន័យ​អាច​ឡើងដល់​៥០០០​ផោន (​ជាង​៦០០០​ដុល្លារ​អាមេរិក​) ហើយក៏​ប្រឈម​ជាប់ពន្ធនាគារ​ផងដែរ​។​
 
​លោក James O’Malley អ្នកជំនាញការ​ម្នា​ក់នៅ Select Car Leasing បាន​អះអាងថា សកម្មភាព​ស្នេហា​នៅ​ទី​សារ​ធារ​ណៈ មិនមែនជា​អំពើ​ខុសច្បាប់​នោះឡើយ ប៉ុន្តែ​ការប្រព្រឹត្ត​ទៅលើ​រថយន្ត ជា​ករណី​ដែល​ប្រឈម​គ្រោះថ្នាក់​យ៉ាងខ្លាំង មិន​ត្រឹមតែ​ជា​បុគ្គល​ខ្លួនឯង​នោះទេ ថែមទាំង​អ្នកដំណើរ និង​មនុស្ស​ផ្សេងទៀត​ផងដែរ​»​។​
 
​យោងតាម The Sun តួលេខ​ដែល​ក្រុមហ៊ុន​ធានារ៉ាប់រង​មួយ​បាន​សិក្សា​បង្ហាញថា ៤៩​ភាគរយ​ក្នុងចំណោម​អ្នកបើកបរ​នៅ​អង់គ្លេស ដែលមាន​ទំនាក់ទំនង​ផ្លូវភេទ​ពេល​បើកបរ មាន​អ្នកខ្លះ​ធ្វើ​សម្រេចបាន​លើសពី​ម្តង ខណៈ​៧៥​ភាគរយ បាន​ប្រព្រឹត្ត​ទង្វើ​បែបនេះ នៅពេលដែល​ពួកគេ​ចត​រថយន្ត​នៅ​ទីសាធារណៈ ឬ​ចំណត​ឯកជន​។​
 
​កត្តា​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ អ្នកប្រព្រឹត្ត​ករណី​ឱបថើប និង​ឈានទៅដល់​រួមភេទ​ក្នុង​រថយន្ត ភាគច្រើន​មាន​អាយុ​ចន្លោះ​ពី​៣៥​ឆ្នាំ ដល់​៤៤​ឆ្នាំ​។​
 
​ប៉ូលិស​អង់គ្លេស បាន​ព្រមាន​ផងដែរ​ថា កម្រិត​ពិន័យ​អាច​ឈានដល់​ការកំណត់​កាន់តែ​ខ្ពស់ ប្រសិនបើ​ទង្វើ​របស់​អ្នកបើកបរ បង្ករ​គ្រោះថ្នាក់​ដល់​អ្នកដទៃ ដោយ​ករណីខ្លះ​អាច​ឈានទៅ​ជាប់ពន្ធនាគា​រ​ចាប់ពី​២​ឆ្នាំ​ឡើងទៅ​៕

© រក្សាសិទ្ធិដោយ thmeythmey.com