លោក Vince McMahon អតីតកីឡាករចំបាប់អាមេរិក ដែលសព្វថ្ងៃជានាយកប្រតិបត្តិស្ថាប័នកីឡាកាស WWE ដ៏ល្បីល្បាញ ក្លាយជាអត្តពលិកមានទ្រព្យច្រើនបំផុតលើលោកចំនួន ២,២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៩ ដែលកើនជិត១ពាន់លានដុល្លារកាលពីឆ្នាំមុន។ លោក Michael Jordan អតីតកីឡាករបាល់បោះអាមេរិកបានធ្លាក់ទៅចំណាត់ថ្នាក់ទី៣វិញ ក្រោយឈរនៅលេខរៀងទី១កាលពីឆ្នាំមុន ដ្បិតកើនប្រាក់ចំណូលតែ១០០លានដុល្លារ។ Cristiano Ronaldo នៅរក្សារចំណាត់ថ្នាក់ទី១៣របស់គេដូចឆ្នាំមុនដែរ។
មិនមែនជារឿងសាមញ្ញឡើយ ដើម្បីក្លាយជាអត្តពលិកកំពូលក្នុងវិស័យកីឡាផ្សេងៗនៅជុំវិញពិភពលោក។ មានកីឡាករជាច្រើនបានប្រកបអាជីពជាលក្ខណៈក្រុម និងឯកត្តជនទៅតាមប្រភេទកីឡាដែលពួកគេស្រលាញ់ និងចូលចិត្ត ដែលក្នុងនោះ កីឡាករខ្លះបានវិវត្តន៍ខ្លួនគេផ្ទាល់ឲ្យមានឈ្មោះល្បីរន្ទឺជុំវិញសកលលោកបើទោះពួកគេបានចូលនិវត្តន៍ទៅហើយក្តី។
ភាពល្បីល្បាញរបស់អត្តពលិកទាំងនោះ បាននាំឲ្យពួកគេក្លាយជាសេដ្ឋីមានទ្រព្យសម្បត្តិស្ដុកស្ដម្ភតាមរយៈការបង្ហាញខ្លួនក្នុងកីឡា ស្របពេលមានអ្នកតាមដាន និងគាំទ្រទស្សនារាប់រយលានអ្នកនៅជុំវិញពិភពលោក។
បើយោងតាមតួរលេខដែលបានចងក្រងដោយគេហទំព័រ Celebrity Net Worth បានសិក្សាស្រាវជ្រាវចុងក្រោយបំផុតសម្រាប់ឆ្នាំ២០១៩នេះ ដើម្បីបង្ហាញពីអត្តពលិក និងអ្នកល្បីឈ្មោះក្នុងវិស័យកីឡាចំនួន២០រូប ដែលមានទ្រព្យច្រើនជាងគេបំផុតលើលោកប្រចាំឆ្នាំ២០១៩នេះ។
ខាងក្រោមនេះជាបុគ្គលកំពូលៗដែលមានទ្រព្យសម្បត្តិច្រើនជាងគេទាំង២០រូប៖
១- Vince McMahon វ័យ៧៤ឆ្នាំ មានទ្រព្យសម្បត្តិ ២,២ ពាន់លានដុល្លារអាមេរិក។ ជាអតីតកីឡាករចំបាប់របស់អាមេរិក បច្ចុប្បន្នលោកជាប្រធាន និងជានាយកប្រតិបត្តិស្ថាប័នកីឡាកាស WWE ដ៏ល្បីល្បាញ ដោយបន្តតំណែងពីឪពុកលោកតាំងពីឆ្នាំ១៩៨០មក។
២- Ion Tiriac មានទ្រព្យសម្បត្តិ ២ ពាន់លានដុល្លារអាមេរិក។ បុរសសញ្ជាតិរូម៉ានី វ័យ៨០ឆ្នាំ ដែលជាអតីតកីឡាករវាយកូនបាល់ និង hockey រូបនេះបច្ចុប្បន្នជាម្ចាស់កម្មវិធីវាយកូនបាល់ Mutua Madrid Open Tennis Tournament។
៣- Michael Jordan មានទ្រព្យសម្បត្តិ ១,៧ ពាន់លានដុល្លារអាមេរិក។ អតីតកីឡាករបាល់បោះដ៏មានប្រជាប្រិយភាពរបស់អាមេរិក វ័យ៥៦រូបនេះ ធ្លាប់បង្ហាញខ្លួនក្នុងក្របខណ្ឌ NBA រហូត១៥រដូវកាលជាមួយក្លិប Chicago Bulls និង Washington Wizards។
៤- Michael Schumacher មានទ្រព្យសម្បត្តិ ៨០០ លានដុល្លារអាមេរិក។ Schumacher សញ្ចាតិអាល្លឺម៉ង់ វ័យ៥០ឆ្នាំ ជាអតីតម្ចាស់ជើងឯកប្រណាំងរថយន្តលំដាប់ពិភពលោក Formaula One ៧សម័យកាល។
៥- Tiger Woods បច្ចុប្បន្នមានទ្រព្យ ៨០០លានដុល្លារអាមេរិក។ កីឡាករវាយកូនហ្គោលសញ្ជាតិអាមេរិក វ័យ៤៣ឆ្នាំរូបនេះ ជាមហាសេដ្ឋីកីឡា ដែលឈ្នះពានរង្វាន់ច្រើនបំផុត រួមមាន US Open Championship ១៥ដង British Open ១១លើក និង Masters ១២លើក ចាប់តាំងពីរូបគេផ្តើមអាជីពនេះក្នុងឆ្នាំ១៩៩៦មក។
៦- Magic Johnson មានទ្រព្យសម្បត្តិ ៦០០ លានដុល្លារអាមេរិក។ Johnson វ័យ៦០ឆ្នាំ ជាអតីតកីឡាករបាល់បោះសញ្ជាតិអាមេរិក ធ្លាប់លេងឲ្យក្លិប Los Angeles Lakers នៃលីគ NBA ១៣សម័យកាល។ បច្ចុប្បន្នលោកជានាយកក្លិប LA Lakers នេះតែម្តង។
៧- Roger Staubach មានទ្រព្យសម្បត្តិ ៦០០ លានដុល្លារអាមេរិក។ Staubach ជាអតីតកីឡាករបាល់ទាត់បែបអាមេរិករបស់ក្រុម Dallas Cowboys រយៈពេល១១រដូវកាល។ បុរសញ្ចាតិអាមេរិករូបនេះ បច្ចុប្បន្នមានវ័យ៧៧ឆ្នាំ។
៨- Floyd Mayweather មានប្រាក់សរុប ៥៦៥ លានដុល្លារអាមេរិក។ កំពូលអ្នកប្រដាល់មិនដែលចាញ់របស់អាមេរិក វ័យ៤២ឆ្នាំ រូបនេះ រកប្រាក់បានច្រើនសន្ធឹកក្នុងការបង្ហាញខ្លួនលើសង្វៀង២ប្រកួតចុងក្រោយជាមួយអ្នកប្រដាល់ហ្វីលីពីន Manny Paquiao និងអ្នកវាយក្រុងទ្រុង UFC កីឡាករ Conor McGregor។
៩- Kobe Bryant មានទ្រព្យសម្បត្តិ ៥០០ លានដុល្លារអាមេរិក។ Bryant ជាអតីតកីឡាករបាល់បោះរបស់ក្លិប LA Lakers នៃក្របខណ្ឌ NBA រហូតដល់២០រដូវកាល។ បុរសសញ្ញជាតិអាមេរិកវ័យ៤១ឆ្នាំរូបនេះ កំពុងកាន់កំណត់ត្រាកីឡាករដែលប្រកបអាជីពក្នុងក្លិបតែមួយយូរបំផុតផងដែរ។
១០- Eddie Jordan មានទ្រព្យសម្បត្តិ ៤៧៥ លានដុល្លារអាមេរិក។ Jordan ជាអតីតកីឡាករប្រណាំងរថយន្ត និងជាអតីតម្ចាស់ក្រុម Motorsport ផងដែរ។ បុរសសញ្ជាតិសាធារណរដ្ឋអៀរឡង់ វ័យ៧១ឆ្នាំរូបនេះជាស្ថាបនិកនៃទីលានប្រណាំងរថយន្ត Formula One ក្នុងប្រទេសហ្សកដានី Jordan Grand Prix។
១១- David Beckham វ័យ៤៤ឆ្នាំ មានប្រាក់ ៤៥០លានដុល្លារអាមេរិក។ អតីតកីឡាករបាល់ទាត់របស់ Manchester United និងជម្រើសជាតិអង់គ្លេសរូបនេះ ភាគច្រើនរកចំណូលបានសន្ធឹកពីវិស័យជំនួញផ្ទាល់ខ្លួនរបស់គេ។
១២- Roger Federer មានទ្រព្យ ៤៥០លានដុល្លារអាមេរិក។ កីឡាករវាយកូនបាល់សញ្ជាតិស្វីស វ័យ៣៨ឆ្នាំរូបនេះ ទើបតែឈ្នះពាន Australian Open ជាលើកទី ៦ និងជាពាន Grand Slam លើកទី ២០ របស់គេដែរ។ Federe ក៏ទើបទទួលបានពានរង្វាន់អត្តពលិកឆ្នើមប្រចាំឆ្នាំ២០១៧ Laureus World Sportsman of the Year ផងដែរ។
១៣- Cristiano Ronaldo មានទ្រព្យសម្បត្តិ ៤៥០លានដុល្លារអាមេរិក។ ខ្សែប្រយុទ្ធរបស់ Juventus និងជម្រើសជាតិព័រទុយហ្គាល់រូបនេះ ជាអត្តពលិកដែលមានប្រជាប្រិយភាពបំផុតលើលោក ដោយមានអ្នកគាំទ្រតាមបណ្តាញសង្គមជាង ២០០លាននាក់។ អតីតសមាជិកក្រុម Manchester United វ័យ ៣៤ឆ្នាំរូបនេះ រកចំណូលបានពីវិស័យកីឡាបាល់ទាត់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងជំនួញរបស់គេ។
១៤- LeBron James មានប្រាក់ ៤០០ លានដុល្លារអាមេរិក។ កីឡាករបាល់បោះរបស់ក្រុម Cleveland Cavaliers នៃក្របខណ្ឌកំពូល NBA សញ្ជាតិអាមេរិក វ័យ៣៤ឆ្នាំរូបនេះមានឈ្មោះល្បីល្បាញនៅអាមេរិក ហើយរូបគេរកប្រាក់ចំណូលបានពីស័យនេះ និងការផ្សាយពាណិជ្ជឲ្យក្រុមហ៊ុនសម្ភារកីឡាមួយចំនួនដែលមានម៉ាកល្បីៗនៅជុំវិញពិភពលោក។
១៥- Michael Buffer មានទ្រព្យសម្បត្តិ ៤០០លានដុល្លារអាមេរិក។ Buffer ជាពិធីករការប្រកួតប្រដាល់ និងចំបាប់អាជីពដ៏ល្បាញល្បីនៅលើសង្វៀន។ បុរសញ្ជាតិអាមេរិក វ័យ៧៥ឆ្នាំនេះ មានស្ទាយនិយាយប្រចាំត្រកូតផ្ទាល់របស់លោកតែម្តងគឺ « Let’s get ready to rumble!»។
១៦- Shaquille O’Neal វ័យ៤៧ឆ្នាំ មានទ្រព្យសម្បត្តិ ៤០០លានដុល្លារអាមេរិក។ O’Neal ជាអតីតកីឡាករបាល់បោះ ដែលលេងក្នុងក្របខណ្ឌ NBA ១៩ រដូវកាល។
១៧- Lionel Messi មានប្រាក់ ៤០០លានដុល្លារអាមេរិក។ ខ្សែប្រយុទ្ធក្រុម Barcelona និងជម្រើសជាតិអាហ្សង់ទីន វ័យ៣២ឆ្នាំរូបនេះ រកប្រាក់បានច្រើនពីកីឡាបាល់ទាត់ដោយទទួលបានប្រាក់បៀវត្សខ្ពស់ជាងគេក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញ។
១៨- Bud Selig មានទ្រព្យសម្បត្តិ ៤០០ លានដុល្លារអាមេរិក។ Selig ជានាយកប្រតិបត្តិនៃលីគកីឡាបេស្បលកំពូលអាមេរិក Major League Baseball។ បុរសញ្ជាតិអាមេរិក វ័យ៨៥ឆ្នាំ ក៏ជាស្ថាបនិកក្លិបកីឡាបេស្បល Milwaukee Brewers ផងដែរ។
១៩- Phil Mickelson មានប្រាក់សរុប ៤០០លានដុល្លារអាមេរិក។ កីឡាករវាយកូនហ្គោលលំដាប់ពិភពលោកសញ្ជាតិអាមេរិកវ័យ ៤៩ឆ្នាំរូបនេះ ធ្លាប់ឈ្នះពានក្នុងក្របខណ្ឌ PGA Tour រហូតដល់ទៅ ៤៣លើក ព្រមទាំងពាន Major Championships ៥ផងដែរ។
២០- Vinnie Johnson វ័យ៦២ឆ្នាំ មានប្រាក់សរុប ៤០០លានដុល្លារអាមេរិក។ ជាអតីតកីឡាករបាល់បោះអាជីពរបស់អាមេរិក ដែលធ្លាប់ឈ្នះពានលំដាប់ពិភពលោក world championships ២សម័យ កាលលេងឲ្យក្រុម Detroit Pistons នៃក្របខណ្ឌ NBA៕