រថយន្ត
អន្តរជាតិ
រថយន្ត​អគ្គិសនី​មាន​ប្រវត្តិ​ជាង​២០០​ឆ្នាំ​មកហើយ ហេតុអ្វី​គេ​នៅ​មិនសូវ​ប្រើ​វា​?
13, Apr 2020 , 8:39 pm        
រូបភាព
លោក Thomas Edison ឈរក្បែររថយន្តអគ្គិសនី ក្នុងឆ្នាំ១៩១៣
លោក Thomas Edison ឈរក្បែររថយន្តអគ្គិសនី ក្នុងឆ្នាំ១៩១៣
​បើ​មនុស្ស​ទូទៅ​និយាយ​អំពី​រថយន្ត​អគ្គិសនី គេ​តែង​នឹកឃើញ​វា​ជាមួយនឹង​ភាពទំនើប អ្វីមួយ​ដែល​ថ្មី និង​អ្វីមួយ​ដែល​ទើប​នឹងមាន​ឡើង​។ ប៉ុន្តែ​រថយន្ត​អគ្គិសនី មិនមែនជា​ការបង្កើត​ឡើង​ថ្មី​សន្លាង​នោះទេ ពោល​គឺថា បច្ចេកវិទ្យា​នេះ​មាន​អាយុកាល​ជាង​មួយ​សតវត្សរ៍​មកហើយ​។ ចុះ​មូល​ហេតុអ្វី​បានជា​នៅលើ​ផ្លូវ​នានា​ជុំវិញ​ពិភពលោក យើង​នៅតែ​ឃើញ​មាន​វត្តមាន​នៃ​រថយន្ត​ប្រើប្រាស់​សាំង ច្រើនជាង​រថយន្ត​ប្រើប្រាស់​អគ្គិសនី​បែបនេះ​? ហើយ​ចុះ​នរណា​ជា​អ្នកមាន​គំនិត​បង្កើត​វា​ឡើង​?

 
​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ energy.gov គេ​ពិបាក​ក្នុងការ​ចាត់ទុក​នរណា​ម្នាក់​ឲ្យ​ច្បាស់លាស់​ថា​ជា​មនុស្ស​ដំបូង ដែល​បាន​ផលិត​រថយន្ត​អគ្គិសនី​ណាស់​។ ហេតុផល​គឺថា វា​គឺជា​ការ​ឲ្យ​គំនិត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។ ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ លក្ខណៈ​បច្ចេកវិទ្យា​នៃ​រថយន្ត​អគ្គិសនី នេះ​កាន់​តែមាន​ភាពទំនើប​ទៅៗ​។ តែ​គេ​អាច​ដឹងបាន​ថា រឿងរ៉ាវ​ទាំងអស់នេះ​ចាប់កំណើត​ឡើង​ចាប់តាំងពី​ឆ្នាំ​១៨០០​មកម្ល៉េះ​។  
 
​គំនិត និង​ការអនុវត្ត​ធម្មតា​មួយចំនួន បាន​កើតឡើង​នៅក្នុង​ប្រទេស​ហូ​ឡង់ ហុង​គ្រី និង​សហរដ្ឋអាមេរិក ជាមួយនឹង​ការសាកល្បង​ភ្ជាប់​ថ្ម​អគ្គីសនី​ជាមួយនឹង​យានយន្ត​។ ប៉ុន្តែ​នៅក្រោយ​ឆ្នាំ​១៨៥០​នោះ​ទៅវិញ​ទេ ដែល​យានយន្ត​អគ្គិសនី​មួយចំនួន ត្រូវបាន​គេ​បង្កើតឡើង​ដើម្បី​ប្រើប្រាស់​បាន​សម្រាប់​សកម្ម​ភាព​ប្រចាំថ្ងៃ​។ 
 
​ក្នុង​ឆ្នាំ​១៨៩០ លោក William Morrison ដែលជា​គីមី​វិទូ​ម្នាក់​រស់នៅក្នុង​រដ្ឋ Iowa សហរដ្ឋអាមេរិក បានចាប់ផ្តើម​ផលិត​រថយន្ត​អគ្គិសនី​ដែល​អាច​ដឹក​មនុ​ស្សបាន​ដល់​ទៅ​៦​នាក់ ជាមួយនឹង​ល្បឿន​ជាង​២២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ នេះ​អាចជា​ពេល​មួយ​ដែល​បង្ក​ឲ្យ​មាន​សន្ទុះ​ខ្លាំង​ក្នុងការ​រិះរក​គំនិត​ផលិត​បច្ចេកវិទ្យា​ប្រភេទ​នេះ​បន្ថែមទៀត​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ជំនួញ​នៃ​ការបង្កើត​រថយន្ត​អគ្គីសនី ជាពិសេស​នៅ​សហរដ្ឋអាមេរិក​មានកា​រ​កើនឡើង​យ៉ាង​រហ័ស​។ 
 
​តែ​មុននឹង​ចូលទៅ​កាន់ការ​យល់ដឹង​អំពី​រថយន្ត​អគ្គីសនី លោកអ្នក​ក៏​គួរ​យល់ដឹង​អំពី​ប្រភេទ​នៃ​ការធ្វើដំណើរ​មួយចំនួន​ផ្សេងៗ​ផងដែរ​។ នៅពេល​មួយ​ដែល​លោកខាងលិច​បានទទួល​ការអភិវឌ្ឍ​ខ្ពស់ មនុស្ស​ភាគច្រើន​បាន​ផ្លាស់ប្តូរ​ការធ្វើដំណើរ​ដោយ​សត្វ​សេះ ជាមួយនឹង​យានជំនិះ​ផ្សេងៗ​ដូចជា​រថភ្លើង​ដើរ​ដោយ​សម្ពាធ​ចំហាយ​ទឹក យានជំនិះ​ប្រើ​សាំង និង​យានជំនិះ​ប្រើ​អគ្គីសនី​នេះឯង​។ 
 
​ម៉ាស៊ីន​ដើរ​ដោយ​ចំហាយ​ទឹកជា​បច្ចេកវិទ្យា​មួយ​ដែល​គេ​ទុកចិត្ត ដោយសារ​វា​ផលិត​ថាមពល​បាន​ច្រើន និង​ដំណើរការ​ក្នុង​កាលៈទេសៈ​ច្រើន​ប្រភេទ ដូចជា​ក្នុង​រោងចក្រ ឬ​នាវា​ជាដើម​។ តែ​វា​មាន​ភាពលំបាក​ក្នុងការ​ប្រើប្រាស់​ជា​លក្ខណៈ​បុគ្គល ដោយសារតែ​វា​ត្រូវការ​ការចាប់ផ្តើម​ចំហេះ​យូរ និង​វា​ត្រូវការ​ទឹក​ក្នុង​បរិមាណ​ច្រើន​ក្នុង​ការបង្កើត​ចំហាយ​។ 
 
​នៅពេលដែល​រថយន្ត​អគ្គីសនី​ត្រូវបាន​គេ​បញ្ចូល​ទៅក្នុង​ទីផ្សារ  រថយន្ត​សាំង​ក៏មាន​វត្តមាន​ផងដែរ​។​ទោះបី​រថយន្ត​សាំង​មើលទៅ​មាន​ភាព​ទំនង​មែន​ក្តី វា​មិនមែន​ងាយស្រួល​ក្នុងការ​ជិះ​នោះទេ ជាមួយនឹង​ការដោះដូរ​លេខ​ដ៏​ស្មុគស្មាញ សំឡេង​ដ៏​លាន់​រំពង និង​ផ្សែង​ដែលមាន​ក្លិន​អាក្រក់ ហើយ​វា​ត្រូវការ​បញ្ឆេះ​ដោយ​ប្រើប្រាស់​ដុំរ​ង្វិ​ល ដែល​ប្រើប្រាស់​កម្លាំង​ដៃ​ខ្លាំង​។ ហេតុនេះហើយ ទើប​ក្នុងពេលនោះ មនុស្ស​ជាច្រើន ជាពិសេស​ស្ត្រី ជ្រើសរើស​រថយន្ត​អគ្គីសនី​ក្នុងការ​ធ្វើដំណើរ​ជិតៗ ព្រោះ​វា​ជា​ដំណោះស្រាយ​ទៅកាន់​រថយន្ត​ប្រើ​សាំង​។ 
 
​លោក Ferdinand Porsche ដែលជា​អ្នកបង្កើត​ក្រុមហ៊ុន​រថយន្ត Porsche ក៏បាន​យក​ប្រធានបទ​មួយ​នេះ​មក​អនុវត្ត​ផងដែរ​ជាមួយនឹង​រថយន្ត​អគ្គីសនី P1 របស់លោក​នៅក្នុង​ឆ្នាំ​១៨៩៨​។ ក្នុងពេល​ជាមួយគ្នា​នោះ លោក​ក៏បាន​អនុវត្ត​បច្ចេកវិទ្យា Hybrid ទៅលើ​រថយន្ត​ផងដែរ​។ លោក Thomas Edison ដែលជា​អ្នកវិទ្យាសាស្ត្រ​ដ៏​ល្បីល្បាញ​ម្នាក់ និង​ជា​មិត្ត​របស់លោក Henry Ford (​អ្នកបង្កើត​ក្រុមហ៊ុន Ford) បាន​សហការគ្នា​ក្នុងការ​ផលិត​ថ្ម​អគ្គីសនី​ល្អ​មួយ ដើម្បី​ភ្ជាប់​ជាមួយនឹង​រថយន្ត Ford នានា​របស់លោក​។ 
 
​តាមពិតទៅ​វា​គឺជា​រថយន្ត Ford Model T ទៅវិញ​ទេ​ដែលជា​អ្នកជំរុញ​ការប្រើប្រាស់​រថយន្ត​សាំង​ឲ្យ​មាន​ប្រជាប្រិយភាព​កាន់តែខ្លាំង​។ Model T ជា​រថយន្ត​ដែលមាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ មានតម្លៃ​សមរម្យ និង​ត្រូវបាន​គេ​ផលិត​ក្នុង​បរិមាណ​មួយ​ទូលំទូលាយ​។ ជាមួយនឹង​ការបង្កើត​ឧបករណ៍​បញ្ឆេះ​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ រថយន្ត​សាំង​ត្រូវបាន​គេ​ប្រើ​កាន់តែ​ច្រើនឡើងៗ​។ 
 
​ទោះបីជា​លោក Henry Ford បាន​បង្កើត​រថយន្ត​អគ្គិសនី​ក៏ពិតមែន តែ​វា​នៅមាន​តម្លៃ​ថ្លៃ​ខ្លាំង​ជា​រថយន្ត​សាំង ថែមទាំង​មិនអាច​ធ្វើដំណើរ​បាន​ឆ្ងាយ​។ ក្នុង​ឆ្នាំ​១៩១២ រថយន្ត​ប្រើ​សាំង​មានតម្លៃ​ប្រមាណ​៦៥០​ដុល្លារ ចំណែកឯ​រថយន្ត​អគ្គិសនី​មានតម្លៃ​រហូត​ទៅលើ​ជាង​១៧០០​ដុល្លារ​។ ជាមួយនឹង​ប្រព័ន្ធ​គមនាគមន៍​កាន់តែ​ប្រសើរ ការ​ចម្រាញ់​ប្រេងសាំង​កាន់​តែមាន​ភាពងាយស្រួល រថយន្ត​សាំង​ជា​ជម្រើស​ចម្បង​នៃ​ការធ្វើដំណើរ​។ មក​ត្រឹម​ឆ្នាំ​១៩៣៥ គេ​លែង​សូវ​ឃើញ​វត្តមាន​នៃ​រថយន្ត​អគ្គីសនី​ទៀតហើយ​។ 
 
​ក្រោយមក នៅក្នុង​អំឡុង​ឆ្នាំ​១៩៧០ ជាមួយនឹង​ការយល់ដឹង​កាន់តែច្បាស់​អំពី​បរិយាកាស និង​
​បរិស្ថាន ហើយក៏​ជាមួយនឹង​បញ្ហា​ប្រេង​នៃ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​១៩៧៣ រដ្ឋាភិបាល និង​ក្រុមហ៊ុន​សំខាន់ៗ​មួយចំនួន ដូចជា NASA និង General Motors បានចាប់ផ្តើម​គិតគូរ​អំពី​រថយន្ត​អគ្គីសនី​ឡើងវិញ​។ តែ​រថយន្ត​អគ្គីសនី​នៅតែ​មិនអាច​ប្រកួត​ជាមួយនឹង​រថយន្ត​សាំង​បាន​ក្នុងពេល​មួយ​នេះ ដោយសារ​ល្បឿន​យឺត និង​ចម្ងាយ​ដែលជា​អាច​រត់​បាន​ខ្លី ជាពិសេស​ជាមួយនឹង​បច្ចេកវិទ្យា​ថ្ម​អគ្គីសនី​នៅមានកម្រិត​។ 
 
​មតិ​មួយចំនួន​បាន​លើកឡើងថា មាន​កាតាលីករ​ពី​រដែ​ល​បាន​ជំរុញ​មុខមាត់​រថយន្ត​អគ្គិសនី​ឡើងវិញ​។ ទីមួយ​នោះគេ Toyota Prius ដែល​ប្រើប្រាស់​ប្រព័ន្ធ Hybird ជាមួយនឹង​ការផលិត​ក្នុង​បរិមាណ​ធំៗ នឹង​ងាយស្រួល​ប្រើប្រាស់​។ ទី​ពីរ​គឺ ការបង្កើត​ក្រុមហ៊ុន Tesla Motors ដែលជា​ក្រុមហ៊ុន​អាមេរិក​មួយ​មាន​តួរ​នាទី​ក្នុង​ការផលិត​រថយន្ត​អគ្គិសនី​សុទ្ធ ដែល​អាចធ្វើ​ដំណើរ​បាន​រហូតដល់​ទៅជា​ង​៣០០​គីឡូម៉ែត្រ​នៅពេល​ថ្ម​ពេញ​។ 
 
​ជាមួយនឹង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ថ្ម​អគ្គិសនី និង​ស្ថានីយ​សាក​ថ្ម​នៅតាម​ប្រទេស​អភិវឌ្ឍ​មួយចំនួន និង​តម្លៃ​កាន់តែ​ធូរ​ថ្លៃ ការប្រើប្រាស់​រថយន្ត​អគ្គិសនី​ត្រូវបាន​គេ​ដឹងថា មាន​សន្ទុះ​កើនឡើង​បន្តិច​ម្តងៗ​ជា​រៀងរាល់ឆ្នាំ​។ គេ​ក៏បាន​រំពឹង​ដែរ​ថា ក្នុងពេល​អនាគត ជាមួយនឹង​ការបំពុល​បរិស្ថាន និង​ភាព​ខ្សត់ខ្សោយ​នៃ​បរិមាណ​ប្រេង​ដែល​ផែនដី​នឹងមាន រថយន្ត​អគ្គីសនី​នឹង​អាចមាន​ភាពល្បីល្បាញ​ឡើងវិញ ដូចជា​ក្នុងពេល​ជាង​១០០​មុន​ឆ្នាំមុន​ដែរ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com