កីឡាជាតិ
ជាតិ
កំណត់ត្រា​ថ្មី​! ប៉ាល់ ជីវ័ន ឈ្នះ​មេដាយមាស​តេ​ក្វាន់​ដូ ITF ពិភពលោក​នៅ​ប៊ុលហ្គារី​
27, Aug 2019 , 12:24 am        
រូបភាព
ដោយ:
កីឡាករ ប៉ាល់ ជីវ័ន បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់ នា​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​ពិភពលោក World Taekwon-do ITF Championship នៅ​ក្រុង Plodiv​ប្រទេស​ប៊ុលហ្គារី​។ នេះ​ជា​មេដាយ​ដំបូង​របស់​កម្ពុជា ខណៈ​កម្ពុជា​នៅសល់​ការប្រកួត​ជាច្រើន​ទៀត​។​



​ទីបំផុត​ការរំពឹងទុក​របស់លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ដែល​ចង់ឃើញ​ទង់ជាតិ​និង​ភ្លេងជាតិ​កម្ពុជា​បង្ហូត និង​បន្លឺឡើង​ក្នុង​ព្រឹត្តិការណ៍ World ITF Taekwon-do Championship នៅ​ទីក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី​បានកើត​ឡើង​ដូច​ការរំពឹងទុក​។ កើតឡើង បន្ទាប់ពី​កីឡាករ ប៉ាល់ ជីវ័ន ដណ្តើមបាន​មេដាយមាស​លើ​វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់ នៅ​ថ្ងៃទី​២៦ ខែសីហា​។

​មេដាយមាស​ដំបូង​របស់​កីឡាករ ប៉ាល់ ជីវ័ន បាន​ជួយ​លើកមុខ​មាត់​និង​កិត្តិយស​ជាតិ ពិសេស​សាង​កំណត់ត្រា​ថ្មី​ជូន​វិស័យ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​។ លើសពីនេះ វា​ជួយ​បំបែក​កំណត់ត្រា​ចាស់​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក​នេះ​ទៀតផង​។ គួររំលឹកថា កម្ពុជា​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍​នេះ​៦​លើក​រួចមកហើយ តែ​ពុំ​ធ្លាប់​ដណ្តើមបាន​មេដាយមាស​នោះទេ ពោលគឺ​បានត្រឹមតែ​មេដាយប្រាក់ និង​សំរឹទ្ធ​ប៉ុណ្ណោះ​៕

​សម្រាប់​ការចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ប៊ុលហ្គារី ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស (Khmer Beverages) ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC)​។    
  


Tag:
 តេ​ក្វាន់​ដូ ITF
  ប៉ាល់ ជីវ័ន​
  World Taekwon-do ITF Championship
© រក្សាសិទ្ធិដោយ thmeythmey.com