អន្តរជាតិ
លោក ម៉ាក្រុង ពន្លះប្រធានាធិបតីប្រេស៊ីលដែលមើលងាយភរិយាខ្លួន ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង
× ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី២៦ ខែសីហា បានប្រើពាក្យសម្ដីធ្ងន់ៗដាក់ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ (Jair Bolsonaro) ដែលប្រើពាក្យសម្ដីមិនសមរម្យដាក់ភរិយារបស់ខ្លួន គឺជំទាវទីមួយ Brigitte ។ នាសន្និសីទសារព័ត៌មានបិទបញ្ចប់ជំនួបមហាអំណាចសេដ្ឋកិច្ចទាំង៧ លោក ម៉ាក្រុង ដែលទំនងក្ដៅស្លឹកត្រចៀកខ្លាំង បានបង្ហាញជំហរចង់ឃើញប្រេស៊ីលមានប្រធានាធិបតីថ្មីទៀតផង។
បន្ថែមពីលើខ្វែងគំនិតគ្នាលើរឿងភ្លើងឆេះព្រៃអាម៉ាហ្សូន មេដឹកនាំបារាំង និងប្រេស៊ីល បានងាកមកទាស់គ្នារឿងផ្ទាល់ខ្លួនថែមទៀត។ ជារឿងដែលប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង មិនខឹងមិនបាន ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ បានឌឺដងរូបសម្រស់លោកស្រី Brigitte Macron ដែលមានវ័យចំណាស់ជាងស្វាមីរបស់ខ្លួនដល់ទៅ២៨ឆ្នាំ។
ពីដំបូង នៅថ្ងៃទី២៥ ខែសីហា អ្នកគាំទ្រលោក បុលសូណារ៉ូ ម្នាក់ បានបង្ហោះរូបថតលោកស្រី Brigitte លើបណ្ដាញសង្គម Facebook ហើយប្រដូចទៅនឹងលោកស្រី Michelle Bolsonaro ភរិយាលោក បុលសូណារ៉ូ ដែលមានរូបរាងស្អាតជាង ដោយអមប្រយោគមួយឃ្លាថា៖ «ឥឡូវអ្នកដឹងហើយ ហេតុបានជាលោក ម៉ាក្រុង បំពារបំពានលោក បុលសូណារ៉ូ ។ លោក បុលសូណារ៉ូ ក៏ចូលទៅតបក្នុង Comment ដោយសំដៅលោក ម៉ាក្រុង ថា៖ «កុំបំបាក់មុខបុរសនេះ ហាហា។»
សម្ដីមួយម៉ាត់នេះ ធ្វើឲ្យលោក ម៉ាក្រុង ឆេះដុំយ៉ាងខ្លាំង។ ប្រធានាធិបតីបារាំងរូបនេះ ចាត់ទុកសម្ដីបែបមាក់ងាយភរិយារបស់លោក ជារឿងគួរឲ្យសោកស្ដាយសម្រាប់លោក បុលសូណារ៉ូ ផ្ទាល់ និងប្រជាជនប្រេស៊ីលទាំងមូលផងដែរ។ នាសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែសីហា លោក ម៉ាក្រុង អះអាងថា ស្ត្រីប្រេស៊ីល ក៏នឹងមានអារម្មណ៍អៀនខ្មាស់ដែរនៅពេលអានប្រយោគខាងលើរបស់ប្រធានាធិបតីខ្លួន ហើយប្រជាជនប្រេស៊ីលឯទៀត ក៏មានអារម្មណ៍បែបនោះដែរ។
«ហើយដូចដែលខ្ញុំចង់មានអារម្មណ៍មិត្តភាព និងការគោរពចំពោះប្រជាជនប្រេស៊ីលនោះ ខ្ញុំសង្ឃឹមថា ពួកគេនឹងមានប្រធានាធិបតីដែលមានអាកប្បកិរិយាល្អនៅពេលឆាប់ៗ។» នេះជាសម្ដីដែលពោរពេញដោយការមិនពេញចិត្តរបស់លោក ម៉ាក្រុង ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ដែលមានវ័យ៣៧ឆ្នាំប៉ុណ្ណោះ។
រឿងផ្ទាល់ខ្លួនរបស់លោក ម៉ាក្រុង ក្លាយជាកម្មវត្ថុនៃការមិនត្រូវគ្នារវាងបារាំង និងប្រេស៊ីលដែលកំពុងមើលមុខគ្នាមិនត្រូវដោយសារភ្លើងឆេះពៃអាម៉ាហ្សូន។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏កាន់តែយ៉ាប់យ៉ឺន នៅពេលលោក បុលសូណារ៉ូ បដិសេធជំនួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian នៅដើមខែនេះ។ បើតាមលោក ម៉ាក្រុង លោក បុលសូណារ៉ូ អះអាងថា មានជំនួបបន្ទាន់ ទើបមិនបានជួបលោក Le Drian តែធាតុពិតទៅកាត់សក់ទៅវិញ៕
Tag:
បារាំង
ប្រេស៊ីល
អេម៉ានុយអែល ម៉ាក្រុង
ជែ បុលសូណារ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com