អន្តរជាតិ
លោក Trump ថា​ការ​ជួបចរចា​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani ជា​ឱកាសល្អ​
27, Aug 2019 , 1:39 pm        
រូបភាព
នេះ​ជា​រូបភាព​បញ្ចូល​គ្នា​រវាង​រូប​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani។
នេះ​ជា​រូបភាព​បញ្ចូល​គ្នា​រវាង​រូប​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani។
ដោយ: VOA
​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​ចន្ទ​បាន​ថ្លែងថា «​នេះ​គឺ​ពិតជា​ឱកាសល្អ ដែល​លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ដើម្បី​ព្យាយាម​ចរចា​គ្នា​អំពី​កិច្ចព្រមព្រៀង​ថ្មី​មួយ ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់ ជំនួស​ឲ្យ​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥ ដែល​លោក​បាន​ដក​សហរដ្ឋអាមេរិក​ចេញ​កាលពី​ឆ្នាំមុន​។ លោក Trump បាន​ថ្លែង​នៅឯ​ពិធី​បញ្ចប់​សន្និសីទ​កំពូល G-7 រវាង​មេដឹកនាំ​ពិភពលោក​ដែល​បាន​រៀបចំឡើង​នៅក្នុង​ប្រទេស​បារាំង ដោយ​លោក​បាន​ថ្លែងថា «​ខ្ញុំ​គិតថា​អ៊ីរ៉ង់​នឹង​ចង់​ចូលរួម​កិច្ចប្រជុំ​»​។​

 
​មេដឹកនាំ​សហរដ្ឋអាមេរិក​រូបនេះ​បាន​ថ្លែង​បន្ថែមទៀតថា​ទណ្ឌកម្មសេដ្ឋកិច្ច​ដែល​លោក​បានដាក់​លើ​ប្រទេស​អ៊ីរ៉ង់​មួយឆ្នាំ​មុន «​ពិតជា​ប៉ះពាល់​ខ្លាំង​ដល់​ពួកគេ ដោយសារ​លោក​បានកំណត់​ខ្លាំង​ដាក់​លើ​វិស័យ​នាំ​ប្រេង​ទៅកាន់​អន្តរជាតិ​របស់​អ៊ីរ៉ង់​»​។ ក៏ប៉ុន្តែ​លោក Trump បាន​ទូ​ស្សន៍​ទាយ​ថា រាល់​កិច្ចប្រជុំ​ទាំងអស់​ជាមួយ​លោក Rouhani ត្រូវតែ​និយាយ​អំពី​លក្ខខណ្ឌ​ដែលថា អ៊ីរ៉ង់​នឹងមិន​បង្កើត​ភាព​តានតឹង​ដល់​បរទេស​តាមរយៈ​ការ​ជឿនលឿន​ផ្នែក​យោធា និង​ការវាយប្រហារ​នានា​។ លោក​បាន​បញ្ជាក់ទៀតថា «​កិច្ចព្រមព្រៀង​ថ្មី​នឹង​ទប់ស្កាត់​មិន​ឲ្យ​អ៊ីរ៉ង់​អាច​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​ម៉ី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​របស់ខ្លួន​បានទេ​»​។​
 
​លោក Trump បានបញ្ជាក់​បន្ថែមទៀត​ថា «​ខ្ញុំ​មាន​អារម្មណ៍ល្អ​ជាមួយនឹង​អ៊ីរ៉ង់​»​។ ប៉ុន្តែ​លោក​ថា វា​ហាក់ដូចជា​ឆាប់​ពេក​ហើយ​ក្នុង​ការជួប​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក Javad Zarif កាលពី​ចុង​សប្តាហ៍ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅក្នុង​សន្និសីទ​កំពូល​G7 ដែល​រៀបចំឡើង​នៅ​ទីក្រុង Biarritz ប្រទេស​បារាំង​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron​។​
 
​មេដឹកនាំ​បារាំង​បាន​ព្យាយាម​ធ្វើជា​ឈ្មួញកណ្តាល​ក្នុង​ការចរចា​សន្តិភាព​រវាង​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់​។ លោក Macron បាន​ថ្លែង​នៅឯ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយនឹង​លោក Trump ថា​លោក​បាន​សន្ទនា​ជាមួយនឹង​លោក Rouhani និង​បាន​និយាយទៀតថា មេ​ដឹក​អ៊ីរ៉ង់​មាន​ឆន្ទៈ​ក្នុងការ​ជួបចរចា​ជាមួយ​លោក Trump ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com