អន្តរជាតិ
ក្រុមប្រទេស G7 សន្យាផ្តល់៣០លានដុល្លារដោះស្រាយភ្លើងឆេះព្រៃអាម៉ាហ្សូន ទិដ្ឋភាពភ្លើងឆេះព្រៃអាម៉ាហ្សូន ត្រង់ភាគពាយព្យនៃ ប្រេស៊ីល ២៤ សីហា ២០១៩ (AFP)
× ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឬហៅថា G7 នឹងផ្តល់លុយ៣០លានដុល្លារ ដើម្បីយកទៅប្រើប្រាស់ដោះស្រាយភ្លើងឆេះព្រៃអាម៉ាហ្សូន នៅប្រេស៊ីល។ ទន្ទឹមនឹងនេះ គម្រោងជួយសង្គ្រោះព្រៃអាម៉ាហ្សូន នឹងត្រូវបង្កើតឡើងនៅខែកញ្ញាខាងមុខ។
ដោយចាត់ទុកស្ថានភាពភ្លើងឆេះព្រៃអាម៉ាហ្សូនជា «វិបត្តិអន្តរជាតិ» លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានលើកយកបញ្ហាជាប្រធានក្តៅនៃកិច្ចប្រជុំកំពូល G7 ។ បារាំង ជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១៩នេះ។ ហៅថា G7 វាមានសមាជិកចំនួន៧ប្រទេស ដូចជា ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អុីតាលី ជប៉ុន និងសហរដ្ឋអាមេរិក។
មេដឹកនាំនៃបណ្តាប្រទេសទាំង៧នេះ បានជួបជុំគ្នាក្នុងក្រុងជាប់ឆ្នេរសមុទ្រ Biarritz ដើម្បីជជែកពិភាក្សាលើបញ្ហាប្រឈមបរិស្ថានជាច្រើន ដែលពិភពលោកកំពុងជួបប្រទះ ។ ក្នុងនោះ ពួកគេ ផ្តោតសំខាន់ខ្លាំងលើតួលេខកំណត់ត្រានៃភ្លើងឆេះ ដែលកំពុងបំផ្លិចបំផ្លាញព្រៃអាម៉ាហ្សូន។ តួយ៉ាង ចាប់តាំងពីដើមឆ្នាំ២០១៩មក ក្នុងប្រទេសប្រេស៊ីល មានករណីភ្លើងឆេះព្រៃជិត ៨ម៉ឺនទីតាំង ហើយពាក់កណ្តាលកើតឡើងក្នុងព្រៃអាម៉ាហ្សូន។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក ម៉ាក្រុង លើកឡើងថា៖«យើង ត្រូវឆ្លើយតបនឹងបញ្ហាភ្លើងឆេះក្នុងព្រៃអាម៉ាហ្សូន»។ ដោយបន្ថែមពីលោក ម៉ាក្រុង ប្រធានាធិបតីស៊ីលី លោក Sabatian Pinera ដែលជាភ្ញៀវនៃកិច្ចប្រជុំកំពូល G7 អះអាងថា បណ្តាប្រទេសនៅជាប់ព្រៃអាម៉ាហ្សូន ត្រូវការយន្តហោះទម្លាក់ទឹកជាច្រើនគ្រឿងដើម្បីពន្លត់ភ្លើងឆេះព្រៃ ។
ទន្ទឹមនឹងតម្រូវការជំនួយបែបនេះ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសថា ប្រទេសលោក នឹងបញ្ជូនយន្តហោះទម្លាក់ទឹកមួយគ្រឿង ដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃអាម៉ាហ្សូន និងធ្វើវិភាគទាន ១៥លានដុល្លារ ក្នុងកិច្ចប្រឹងប្រែងនេះផងដែរ។ ចំណែក នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានសន្យាផ្តល់លុយ ១២លានដុល្លារសម្រាប់គម្រោងជួយសង្គ្រោះព្រៃអាម៉ាហ្សូន។
ក្រុមប្រទេស G7 ក៏បានយល់ស្របគាំទ្រគម្រោងជួយសង្គ្រោះព្រៃអាម៉ាហ្សូន ដោយគ្រោងនឹងដាក់បង្ហាញជាសាធារណៈនៅខែកញ្ញា។ ប្រាក់ទូរទស្សន៍បារាំង France 2 លោក ម៉ាក្រុង និយាយថា លោកសង្ឃឹមថា លុយយ៉ាងតិច ៣០លានដុល្លារ អាចប្រមូលបានសម្រាប់គម្រោងអភិរក្សព្រៃអាម៉ាហ្សូននេះ។
នាយកប្រតិបត្តិអង្គការ Greenpeace លោក Jennifer Morgan បង្ហាញការស្វាគមន៍ចំពោះជំនួយរបស់ក្រុមប្រទេស G7 ប៉ុន្តែលើកឡើងថា ក្រុមប្រទេសនេះ ក៏ត្រូវបញ្ឈប់បង្កើនការបំផ្លិចបំផ្លាញព្រៃអាម៉ាហ្សូនបន្តទៀត តាមរយៈការនាំចូលផលិតផលកសិកម្ម ដែលពាក់ព័ន្ធនឹងការកាប់ទន្ទ្រានព្រៃ និងការធ្វើឲ្យខូចគុណភាពដី៕
Tag:
ប្រេស៊ីល
អាម៉ាហ្សូន
G7
© រក្សាសិទ្ធិដោយ thmeythmey.com