កីឡាអន្តរជាតិ
អន្តរជាតិ
Lukaku ស៊ុត​១​គ្រាប់ ជួយ Inter ឈ្នះ Leece ៤-០ ក្នុងជំនួប​បើកឆាក Serie A
27, Aug 2019 , 12:02 pm        
រូបភាព
Romelu Lukaku រក​គ្រាប់​បាល់​ដំបូង​ឲ្យ​ក្រុម​ថ្មី Inter Milan ក្នុង​ជ័យជម្នះ ៤-០ លើ​ក្រុម Lecce ក្នុងការ​ប្រកួត​បើកឆាក​រដូវ​កាល​ថ្មី​នៃ​ក្របខណ្ឌ​អ៊ីតាលី Serie A នៅ​យប់​ថ្ងៃទី​២៦ ខែសីហា​។ ជ័យជម្នះ​នេះ បាន​នាំ Inter ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​សម្រាប់​សប្តាហ៍​ទី​១​ផងដែរ​។​


 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក ដែល​អ្នកចាត់ការ​ទូទៅ​លោក Antonio Conte ទិញ​ពី Manchester United ក្នុងតម្លៃ​កំណត់ត្រា​ក្លិប ៩០,៣៨​លាន​ដុល្លារ​អាមេរិក ជា​អ្នកសម្រេច​ទី​គ្រាប់​បាល់​ទី​៣​នៅ​នាទី​៦០ ឲ្យ Inter បន្ទាប់ពី Marcelo Brozovic និង Stefano Sensi ស៊ុត​ម្នាក់​១​គ្រាប់​រួចមក​។ Antonio Candreva បានបញ្ចប់​ទី​គ្រាប់​ទី​៤​នៅ​នាទី​៨៤ ដើម្បី​ជួយ Inter ឈ្នះ Lecce ៤-០ ។​
​មុន​ទៅកាន់​ទឹកដី​អ៊ីតាលី Lukaku រកបាន​៤២​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​ឲ្យ​បិសាច​ក្រហម​ចំនួន ៩៦​ប្រកួត ក្រោយ​ចាក​ចេញពី Everton ក្នុងតម្លៃ​៩១,៦០​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៧​។​
 
​លោក Conte ដែល​ឡើងទៅ​ជំនួស​តំណែង​លោក Luciano Spalletti ក្នុងនាម​អ្នកចាត់ការ​ថ្មី Inter បាន​ព្យាយាម​ទិញយក​អតីត​ខ្សែប្រយុទ្ធ Chelsea វ័យ​២៧​ឆ្នាំ​រូបនេះ ដោយ​ចាត់ទុក​រូបគេ​ជា Key Player សម្រាប់​ក្រុម​ក្នុងការ​ប្រជែង​ពាន​រដូវ​កាល​នេះ ទាំង Serie A និង Champions League​។​
 
​ដោយសារ​រកបាន​ដល់​ទៅ​៤​គ្រាប់ Inter ត្រូវ​ឡើងទៅ​ឈរលើ​គេ​ក្នុង​តារាង Serie A បណ្តោះអាសន្ន​សម្រាប់​សប្តាហ៍​ទី​១ តាម​ពីក្រោយ​ដោយ​ក្រុម Top 4 Lazio, Napoli និង Atalanta៕
 


Tag:
 Serie A
  Inter Milan
  Romelu Lukaku
© រក្សាសិទ្ធិដោយ thmeythmey.com