ជាតិ
២៥ខេត្ត/រាជធានី
«​មាន់​និង​ទា​» កែប្រែ​ជីវភាព​គ្រួសារ​កសិករ គង់ ស៊ីថា ដែល​បរាជ័យ​ក្នុង​មុខរបរ​ចិញ្ចឹម​ជ្រូក​
27, Aug 2019 , 2:15 pm        
រូបភាព
ដោយ:
​កំពង់ចាម​៖ ក្រោយ​ទទួលបាន​ជោគជ័យ​ជាមួយនឹង​មុខរបរ​ចិញ្ចឹម​ជ្រូក​ក្នុង​រយៈពេល​ខ្លី កសិករ គង់ ស៊ីថា ចាប់ផ្តើម​ខាតដើម ដោយ​ឈ្មួញកណ្តាល​បាន​ទម្លាក់​តម្លៃ​ជ្រូក រហូត​ធ្វើ​ឲ្យ​អ្នកស្រី​បង្ខំចិត្ត​ប្តូរ​មុខរបរ​ថ្មី​។ មុខរបរ​ថ្មី​ដែល​អ្នកស្រី ស៊ីថា ចាប់ផ្តើម​នោះ​គឺ​ការចិញ្ចឹម​មាន់​និង​ទា​។ រយៈពេល​ជិត​២​ឆ្នាំ​នៃ​មុខរបរ​ថ្មី ធ្វើ​ឲ្យ​កសិករ​រស់នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម រូបនេះ អាច​រកចំណូលបាន​ជា​មធ្យម​៥០០​ដុល្លារ​ក្នុង​មួយខែ​។ ចំណូល​នេះ​បាន​ផ្លាស់ប្តូរ​ជីវភាព​គ្រួសារ​កសិករ​វ័យ​៥៤​ឆ្នាំ គង់ ស៊ីថា ដែល​បរាជ័យ​ក្នុង​មុខរបរ​ចិញ្ចឹម​ជ្រូក​កាលពី​២​ឆ្នាំមុន​។

 
 
​ជ្រូក​ធ្លាក់​ថ្លៃ ដោយ​ឈ្មួញកណ្តាល​ទម្លាក់​តម្លៃ បានធ្វើ​ឲ្យ​កសិករ គង់ ស៊ីថា មិនអាច​ទប់​នឹង​ចំណាយ​ថ្លៃដើម​បាន ហើយ​អ្នកស្រី​បានសម្រេច​ចិត្ត​ងាក​មក​ចាប់​មុខរបរ​ចិញ្ចឹម​មាន់​និង​ទា នៅ​ឆ្នាំ​២០១៧​។ ការចាប់ផ្តើម​មុខរបរ​ថ្មី អ្នកស្រី ស៊ីថា យក​បទពិសោធ​ពី​ការចិញ្ចឹម​ជ្រូក​បាន​ជោគជ័យ​ក្នុង​រយៈពេល​ខ្លី ដែល​បាន​រៀន​ពី​អ្នកជំនាញ​មកពី​អាមេរិក​និង​ប្រទេស​ថៃ ម​កប​ម្លែ​ង​ជាការ​ចិញ្ចឹម​មាន់​និង​ទា វិញ​។ បើទោះជា បច្ចេកទេស​មួយចំនួន​ខុសគ្នា​ទៅនឹង​ការចិញ្ចឹម​មាន់​និង​ទា ក៏ពិតមែន តែ​មិនមែនជា​ឧបសគ្គ​ធំដុំ​សម្រាប់​អ្នកស្រី​ឡើយ​។ អ្វីដែល​សំខាន់​គឺ ការចិញ្ចឹម​មាន់​និង​ទា នេះ មាន​តម្រូវការ​ទីផ្សារ​ច្រើន ហើយ​មាន​ម៉ូ​យមក​ទិញ​ដល់ផ្ទះ​របស់​អ្នកស្រី ស៊ីថា មិន​ដូច​កាលដែល​អ្នកស្រី​នៅ​ចិញ្ចឹម​ជ្រូក​នោះទេ​។​
 
«​មាន់​និង​ទា ងាយស្រួល​លក់​ជាង​! ហៅ​គេ​មក​ថ្មើរ​ណា គេ​មក​ថ្មើរ​ហ្នឹង​»​។ នេះ​ជាការ​បញ្ជាក់​របស់​កសិក​រ​គង់ ស៊ីថា ដែល​រស់នៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ស្ត្រី​វ័យ​៥៤​ឆ្នាំ​រូបនេះ បាន​បន្ថែមថា អ្នកស្រី​អាច​រក​ចំណូល​ជា​មធ្យម​បាន​ជាង ៥០០​ដុល្លារ​ពី​ការចិញ្ចឹម​មាន់​និង​ទា ដោយមាន់​មួយ​គីឡូក្រាម អាច​លក់បាន​១៨,០០០​រៀល​។ សម្រាប់​ទា​វិញ អាច​លក់បាន​តម្លៃ​ត្រឹមតែ​១២,០០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម​។ តម្លៃ​នេះ មិន​រាប់បញ្ចូល​ជាមួយ​មាន់ពូជ ដែល​អ្នកស្រី​អាច​លក់បាន​តម្លៃ​ពី ១០​ម៉ឺន​ទៅ ២០​ម៉ឺន​រៀល​ក្នុង​មួយ​ក្បាល អាស្រ័យ​ទៅតាម​ពូជ​របស់​វា​នោះទេ​។​
 
​ជា​កសិករ​ចិញ្ចឹម​មាន់​និង​ទា​ជោគជ័យ​ម្នាក់ អ្នកស្រី គង់ ស៊ីថា បាន​ភ្ញាស់​កូន​មាន់​ដោយ​ខ្លួនឯង និង​ត្រូវ​ថែទាំ ឲ្យ​ចំណី​រហូតដល់​ឈានដល់​សប្តាហ៍​ទី​៥ ទើប​អ្នកស្រី​លែង​ឲ្យ​វា​ដើរ​ស៊ី​ចំណី​តាមបែប​ធម្មជាតិ​នៅ​ជុំវិញ​ផ្ទះ​។ ទន្ទឹម​នឹងមាន​មេមាន់​ប្រមាណ​១០០​ក្បាល សម្រាប់​ភ្ញាស់​យក​កូន អ្នកស្រី​ក៏មាន​ចិញ្ចឹម​ទា​រាប់សិប​ក្បាល​ផងដែរ​។ យ៉ាងណា ចំពោះ​ការចិញ្ចឹម​ទា អ្នកស្រី ស៊ីថា បាន​ឲ្យ​ដឹងថា មាន​ភាពងាយស្រួល​ជាង​ចិញ្ចឹម​មាន់ ព្រោះ​មិនចាំបាច់​ចាក់​វ៉ាក់សាំង​ដូច​មាន់​ឡើយ​។​
 
 
​មុខរបរ​ថ្មី​ដែល​ប្តូរ​ពី​ការចិញ្ចឹម​ជ្រូក មក​ចិញ្ចឹម​មាន់​និង​ទា វិញ​នោះ បាន​កែប្រែ​ជីវភាព​គ្រួសារ​របស់​អ្នកស្រី គង់ ស៊ីថា ឲ្យ​មាន​ភាពប្រសើរ​ឡើងវិញ​។ មាន​វ័យ​៥៤​ឆ្នាំ អ្នកស្រី​បាន​ត្រៀមខ្លួន​សម្រាប់​ផ្ទេរ​មុខរបរ​មួយ​នេះ​ឲ្យ​កូន​របស់​អ្នកស្រី​រួចហើយ ហើយ​អ្នកស្រី​ក៏បាន​បើក​ចិត្ត​ទូលាយ​សម្រាប់​អ្នកភូមិ និង​កសិករ​ដទៃទៀត ដែលមាន​ចំណាប់អារម្មណ៍​ចង់​ចិញ្ចឹម​មាន់​និង​ទា អាចមក​រៀន​ជាមួយ​អ្នកស្រី គង់ ស៊ីថា បាន​៕

Tag:
 ចិញ្ចឹម​
  មាន់​
  ទា​
  កសិកម្ម​
  កំពង់ចាម​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com