ជាតិ
​​​ន​យោ​បាយ​ជាតិ​
សេចក្តីព្រាងច្បាប់​ស្តីពី​សំណង់ នឹងត្រូវ​លើកយក​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​
27, Aug 2019 , 2:35 pm        
រូបភាព
សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកន្លងមក
សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកន្លងមក
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែសីហា ដើម្បី​ពិភាក្សា និង​ឆ្លង​របៀបវារៈ​១​ចំនួន​។ បើតាម​អ្នកនាំពាក្យ​រដ្ឋាភិបាល សេចក្តីព្រាងច្បាប់​ស្តីពី​សំណង់ គឺជា​របៀបវារៈ​ទី​១​ក្នុង​កិច្ចប្រជុំ​។​

 
​លោក ផៃ ស៊ី​ផាន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល បានបង្ហាញ​ពី​របៀបវារៈ​ដែល​ត្រូវ​ពិភាក្សា និង​ឆ្លង នា​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​សេចក្តីព្រាងច្បាប់​ស្តីពី​សំណង់ គឺជា​របៀបវារៈ​ទីមួយ​នៃ​កិច្ចប្រជុំ ហើយ​របៀបវារៈ​ជា​បន្តបន្ទាប់​ទៀត​រួមមាន សេចក្តីព្រាង​ឯកសារ​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល​២០២០-២០២២ សេចក្តីព្រាង​របាយការណ៍​ស្វ័យ​វាយតម្លៃ​ស្តីពី​ការត្រួត​ពិនិត្យឡើងវិញ​នៃ​ការអនុវត្ត​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ (​អ៊ុនតាក់​, UNCAC) ជុំ​ទី​២​នៅ​កម្ពុជា​។​
 
​ជាមួយគ្នានេះ បញ្ហា​ផ្សេងៗ ក៏មាន​នៅក្នុង​របៀបវារៈ​ផងដែរ ដូចជា​សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ពិធីសារ​ទី​២ ស្តីពី​ការកំណត់​ច្រកទ្វា​ព្រំដែន​ឆ្លងកាត់​នៃ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​អាស៊ាន​ស្តីពី​កិច្ចសម្របសម្រួល​ការដឹក​ជញ្ជូន​ឆ្លងកាត់​ទំនិញ​៕
 

Tag:
 គណៈរដ្ឋមន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com