អន្តរជាតិ
មេដឹកនាំនៃក្រុមប្រទេសG7 ចេញសេចក្តីថ្លែងការណ៍រួមគាំទ្រស្វ័យភាពហុងកុង មេដឹកនាំនៃក្រុមប្រទេស G7 ជួបជុំគ្នានៅបារាំង កាលពីថ្ងៃទី ២៥ សីហា ឆ្នាំ២០១៩ (AFP_
×
ដោយ៖ ងួន សុភាវត្តី
មេដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ G7 ដែលបានជួបជុំគ្នាក្នុងប្រទេសបារាំង នៅថ្ងៃទី២៦ ខែសីហា បានសម្រេចគាំទ្រស្វ័យភាពរបស់ហុងកុងដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៨៤ រវាងអង់គ្លេសនិងចិន។ បន្ថែមពីការគាំទ្រ ពួកគេ ក៏អំពាវនាវឲ្យមានការថមថយកម្តៅនៅទីក្រុងហុងកុងនេះផងដែរ។
សេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយជាភាសាបារាំង ក្រោយបញ្ចប់កិច្ចជំនួបរបស់មេដឹកនាំ G7 បានបញ្ជាក់ថា៖ «ប្រទេស G7 បញ្ជាក់ជាថ្មីនូវអាទិភាព និងសារសំខាន់របស់កិច្ចព្រមព្រៀងឆ្នាំ១៩៨៤រវាងអង់គ្លេសនិងចិន និងស្នើឲ្យចៀសវាងការប្រើអំពើហិង្សានៅហុងកុង»។
ប្រាប់ទីភ្នាកងារព័ត៌មាន AFP នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានបញ្ជាក់ឲ្យដឹងថា មេដឹកនាំនៃចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក សុទ្ធតែលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងស្ថានភាពនៅហុងកុង។ លោកក៏បានបន្តថា៖ «ប្រទេស G7 ចង់គាំទ្រហុងកុងដែលមានស្ថិរភាពនិងវិបុលភាព ហើយពួកយើងនៅតែបន្តគាំទ្រការគ្រប់គ្រង ប្រទេសមួយ ប្រព័ន្ធពីរ ដដែល»។
គួររំលឹកឡើងវិញថា ការផ្ទុះការតវ៉ានិងការធ្វើបាតុកម្មនៅហុងកុងនេះមានរយៈពេលជាង២ខែមកហើយ។ ការផ្ទុះការតវ៉ានេះកើតឡើងក្រោយមានការធ្វើសេចក្តីព្រាងច្បាប់បត្យាប័នដែលនឹងអនុញ្ញាតឱ្យឧក្រិដ្ឋជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ចិនដីគោកដើម្បីជំនុំជម្រះ។
នៅថ្ងៃទី២៦ ខែសីហា ក្រុមប៉ូលីសបានប្រើកាណុងបាញ់ទឹក ដែលត្រូវបានគេចាត់ទុកថាជាការបង្កហិង្សាយ៉ាងខ្លាំងដល់ក្រុមបាតុករ។ ក្នុងការប៉ះទង្គិចនេះ ប៉ូលិស២១នាក់បានរងរបួស ខណៈអ្នកបាតុករជាច្រើននាក់បានរងរបួស និងខ្លះត្រូវបានចាប់ខ្លួនរួមទាំងក្មេងអាយុ១២ឆ្នាំ ពីបទប្រមូលផ្តុំដោយខុសច្បាប់ ការកាន់កាប់អាវុធនិងបំពានប៉ូលីស៕
© រក្សាសិទ្ធិដោយ thmeythmey.com