កីឡាអន្តរជាតិ
អន្តរជាតិ
សេដ្ឋី​អង់គ្លេស ទិញ​ក្លិប​នៅ​លី​គ​កំពូល​បារាំង Nice តម្លៃ ១០៨​លា​នដុ​ល្លារ​
27, Aug 2019 , 7:19 pm        
រូបភាព
​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស​លោក Sir Jim Ratcliffe បាន​ទិញ​ក្លិប​កីឡាបាល់ទាត់ Nice នៃ​លី​គ​កំពូល​បារាំង Ligue 1 ក្នុងតម្លៃ ១០០​លាន​អឺរ៉ូ​ន (១០៨,៤១​លាន​ដុល្លារ​អាមេរិក​)​។ កិច្ចព្រមព្រៀង​ទិញដូរ​នេះ​បានបញ្ចប់​តាំងពី​សប្តាហ៍​មុន​ម្លេះ បន្ទាប់ពី​អនុម័ត​ដោយ​អាជ្ញាធរ​រៀបចំ​ការប្រកួត​លី​គ​នៅ​បារាំង (FCA)​។​


 
​ជា​ម្ចាស់​ក្រុមហ៊ុន Ineos ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ឡុង​ដ៏ លោក Ratcliffe ជា​មហាសេដ្ឋី​លំដាប់​ទី​៣​នៅ​ចក្រភព​អង់គ្លេស​ដែលមាន​ប្រាក់​សរុប​រហូតដល់​១០,៨​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ​។​
 
Nice ដែលមាន​អ្នកចាត់ការ​ទូទៅ​អតីត​ខ្សែបម្រើ​ក្រុម Arsenal និង​ក្រុម​ជម្រើសជាតិ​បារាំង​លោក Patrick Vieira នឹង​ក្លាយជា​ផ្នែក​មួយ​របស់ «Ineos Football»​។ ក្រុមហ៊ុន Ineos ក៏​ជា​ម្ចាស់​ក្លិប Lausanne នៃ​លី​គ​កីឡាបាល់ទាត់​លំដាប់​ទី​២​របស់​ស្វ៊ី​ស​ផងដែរ​តាំងពី​ឆ្នាំ​២០១៧​។​
 
​ក្រៅពីនោះ ម្ចាស់​ក្រុមហ៊ុន​គីមី​ដ៏​ធំ​នៅ​អង់គ្លេស វ័យ​៦៦​ឆ្នាំ​រូបនេះ ក៏បាន​ទិញ​ក្រុម​ប្រណាំង​កង់ Team Sky កាលពី​ខែឧសភា​កន្លងទៅ និង​ថែមទាំង​វិនិយោគ​ប្រាក់​ចំនួន​១៣៤​លាន​ដុល្លារ​ផង ក្នុង​កម្មវិធី​ប្រណាំង​ទូកក្តោង America's Cup កាលពី​ឆ្នាំមុន​។​
 
Nice ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៤ ក្នុង​តារាង Ligue 1 រដូវ​កាល​នេះ ក្រោយ​ឆ្លងកាត់​ការប្រកួត​២​លើក​ឈ្នះ​ទាំងពីរ​លើក​មាន​៦​ពិន្ទុ​ពេញ​។ នៅ​រាត្រី​ថ្ងៃទី​២៧ ខែសីហា​នេះ ពួកគេ​នឹង​បើកទ្វារ​ក​ស្វាគមន៍ Marseille សម្រាប់​ជំនួប​សប្តាហ៍​ទី​៣៕
 

Tag:
 Nice
  Sir Jim Ratcliffe
© រក្សាសិទ្ធិដោយ thmeythmey.com